សិស្សានុសិស្សក្នុងខេត្តបាត់ដំបងមានអត្រាចម្លងកូវីដ១៩ក្រោម១០%នៃករណីឆ្លងសរុបជាង៦ពាន់នាក់

Phy Sok, [07.09.21 14:38]

   មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបង្ហាញតួលេខចំនួន សិស្សានុសិស្សនៅខេត្តបាត់ដំបង មានការឆ្លងជំងឺកូវីដ១៩ចំនួន ជាង៨ភាគរយ នៃចំនួនឆ្លងសរុបជាង៦០០០នាក់ ខណៈចំនួនតួលេខការឆ្លងលើគ្រូបង្រៀននិងនិស្សិតមានចំនួនតិចតួច ។

របាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ខែកញ្ញា ក្នុងចំណោមចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅខេត្តបាត់ដំបងប្រមាណ៦០៩១នាក់ មានអត្រាឆ្លងលើសិស្សានុសិស្សចំនួន៥៣៣នាក់ ស្មើរនឹង ៨,៧៥ភាគរយ ចំណែកនិស្សិតឆ្លង១០នាក់ គ្រូបង្រៀនឆ្លង៤៦នាក់ ។

លោកឱសថបណ្ឌិតវឿងប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បញ្ជាក់ឲ្យដឹងបន្ថែមថា ការបើកសាលារៀនឡើងវិញខាងមុខនេះ មិនត្រឹមតែការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច ក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការព្យាបាល ការធ្វើចត្តាឡីស័ក និងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែការចូលរួមរបស់មាតាបិតា ពិតជាសំខាន់មិនអាចខ្វះបានជាពិសេសការស្វែងយល់អំពីហានិភ័យនៃការប្រាស្រ័យទាក់ទងក្នុងសហគមន៍ដើម្បីបញ្ចៀសការឆ្លងរីករាលដាលបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមបណ្ដាស្រុកនានា ជារឿយៗឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់មន្ទីរសុខាភិបាលខេត្ត ត្រូវពិនិត្យ និងផ្តល់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ កុំឲ្យមានការយឺតយ៉ាវ និងភាពអសកម្មដោយប្រការណាមួយឡើយ ព្រោះរាជរដ្ឋាភិបាលមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋឡើយ។ ជាពិសេសត្រូវពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនលោកគ្រូ អ្នកគ្រូ ឲ្យបានគ្រប់ៗគ្នាដើម្បីត្រៀមបើកដំណើការសាលារៀនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

ជាការកត់សម្គាល់ ក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ក្រុមគ្រូពេទ្យបានធ្វើការសម្រុកចាក់វ៉ាក់សាំង Astra Zenica ឬដូសទី៣ ជូនលោកគ្រូ អ្នកគ្រូនៅតាមបណ្ដាក្រុង ស្រុកទាំងអស់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ជាមួយគ្នានោះ ដំណើការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ និងប្រជាពលរដ្ឋទូទៅក៏បាននិងកំពុងតែពន្លឿនធ្វើឡើងក្នុងក្របខណ្ឌទូទាំងខេត្តផងដែរ។

បើតាមរដ្ឋបាលខេត្តបាត់ដំបង រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋសរុបមានប្រមាណ៦០ម៉ឺននាក់ហើយទទួលបានការចាក់វ៉ាក់សាំងដូសទី១រួចរាល់ ខណៈអាជ្ញាធរកំពុងពន្លឿនដំណើរការចាក់នៅទូទាំងខេត្តឲ្យបានសម្រេចតាមផែនការ១លាននាក់៕ ភី សុខ