អាជីវករ​មួយចំនួន​បាន​ត្អូញត្អែ​ពី​ការលក់ដូរ​របស់ខ្លួន ខណៈ​ពួកគាត់​បាន​ប្រកាន់​ភ្ជាប់​នៅ​គោលការណ៍ របស់​ក្រសួងសុខាភិបាល ក្នុង​ការបង្ការ​ទប់ស្កាត់​ការ ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩

​ស្រប​ពេលដែល​ក្រសួងសុខាភិបាល ​និង​អាជ្ញាធរ​បាន​រំលឹក​ជា​រៀងរាល់ថ្ងៃ​អោយ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ ​នៃ​ការឆ្លង​ រាលដាល​រលក​ទី​ពីរ​នៃ​ជំងឺ​កូ​វីដ​១៩ ជាថ្មី​ម្តងទៀត​នៅ​កម្ពុជា​នោះ ប្រជាពលរដ្ឋ​នៅតែ​ខ្លាចរអារ​ និង ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​នេះ ធ្វើអោយ​ពួកគាត់​ខ្លះ​មិនសូវ​ហ៊ាន​ចេញ​ក្រៅ និង មិន​ហ៊ាន​ទទួលទាន​តាម​ហាង រឺ ទិញ​ទំនិញ តាម​ហាង​ដែលមាន​មនុស្ស​អ៊ូអរ ។​

បញ្ហា​នេះ​ធ្វើអោយ​អាជីវករ​លក់ដូរ​មួយចំនួន​រអ៊ូរទាំ ថា​ពួកគាត់​លក់ដូរ​ធ្លាក់ចុះ​យ៉ាងខ្លាំង ។

​អាជីវករ​លក់ដូរ​ មួយរូប​បាន​លើកឡើងថា បច្ចុប្បន្ននេះ គាត់​លក់ដូរ​មិនសូវ​ដាច់ ដោយសារ​អ្នកទិញ មិនសូវ ហ៊ាន​មក​ទិញ​ដូច​មុន​។​ ​អ្នកស្រី​បញ្ជាក់ថា​ថ្វីត្បិតតែ ពេល​លក់ដូរ​គាត់​តែងតែ​ពាក់​ម៉ាស​ការពារ និង​មាន​អាកុល​លាងដៃ សម្រាប់​ខ្លួន ឯង​និង​ភ្ញៀវ ដែល​មក​ទិញ​ជាប់​ជាប្រចាំ ដើម្បីអោយ​អតិថិជន​មានការ​ទុកចិត្ត ក៏​គាត់​លក់​មិនសូវ​ដាច់​ដែរ ។​

[…..​ខ្ញុំ​ពិបាកចិត្ត​រាល់ថ្ងៃ​ពិបាកចិត្ត​តែ​រឿង​ចំណូល លក់​ដែរ​តែ​យើង​លក់​អត់​ដាច់​ដូច​មុន ចំណូល​យើង​វា​បាត់ បាត់​ឡើង​៨០%​និយាយ​ទៅ​បញ្ហា​ធំ​បំផុត​អាហ្នឹង បញ្ហាសំខាន់​បំផុត​បើ​យើង​នៅតែ​ព្រួយបារម្ភ​យើង​នៅតែ​ខ្លាច បញ្ហា​រឿង​ចំណូល​របស់​យើង យើង​នៅ​ខ្លាច​យើង​អត់​ទៅ​លក់​ទៅ​ដូរ គឺ​បាត់បង់​ចំណូល​របស់​យើង ខ្ញុំ​នៅ​កន្លែង​លក់​ខ្ញុំ​ពាក់​ម៉ាស តាម​ធម្មតា ទាំង​ភ្លៀវ​ដែល​ចូល​ទិញ បើ​យើង​មិន​ពាក់​ម៉ាស​ក៏​គេ​មិន​ចូល​ទិញ​យើង​ដែរ ទីមួយ​ពាក់​ម៉ាស ទី​ពីរ​គឺ​ជែ​ល​លាងដៃ​ជាប់​ជាប្រចាំ​…]

