អាជ្ញាធរសម្រេចបិទផ្សារមោង បន្ទាប់ពីរកឃើញអ្នកលក់ដូរ៤នាក់ ឆ្លងកូវីដ១៩

Phy Sok, [29.06.21 10:21]

រដ្ឋបាលស្រុកមោងឬស្សីខេត្តបាត់ដំបងបានសម្រេចបិទការលក់ដូរនៅផ្សារមោងឬស្សីចាប់ពីព្រឹកថ្ងៃទី២៩ខែមិថុនានេះទៅ បន្ទាប់ពីរកឃើញអាជីវករលក់ដូរនៅផ្សារនេះចំនួនបួននាក់ មានវិជ្ជមានកូវីដ១៩។

លោក ទេព ហន អភិបាលស្រុកមោងឬស្សីបានអោយដឹងថា អាជីវករលក់ដូរស្រុកមោង ត្រូវបានរកឃើញ វិជ្ជមាន កូវីដ១៩នាយប់ថ្ងៃទី២៨ខែមិថុនា ចំនួនបួននាក់ មានអ្នកលក់បន្លែ លក់ពងទាកូន ជាដើម។

លោកបញ្ជាក់ថាអាជ្ញាធរសម្រេចបិទការលក់ដូរភ្លាមៗនាព្រឹកនេះដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំ ។

បើតាមលោកពៅ សុវណ្ណរិន គ្រូពេទ្យប្រចាំមណ្ឌលចត្តាឡីស័កវិទ្យាល័យមោងឬស្សី បានអោយដឹងតាម គណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនថា អាជីវករដែលលក់ដូរនៅផ្សារមោងឬស្សីមានវិជ្ជមានកូវីដ១៩នោះ មានឈ្មោះ ហឿន ស្រីលាភ អ្នកស្រីនីម មុខរបរលក់និងបោះពងទាកូន និងលោកគ្រូ និងភរិយា មានវិជ្ជមានកូវីដ១៩ ។

លោកអោយដឹងបន្ថែមថាមានបុរសលក់ដូរបន្លែផ្លែឈើ២នាក់ទៀតផងដែរដែលរកឃើញវិជ្ជមានកូវីដ១៩ ដែលពួកគាត់បានទៅទិញបន្លែផ្លែឈើនៅផ្សារបន្លែភូពុយក្រុងបាត់ដំបង ដែលមានថៅកែឈ្មោះ រាជនីនិងយាយបារាំង ។

លោកពៅសុវណ្ណរិន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរឺអាជីវករ ដែលប៉ះពាល់ផ្ទាល់រឺប្រយោល ជាមួយអ្នកលក់ដូរនៅផ្សារមោងឬស្សីខាងលើសូម មកពិនិត្យសំណាករកជំងឺ កូវីដ១៩នៅមណ្ឌល វិទ្យាល័យមោងឬស្សី ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៨ខែមិថុនា ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ១៩សរុប ចំនូន ៨៤១នាក់ ក្នុងនោះជាសះស្បើយ៥១៧នាក់ ស្លាប់៦នាក់ និង កំពុងសម្រាកព្យាបាល ៣១៨នាក់ ៕ អត្ថបទ លោក ភី សុខ