ប្រជាពលរដ្ឋ​សម្តែង​ការ​ព្រួយ​ចំពោះ​ការឆ្លង​រលក​ទី​2​នៃ​ជំងឺ​កូ​វិត 19

ប្រជាពលរដ្ឋ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​រលក​ទី​2​នៃ​ការឆ្លង​វី​រ៉ុ​ស កូ​រ៉ូ​ណា ឬ​កូ​វិត​19​នេះ ខ​ណះ​ពេល ដែល​ពេល​ថ្មីៗ​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វិត​ចំនួន​2​ករណី​ថែមទៀត ហើយ​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​ធ្វេស​ប្រ​ហេស​ក្នុងការ​ការពារ និង​អនាម័យ​ខ្លួនប្រាណ​។

អ្នកស្រី រាវី ជា​អាជីវករ​មួយរូប​បានអោយដឹងថា អ្នកស្រី​ពិតជា​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ហា​នី​ភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វិដ 19​លើក​ទី​2​នេះ ហើយ​អ្នកស្រី​បញ្ចាក់​ថា​បើសិនជា​កើតឡើង​មាន​មែន​នោះ គឺអាច​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់​ធរ​ជាង​លើក​ទី​1​។​

ស្រដៀង​គ្នា​ដែរ អ្នកស្រី រី ជា​ប្រជាពលរដ្ឋ​មួយរូប ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​ការឆ្លង​លើក​ទី​2​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ព្រោះ​នៅ​វា​នៅ​កើតមាន​នៅឡើយ ដូចនេះ​យើង​មិនត្រូវ​ប្រ​ហេស​ទេ​។​

ចំណែកឯ កញ្ញា បូ​ភា ជា​ប្រជាពលរដ្ឋ​មួយរូប​បាន​លើកឡើងថា កញ្ញា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​រលក​ទី​2 នៃ​ជំងឺ​កូ​វិ​ឌ​19​នេះ ព្រោះ​កញ្ញា​សង្កេតឃើញថា​ប្រជាពលរដ្ឋ​ហាក់ដូចជា​មិនសូវ​អើពើ​ដូច​មុន​ឡើង តែ​សម្រាប់​កញ្ញា​គឺ​នៅតែ​ការពារ និង​ប្រុងប្រយ័ត្ន​ជានិច្ច​ពេល​ទៅ​ទីប្រជុំជន ឬ​ទៅ​កន្លែង​ណាក៏ដោយ ដូចជា​ពាក់​ម៉ាស់​ជាដើម​។

បើ​យោងតាម​សេចក្តីប្រកាស់​របស់​ក្រសួងសុខាភិបាល​ដែល​បានចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​23 មិថុនា​នេះ​បានអោយដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ អ្នកមាន​វីរុស​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​ទាំងអស់​នៅ​ទូទាំងប្រទេស សរុប​ចំនួន ១៣០​នាក់ (​ស្ត្រី ៣៩​នាក់ និង​បុរស ៩១​នាក់​)​។

ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​១២៧​នាក់ (​ស្មើនឹង ៩៧.៦៩% ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​) នៅក្នុង​ចំនួន​នេះ​មាន​ស្រី ៣៩​នាក់ និង​បុរស​៨៨​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មាន​ចំនួន​០៣​នាក់ ក្នុងនោះ​មាន​បុរស​ជនជាតិខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​, បុរស​ជនជាតិខ្មែរ វិលត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី និង​បុរស​ខ្មែរ មាន​សញ្ជាតិ​អាមេរិកកាំង ដែល​បានធ្វើ​ដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក​៕

អត្ថបទ៖ ស៊ុំ សម្ផស្ស