ដូចម្តេច​ដែល​ហៅថា មន្ត្រីរាជការ​❓

💡​មន្ត្រីរាជការ នៅ​កម្ពុជា​ចាប់​កើតមាន នៅ​ឆ្នាំ​១៨៩៧ ដោយ​រាជការ​អាណានិគម​ន​បារាំង​ជា​អ្នកបង្កើត​។​
💡​មន្ត្រីរាជការ​គឺជា​បុគ្គល​ដែល​ត្រូវ​ជ្រើសរើស​ដោយ​ប្រឡងប្រជែង​ឱ្យ​ចូល​ក្នុង​ក្រប​ខណ្ឌ ដើម្បី​បម្រើ​សេវា​សាធារណៈ ដែល​ធ្វើការ​ទៅ​តាម​បញ្ជា​របស់​ថ្នាក់លើ និង​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​វិធាន​ទាំងឡាយ ដែល​មានចែង​ក្នុង​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី មន្ត្រីរាជការ​ស៊ីវិល​។​
​ត្រូវ​ចាំ​ថា តំណែង​រដ្ឋមន្ត្រី រហូតមក​ដល់​ថ្នាក់​ការិយាល័យ មិនមែន​ជា​តំណែង​កេរ្តិ៍មរតក​ទេ មន្ត្រី​នយោបាយ អាច​ជា​ជំនួយការ ទីប្រឹក្សា រដ្ឋលេខាធិការ រដ្ឋមន្ត្រី តំណាងរាស្ត្រ​ហើយ អ្នក​ទាំង នោះ អាច​មាន​ក្របខ័ណ្ឌ ឬ​គ្មាន​ក្របខ័ណ្ឌ​។ តែ​អ្នក​មាន​ក្របខ័ណ្ឌ​អាច​ឡើង​កាំ និង​ឋានៈ​បាន​។​
💡​សព្វថ្ងៃ មន្ត្រីរាជការ ត្រូវ​ចែក​ជា ៣​ប្រភេទ ៖
– មន្ត្រី​ប្រភេទ (​ក​) តាំង​ស៊ប់ តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​
– មន្ត្រី​ប្រភេទ (​ខ​) តាំង​ស៊ប់ តែងតាំង​ដោយ​អនុក្រឹត្យ​
– មន្ត្រី​ប្រភេទ (​គ​) តាំង​ស៊ប់ តែងតាំង​ដោយ​ប្រកាស ពី​ប្រធាន​ស្ថាប័ន​
​ចំណែក ក្រប​ខណ្ឌ​មន្ត្រីរាជការ ក៏​ចែក​ជា ៣​ប្រភេទ​ដែរ​
– ប្រភេទ​ក្របខណ្ឌ​(​ក​): មន្ត្រី​គ្រប់គ្រង​រដ្ឋបាល មាន ៣ កម្រិត ៖
. (​ក​១) : ឋានន្តរស័ក្តិ ឧត្តមមន្ត្រី មាន ៦​ថ្នាក់​
. (​ក​២) : ឋានន្តរស័ក្តិ វរមន្ត្រី មាន ៤​ថ្នាក់​
. (​ក​៣) : ឋានន្តរស័ក្តិ អនុ​មន្ត្រី មាន ៤​ថ្នាក់​
– ប្រភេទ​ក្របខណ្ឌ​(​ខ​) : មន្ត្រី​ក្រមការ មាន ៣ កម្រិត ៖
. (​ខ​១) : ឋានន្តរស័ក្តិ នាយក្រមការ មាន ៦​ថ្នាក់​
. (​ខ​២) : ឋានន្តរស័ក្តិ ក្រមការ​ដើមខ្សែ មាន ៤​ថ្នាក់​
. (​ខ​៣) : ឋានន្តរស័ក្តិ ក្រម​ការ​(​ខ​៣) មាន ៤​ថ្នាក់​។​
– ប្រភេទ​ក្របខណ្ឌ​(​គ​) មាន ១ កម្រិត ៖
. (​គ​) : ឋានន្តរស័ក្តិ លេខាធិការ​រដ្ឋបាល មាន ១០​ថ្នាក់​
💡​ហើយ ការ​តម្លើង​ឋានន្តរស័ក្តិ និង​ថ្នាក់ មន្ត្រីរាជការ គេ​ចែក​ទៅ​តាម​កម្រិត​ក្របខណ្ឌ​៖
– តម្លើង​ថ្នាក់ ដោយ​ព្រះរាជក្រឹត្យ សម្រាប់ មន្ត្រី​ក្របខណ្ឌ កម្រិត​(​ក​១) គេ​ហៅថា ឧត្តមមន្ត្រី ចំពោះ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល បើ​មន្ត្រី​បច្ចេកទេស គេ​ហៅ ឈ្មោះ​ក្របខណ្ឌ​+​ដើមខ្សែ​ពិសេស ឧ​ទា​.​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ​ពិសេស​,​សវ​នករ​ដើមខ្សែ​ពិសេស​។​
– តម្លើង​ថ្នាក់ ដោយ​អនុក្រឹត្យ សម្រាប់​មន្ត្រី​ក្របខណ្ឌ កម្រិត​(​ក​២) គេ​ហៅថា វរមន្ត្រី ចំពោះ​មន្ត្រី គ្រប់គ្រង​រដ្ឋបាល បើ​មន្ត្រី​បច្ចេកទេស គេ​ហៅ ឈ្មោះ​ក្របខណ្ឌ​+​ដើមខ្សែ ឧ​ទា​.​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ​,​សវ​នករ​ដើមខ្សែ​។​
– តម្លើង​ឋានន្តរស័ក្តិ និង​ថ្នាក់ ដោយ​ប្រកាស ពី​ប្រធាន​ស្ថាប័ន ឬ​ក្រសួង សម្រាប់​មន្ត្រី​ក្របខណ្ឌ ក​៣, ខ​១,​ខ​២,​ខ​៣ និង គ​។​
💡​មុខងារ​(​តំណែង​)​ណា​ដែល​ត្រូវបាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ទើប​មាន​ងារ​ថា ឯកឧត្តម ដោយ​មិន​គិតពី ប្រភេទ​ក្របខណ្ឌ និង​ឋានន្ត​ស័ក្តិ​(​កាំ​ប្រាក់​)​ទេ​។​

ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK