ខេត្តបាត់ដំបង​៖​ដំណាំ​ពោត​ជាង ៣​ពាន់​ហិតា រង​ផលប៉ះពាល់​ដោយសារ​ដង្កូវ​ហ្វូង បំផ្លាញ​

​គិត​ត្រឹម​ខែមិថុនា​នេះ ដំណាំ​ពោត​ជាង ៣​ពាន់​ហិតា ត្រូវបាន​រង​ផលប៉ះពាល់ ដោយ​ដង្កូវ​ហ្វូង បំផ្លាញ ពិសេស​ពោត​ដែល​ដាំ​ចន្លោះ​ពី ដុះ រហូតដល់​មួយខែ ។ បញ្ហា​ប្រឈម​នេះ កើតឡើង នៅ​ស្រុក​សំឡូត កំរៀង ភ្នំព្រឹក សំពៅ​លូត ជាដើម ។ នេះ តាម​ការលើកឡើង របស់ លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក នៅ​ថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០១៩ ។

​លោក អ៊ិន សុវណ្ណ​មុនី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បង្ហាញថា រហូតមកដល់​ពេលនេះ ដំណាំ​ពោត ៣៣០០​ហិតា ប្រឈម​កត្តា ចង្រៃ ដែលមាន​ការយាយី​ពី​ពពួក ដង្កូវ​ហ្វូង ។ លោក​បន្តថា ដើម្បី​ដោះស្រាយ​បញ្ហា​ដង្កូវ​នេះ លោក​បាន​ណែនាំ ឱ្យ​កសិករ ត្រូវ​ចាប់​មេ​ដ​ង្ហូ​វ នោះ​ចេញ ហើយ​ចុះ​ពិនិត្យ​ចំការ ដើម្បី​ញ៉ឹ​ច ពង​ដ​ង្ក​វ​នោះ​ចោល ទើប​អាច​ទប់ស្កាត់បាន​ទាំងស្រុង ។​
​ចំណែក​ការប្រើប្រាស់ ថ្នាំ​កសិកម្ម​វិញ លោ​កថា​ដំណាក់កាល​នេះ មិនទាន់​ធ្ងន់​ធ្ងូ យើង​អាច​គ្រប់គ្រង​បាន ដូច្នោះ​ការប្រើ​ថ្នាំ​បាញ់ ក៏​មិនទាន់​ចាំបាច់​ដែរ ។ លោក​លើកឡើង​បែបនេះ ព្រោះ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម វា​អាច​ប៉ះពាល់​សុខភាព​សាធារណៈ មនុស្ស សត្វ​ជាដើម ។

​តាម​ផែន​ការដាំដុះ​ដំណាំ​ពោត ក្នុងឆ្នាំនេះ របស់​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង មាន​ប្រមាណ ៨៦ ពាន់​ហិតា ហើយ​អនុវត្តន៍​ការ​ដាំំ​ដុះ​បាន ៦៩ ពាន់​ហិតា ។

អត្ត​បទ​៖ ញ៉ែម ចាន់