​បុរស​ម្នាក់ទៀត ដែលមាន​មុខរបរ​ដើរ បោះ​ទំនិញ​ចែកចាយ​តាម​តូប​នានា បាន​និយាយថា​ការបោះ ទំនិញ​ទៅអោយ​ម៉ូយ ថយ​ជាង​មុន ។​លោក​បញ្ជាក់ថា​លោក​តែងតែមាន​ការការពារ ខ្លួន​ដោយ​លាងដៃ ជាមួយ​សាប៊ូ ឬ​ទឹក​អាកុល និង​ដាក់​ទឹក​អាកុល​តាម​ខ្លួន​ជាប់ ពេល​លើកដាក់​ទំនិញ​អោយ​ម៉ូយ ។

​[……​ចេះតែ​ការពារ​ដែរ ប្រយ័ត្ន​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ដែរ ឆ្លង​តែ​យើង​មិន​អី ឆ្លង​ដល់​អ្នកផ្ទះ​ទៀត យក​ទឹក​អាកុល​តាម​ខ្លួន​បាញ់ ទំលាក់​របស់​តាម​តូប​ចឹ​ង ចេញទៅ​បាញ់ ពេល​ឡើង​ឡាន​ឡើង​អី​បាញ់ ចូល​ផ្ទះ​ក៏​បាញ់ ចូល​ផ្ទះ​ជួនកាល​លាង​សាប៊ូ​លាង​អី​ទៅ​…]
​លោក វឿ​ង ប៊ុន រ៉េ​ង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ ថា​វិធានការ​របស់ អ្នកលក់ដូរ​និង​អ្នក​លើកដាក់​ទំនិញ​ខាងលើនេះ ក្នុងការ​ចូលរួម​ទប់ស្កាត់​រលក​ទី​ពីរ​នៃ​ការឆ្លង​កូ​វីដ​១៩ ជាការ​ត្រឹមត្រូវ​ហើយ ។ តែ​លោក​សុំអោយ​ពលរដ្ឋ​កុំ​មានការ​រើសអើង គ្រប់​រូបភាព​ក្នុងអំឡុង​ពេលដែល កម្ពុជា​យើង​កំពុង​ប្រឈម​និង​កូ​វីដ​១៩​នេះ ។​

[……​ការការពារ​ហ្នឹង​គឺ​ត្រឹមត្រូវ​ហើយ តែ​សូម​បញ្ចៀស​ការរើសអើង ទម្រង់​រូបភាព​ដែល​ធ្វើឱ្យមាន ការរើសអើង ឧទាហរណ៍​ថា ឥរិយាបថ​មួយ​ដែលថា​យើង​ចូលទៅ​មើល​ទំនិញ​ក្នុង​ផ្សារ ពេលដែល​មិនចាំបាច់​យើង​កុំទៅ​ប៉ះ​ទៅ​ពាល់ របស់​ទំនិញ​ដែល​អ្នក​ដាក់​លក់ដូរ ព្រោះថា ពេល​យើង​មិនបាន​លាងដៃ​សម្អាត​ហ្មត់ចត់​ទេ ហើយ​ជួន​ទៅ​កន្លែង​ទីផ្សារ​ដែលមាន​អាកុល​លាងដៃ​មិនសូវ​អី​ទេ ប៉ុន្តែ​បើ​យើង​មិនបាន​សំអាត​ត្រឹមត្រូវ ចឹ​ង​អាការ​ចាប់​កាន់​ទាំងអស់​ហ្នឹងហើយ ដែល​ធ្វើឱ្យ​អ្នក​កាន់​ក្រោយៗ​ទៀត ឬក៏​យើង​អាច​ប្រសិនជា​យើង​មាន យើង​អាច​ចម្លង​ដល់​អ្នក​ក្រោយ ឬ​បើ​យើង​អត់​មាន​អ្នក​មុន​ដែល​មានមក​ប៉ះ​កាន់​ក៏​អាច​ចម្លង​ដល់​យើង​ដែរ ចឹ​ង​ទៅវិញទៅមក ចឹ​ង​ក្នុងករណីនេះ។

