ក្មេងប្រុសរៀននៅសាលាគថ្លង់ម្នាក់ពេលចេញពីរៀនឪពុកម្តាយមិនឃើញត្រឡប់មកផ្ទះបានប្រកាសស្វែងរក ជាអកុសលប្រទះឃើញលង់ទឹកស្ទឹងសង្កែស្លាប់

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថានៅថ្ងៃទី១៤ខែ មករា ឆ្នាំ២០២៥ នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះហេង ហៃផេង បានសរសេរ បង្ហោះក្នុងគណនីរបស់ខ្លួនពីករណីបាត់កូនរបស់គាត់ដែលជាសិស្ស រៀននៅ(សាលាគថ្លង់)សម្រាប់ ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការស្រាវជ្រាវជាបន្ទាន់ លើករណីនេះ ក្នុងនោះបានធ្វើការសាកសួរស្រាវជ្រាវព័ត៌មានពី អាណាព្យាបាលនិងពីអ្នកនៅទីកន្លែងដែល ក្មេងខាងលើ មានវត្តមានមុនពេលកើតហេតុ។

ស្នងការខេត្តបញ្ជាក់លើផេកផ្លូវការបន្ថែមថានៅម៉ោង១៦និង០៧នាទីនេះសមត្ថកិច្ចបានសហការជាមួយអាណាព្យាបាលនិងអ្នកពាក់ព័ន្ធពិនិត្យមើលនៅចំណុចទឹកស្ទឹងសង្កែ ដែលអាចមានការសង័្សយអំពីបញ្ហានេះ ហើយរហូតវេលាម៉ោង១៦និង៣០នាទីនេះ ក្មេងដែលសង័្សយថា បាត់នោះត្រូវបានរកឃើញហើយ នៅក្នុងទឹកស្ទឹងសង្កែ តែជាអកុសល ក្មេងប្រុសរូបនេះបានបាត់បង់ជីវិតទៅហើយ ដែលខណ:នេះសូមចូលរួមរំលែកនូវមរណទុក្ខចំពោះក្រុមគ្រួសារសព។

ទន្ទឹមនឹងបញ្ហាមួយនេះ ក៏បានកត់ សម្គាល់ឃើញមានការផ្សព្វផ្សាយនិងចែករំលែកតាមបណ្តាញសង្គមយ៉ាងផុលផុស ពីករណីបាត់ក្មេង ឬការសង្ស័យនានាដែលការផ្សព្វផ្សាយនោះមិនមានមូលដ្ឋានឱ្យពិត ប្រាកដនៅឡើយ ដែលជាហេតុនាំបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋាន មហាជនទូទៅ និងមានចំណែក ជាព័ត៌មានដែលមានចេតនាបំពុលបរិយាកាសសង្គមទៅវិញ។

ដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាននិង បន្តចូលរួមសហការជាមួយសមត្ថកិច្ចជាបន្តទៀតជាមួយសមត្ថកិច្ច៕ អត្ថបទ ភី សុខ