កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងដៃគូកំពុងដំណើរការ ប្រកបដោយផ្លែផ្កា និងប្រកបដោយស្មារតី មិត្តភាព


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការអបអរសាទរ ចំពោះជំនួបរវាង រដ្ឋមន្ត្រីការពារប្រទេសចិន និងសហរដ្ឋអាមេរិក ដោយសម្ដេចតេជោ បានមានប្រសាសន៍ថា ទីក្រុងសៀមរាប ជាកន្លែងដ៏ស័ក្តិសម សម្រាប់ជំនួបនេះ។

នេះបើយោងតាមការឲ្យដឹង របស់ឯកឧត្តម អៀងសុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ បន្ទាប់ពីជំនួបរបស់សម្ដេច អគ្គមហា សេនាបតីតេជោហ៊ុនសែន ជាមួយរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងដៃគូ ដឹកនាំដោយឯកឧត្តម ដាតុ ប៉ាឌកាសឺ វិហាជី អាវ៉ាងហាល់ប៊ី ប៊ិនហាជី ម៉ូតយូសូហ្វ រដ្ឋមន្ត្រីទទួលបន្ទុក ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ព្រុយណេ ដារ៉ូសាឡាម នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ នៅសណ្ឋាគារ សុខាសៀមរាប។

ឯកឧត្តម យូសូហ្វ ជំនួសមុខឲ្យរដ្ឋមន្ត្រី ការពារជាតិអាស៊ាន និងដៃគូបានគោរព សម្ដែងការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តម យូសូហ្វ ក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុង រៀបចំដឹកនាំ កិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន និងដៃគូបានយ៉ាងល្អ ហើយកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងដៃគូកំពុងដំណើរការ ប្រកបដោយផ្លែផ្កា និងប្រកបដោយស្មារតី មិត្តភាព ក្នុងទិសដៅ ពង្រឹងសន្តិភាព ស្ថេរភាព ដោយឈរលើ មជ្ឈភាពអាស៊ាន។
ជាការឆ្លើយត សម្ដេចតេជោ បានស្វាគមន៍ រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងដៃគូ ដែលបានអញ្ជើញមក កាន់ទីក្រុងសៀមរាប រួមគ្នាដើម្បី ចូលរួមដោះស្រាយ បញ្ហាសន្តិសុខ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំកំពូល និងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រធានកិច្ចប្រជុំកំពូល ពាក់ព័ន្ធកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន របស់កម្ពុជាផងដែរ។ សម្ដេចតេជោ ក៏បានអបអរសាទរ ចំពោះជំនួបរវាង រដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ហើយក៏មានប្រសាសន៍ផងដែរថា ទីក្រុងសៀមរាប ជាកន្លែងដ៏ស័ក្តិសម សម្រាប់ជំនួបនេះ៕
ប្រភព AKP