បើសិនជា​យើង​ចូលរួម​ទាំងអស់គ្នា សូម្បីតែ​ឥរិយាបថ​តូច​មួយ​ហ្នឹង​ថា របស់​ខ្លះ​ដែល​យើង​មិនគួរ​ចាប់​កាន់​ទំនិញ​ដែល​មិនទាន់​ត្រូវចិត្ត​ទិញ​ទេ យើង​កុំ​ចាប់​កាន់ កុំ​លើក កុំ​មើល មើល​ឱ្យអស់​ចិត្ត​សិន​ចាំ​ប៉ះ​ចាំ​ពាល់ ជា​ឥរិយាបថ​មួយ​ដែល​ចូលរួម​ជួយ​ទប់ស្កាត់​កូ​វីដ​នេះដែរ​….]។

លោក​ វឿ​ង​ ប៊ុន​រ៉េត​ បានបញ្ជាក់​បន្ថែមថា​មន្ទីរ​សុខាភិបាល​បានរៀបចំ​ផែនការ​សំរាប់​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ រលក​ទី​២​រួចហើយ និង​បាន​សហការ​ជាមួយ​អជ្ញាធរ​អប់រំ​តាម​មូលដ្ឋាន និង​ចុះ​ត្រួតពិនិត្យ​តាម ច្រកព្រំដែន លោក​បន្តថា​គ្រូពេទ្យ​បាន​លះបង់​សំរាប់​ពលរដ្ឋ និង​សូមឱ្យ​ពលរដ្ឋ​ចូលរួម​ជា មួយ​គ្រូពេទ្យ​ដើម្បី ការពារ និង​ទប់ស្កាត់​កូ​វីដ​១៩​រលក​ទី​២​ទាំងអស់គ្នា​ផងដែរ​។​

​ទោះបីយ៉ាងណា​លោក​បញ្ជាក់ថា ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន បន្ត​រក្សា វិធានការ​អនាម័យ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជានិច្ច ។

​សូមបញ្ជាក់ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១០​មិថុនា​នេះ ក្រសួងសុខាភិបាល​បញ្ជា​ក់ថា​យើង​បាន​ព្យាបាល អ្នកជំងឺ កូ​វីដ​១៩​ជាសះស្បើយ​ថ្មី​ម្នាក់ទៀត ហើយ មិនមាន​អ្នក​ឆ្លង​ថ្មី​នោះទេ ។ សរុប​នៅ​កម្ពុជា​មកទល់ពេលនេះ មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប ១២៦​នាក់ ក្នុងនោះ បាន​ព្យាបាល​ជាសះស្បើយ​១២៥​នាក់​ហើយ ខណៈ​នៅសល់តែ អ្នកជំងឺ​ម្នាក់ ទៀត​ប៉ុណ្ណោះ ដែលជា​ជនជាតិខ្មែរ​ដែល​បាន​វិល ត្រឡប់​មកពី​ប្រទេស ហ្វីលីពីន កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ។

ដោយឡែក​តួលេខ​អ្នក​ឆ្លង​និង​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩​កើនឡើង​រាប់ម៉ឺន​នាក់​រាល់ថ្ងៃ ។ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៩​មិថុនា អ្នក​ឆ្លង​លើ​ពិភពលោក ចំនួន​ជាង​៧​លាន​ពីរ​សែន​នាក់ និង ស្លាប់​ជាង​៤០ ម៉ឺន នាក់ អ្នកជា​សះស្បើយ​ចំនួន​ជាង​៣​លាន​កន្លះ ។​អង្គការ​សុខភាព​ពិភពលោក​ WHO​ បានប្រកាស​ចាត់ទុក​ជំងឺ កូ​វីដ ១៩​នេះ ជា​ជំងឺ​រាតត្បាត​ជាស​កល បាន​វាយលុក​ចូលដល់ ប្រទេស​និង ដែនដី​សរុស​១២៣ នៅ​ទូទាំង ពិភពលោក​៕

​អត្ថបទ ៖ កញ្ញា រិ​ន ម៉ា​រ៉ី​យ៉ាន
​កែសម្រួល ៖ ដោយ លោក ភី សុខ