នីតិវិធី នៃ​ការសុំច្បាប់​អនុញ្ញាត​សាងសង់​របស់​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង

បច្ចុប្បន្ននេះ​ គេ​ឃើញ​មានការ​អភិវឌ្ឍ​ន៏​ជាច្រើន​លើ​វិស័យ​នានា​នៅក្នុង​ខេត្តបាត់ដំបង​ជាពិសេស វិស័យ​សំណង់​ដូចជា ផ្ទះ ផ្ទះជួល បូរី សណ្ឋាគា ផ្ទះសំណាក់​ជាដើម​។ ក្នុងនោះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​យល់ដឹង​ពី នីតិវិធី នៃ​ការសុំច្បាប់​សាងសង់ តែ​ក៏​នៅ​ប្រជាពលរដ្ឋ​ខ្លះទៀត នៅ​មិនទាន់​ដឹង​ពី​ការសុំច្បាប់​សាងសង់​នៅឡើយ​ដែរ​។​

យុវជន តារា​រិ​ទ្ធ រស់នៅ​សង្កាត់​ទួល​តា​ឯក នៃ​ក្រុង​បាត់ដំបង​បានលើកឡើង​ថាៈ ចំពោះ នីតិវិធី នៃ​ការសុំច្បាប់​សាងសង់ មាន​ប្រជាពលរដ្ឋ​ខ្លះ​បានដឹង និង មាន​ប្រជាពលរដ្ឋ​ខ្លះទៀត​មិន​យល់ដឹង​នៅឡើយ​ទេ ជាក់ស្ដែង​ដូច​គ្រួសារ​យ​របស់​ប្អូន​ផ្ទាល់​។​ចំណែកឯ កញ្ញា សា​វន អាយុ ២៣​ឆ្នាំ បាន​និយាយថា សូម្បីតែ​ប្អូន​ក៏​មិនដឹង​ដែរ ពី​នីតិវិធី នៃ​ការសាងសង់ មានតែ អ្នកមាន​ផ្ទះ​ធំៗ ទើប​គាត់​អាច​ដឹង ពី​ច្បាប់​សាងសង់ ។ កញ្ញា​បន្ដថា​៖ ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​មិនទាន់​យល់ដឹង​ពី នីតិវិធី នៃ​ការសាងសង់​នោះ ព្រោះ​មិនទាន់មាន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ​។​

​បញ្ហា​នេះ លោក សំរិត ឆន ចៅសង្កាត់​ទួល​តា​ឯក បាន​មាន​ប្រសា​ស​ន៏​ថា​៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​សុំច្បាប់​សាងសង់ តែ​ប្រជាពលរដ្ឋ​មួយចំនួនទៀត ការសាងសង់​ក៏​មិនបាន​សុំ​ដែរ តែ​សង្កាត់​តែងតែ​ជំរុញ​ឲ្យ​ទៅសុំ​ច្បាប់​នៅ​ក្រុង​ជាដើម​។

ចំនែកឯ លោក ឃឺ សុផល អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​សំណង់ និង សូ​រិ​យោ​ដី ខេត្តបាត់ដំបង បានលើកឡើង​ក្នុង ​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក កាលពី ​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ​២០១៩ ថា​៖ ចំពោះ​សំណង់​ណា​ដែល​សាងសង់ មិន​អនុវត្តន​តាម នីតិវិធី នៃ​ច្បាប់ អាច​ប្រឈមមុខ និង ការចាត់វិធានការ ឬ ក៏​ផ្អាក​ការសាងសង់​តែម្ដង​។ លោក​បាន​បន្ដថា​៖ កន្លងទៅ យើង​បានធ្វើ​សិក្ខា​សិលា ផ្សា​ព្វ​ផ្សាយ​ចំពោះតែ​ក្រុមហ៊ុន​សាង​សាង់ ឬ ជាង​ប៉ុ​ណ្ណោះ តែ​ចំពោះ​ពលរដ្ឋ​យើង​ពុំទាន់​ផ្សព្វផ្សាយ​នៅឡើយ​ទេ ។

យោងតាម​អនុក្រឹត្យ​លេខ ៨៦ អនក្រ​.​បក ស្ដីពី​លិខិតអនុញ្ញាត​សាងសង់ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៩ ខែ ធ្នូ ឆ្នាំ​១៩៩៧ សំណង់​ដែល​តម្រូវឱ្យមាន​លិខិតអនុញ្ញាត​សាងសង់​ជាមុន​គឺ រាល់​ការសាងសង់​ថ្មី ឬ សាងសង់​ឡើងវិញ​លើ​អគារ​ដែលមាន​ស្រាប់ (​ក្នុងករណី​ដែល​ការសាងសង់​ឡើងវិញ​នោះ​ប្ដូរ​ទ្រង់ទ្រាយ ឬ ទិដ្ឋភាព នៃ​សំណង់​) នៅក្នុង​ទីក្រុង និង ទីប្រជុំជន​។​

ចំណែកឯ​សំណង់​ជា​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ ​ទីជនបទ ឬ តំបន់​ឆ្ងាយ​ពី​ផ្លូវជាតិ ផ្លូវដែក និង ឆ្ងាយពី​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេតិកភណ្ឌ​ជាតិ តំបន់​រក្សាទុក​ការពារ​ វិញ​នោះ គឺ​មិន​តម្រូវឱ្យមាន​លិខិតអនុញ្ញាត​សាងសង់​នោះឡើយ​។ លិខិតអនុញ្ញាត​សាងសង់ ត្រូវបាន​តម្រូវឱ្យ​ស្នើសុំ​ដោយ​ម្ចាស់​គម្រោង ឬ អ្នកតំណាង​ស្របច្បាប់​របស់​ម្ចាស់​គម្រោង​។ ជាក់ស្ដែង នីតិវីធី នៃ​ការស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​នេះ មិនមាន​លក្ខណៈ​ស្មុគស្មាញ ដែល​អាច​បង្ក​ជាការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នោះឡើយ​។​

អត្ថបទ​៖ ឈឿន ថៃ​កឿ