បិទ​វគ្គ​បណ្ដុះបណ្ដាល កម្រិត​បឋម​វិជ្ជាជីវៈ នគរបាលជាតិ​ជំនា​ន់ទី 13 លើក​ទី 3 និង ប្រកាស​តាំង​ស៊ុប ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល កម្រិត​បឋម​វិជ្ជាជីវៈ នគរបាលជាតិ​ជំនា​ន់ទី 13 លើក​ទី 3 និង ប្រកាស​តាំង​ស៊ុប ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ 5 ខេត្តបាត់ដំបង កាលពី​ថ្ងៃទី 10 ខែ តុលា​នេះ បាន​បញ្ជាក់ថា​៖ យើងទាំងអស់គ្នា​បានដឹងហើយថា នេះ​គឺជា​វគ្គ​កាតព្វកិច្ច សម្រាប់​មន្ត្រីនគរបាល​ជាតិ​ទាំងអស់ ហើយ​វគ្គ​នេះ​ត្រូវបាន​រៀបចំឡើង​តាម​លក្ខ​ខ័​ណ្ឌ ដែល​បានកំណត់​ក្នុង​ ព្រះរាជក្រឹត្យ ស្ដីពី​លក្ខន្តិកៈ​ដោយឡែក នៃ​ក្របខ័ណ្ឌ​នគរបាល និង តាម​តម្រូវការ​ចាំបាច់​របស់​យើង ដែល​ត្រូវការ​មន្ត្រី​នគរបាលជាតិ​មាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ សមស្រប​សម្រាប់​បម្រើកា​រងារ​។ ដូចនេះ​បេក្ខជន​ដែល​ប្រឡង​ជាប់​ថ្មី ត្រូវតែ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល ដំបូង​នេះ​ជាដាច់ខាត​។

កាលពីមុន​ក្មួយៗ​នគរបាល ជ័យលាភី​ទាំងអស់ គឺជា​ជន​ស៊ីវិល ដែល​ពុំបាន​យល់ដឹង​ពី ​តួនាទី​ភារកិច្ច កាតព្វកិច្ច វិជ្ជាជីវៈ និង ច្បាប់​បញ្ញត្តិ​នានា ​របស់​នគរបាលជាតិ​នោះទេ ហេតុនេះ​ក្មួយៗ​ទាំងអស់ មិនអាច​បម្រើ​ការងារ​នគរបាលជាតិ​បាន​ភ្លាម​នោះទេ លុះត្រាតែ​ក្មួយៗ​បាន​ឆ្លងកាត់​វគ្គ បណ្ដុះបណ្ដាល​ដំបូង​នេះ​សិន ទើប​ក្មួយៗ​មាន​លក្ខណៈសម្បត្តិ អាចបំពេញ​ការងារ​ជា​មន្ត្រី​នគរបាលជាតិ​បាន​។

ជាការ​ពិត ទោះបី​បាន​ឆ្លង​វគ្គ​បណ្ដុះបណ្ដាល​ដំបូង​នេះ ស្ដីពី​ចំណេះដឹង និង​ជំនាញ ដែល​ទទួលបាន​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ មិន​គ្រប់គ្រាន់​ទេ ព្រោះ​គ្រាន់តែ​ជា​ចំណេះដឹង និង​ជំនាញ​មូលដ្ឋាន អំពី​កិច្ចការ​នគរបាលជាតិ​ទូទៅ​តែប៉ុណ្ណោះ ពោលគឺ​ក្មួយ​មិនទាន់​ទទួលបាន ការបណ្ដុះបណ្ដាល​ជំនាញ​ឯកទេស នគរបាល​ពិតប្រាកដ​នោះ​នៅឡើយ​។ ហេតុនេះ​ក្មួយៗ​ត្រូវខិតខំ​ប្រឹងប្រែង​បន្ត​ថែមទៀត នៅពេល​ត្រឡប់​ទៅ​បំពេញការងារ នៅក្នុង​អង្គភាព​សា​ម៉ី ហើយ​ត្រូវធ្វើ​ការសិក្សា​ស្វែងយល់ និង​ការពង្រឹង​សមត្ថភាព លើ​កិច្ច​ការជំនាញ​ណាមួយ ដែល​ខ្លួន​ទទួលខុសត្រូវ ឬ​អាច​ត្រឡប់មក​ទទួល​ការបណ្ដុះបណ្ដាល បំពាក់បំប៉ន​ជំនាញ នៅទីនេះ​ជា​បន្តទៀត តាម​តម្រូវការ​ចាំបាច់​របស់​អង្គភាព​នីមួយៗ​។

សម្ដេច​បាន​ផ្ដាំផ្ញើ​ដល់​សាលា ភូមិភាគ​ទាំងពីរ គឺ ​ភូមិភាគ 5 និង ​ភូមិភាគ 6 និង ​ក្មួយៗ​នគរបាល​ជ័យលាភី​ទាំងអស់ បន្ត​បំពេញភារកិច្ច​របស់ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ឈានទៅ​សម្រេច តាម​ផែនការ​គោលការណ៍ នានា នឹង​ស្តង់ដារ​គុណភាព ដែល​បានកំណត់ នឹង​បន្ត​លើកកម្ពស់​អប់រំ បណ្ដុះបណ្ដាល​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​៕ 

អត្ថបទ​៖ លោក ម៉ូត វោ​យ​ហូ​