គួរអោយអាសូរ្យ ! កំពុងតែរាយមងរកត្រីអោយប្រពន្ធលក់ ស្រាប់តែជំងឺស្កន់ជាន់រើ ធ្លាក់ទឹកលង់ស្លាប់

បុរសកំសត់ម្នាក់ខណៈកំពុងតែជិះកង់ឡាន រាយមងកណ្តាលស្រះ ដើម្បីរកត្រីអោយប្រពន្ធលក់ដូចសព្វដង តែអកុសល ជំងឺស្កន់ជាន់រើឡើង បណ្តាលអោយធ្លាក់ពីលើកង់ឡាន លង់ទឹកស្លាប់ ម្នាក់ឯង ចោលប្រពន្ធនិងកូន កាលពីម៉ោង៩ព្រឹកថ្ងៃទី ២០ខែតុលា នៅចំណុសស្រះទឹកមួយកន្លែង ស្ថិតក្រុមទី១៦ ភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង ។

លោក ប្រាក់ គី នាយនគបាលប៉ុសអូរចា បានរៀបរាប់ហេតុការណ៍នោះថាដោយមុនកើតហេតុ បុរសរងគ្រោះ ឈ្មោះ ញ៉ែម ភិរុណ អាយុ២៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បាននាំកូនស្រីតូចម្នាក់ ទៅរកត្រីនៅស្រះ ធំមួយដែលមានជម្រៅប្រហែល១០ម៉ែត្រ ចម្ងាយពីផ្ទះប្រហែលជាង១០០ម៉ែត្រ ។ដោយខ្លួនធ្លាប់កើតជំងឺស្កន់ ជាន់ ដែលរើម្តងៗនោះ ជនរងគ្រោះ តែងតែ ជិះលើកង់ឡានដើម្បីរាយមង និង មានកូនប្រុសច្បងអាយុ ជាង១០ឆ្នាំនៅលើគោក ដើម្បី ចាំមើលឱពុក តែលើកនេះកូនច្បងមិននៅ គាត់បានយកកូន ស្រីតូច មកតាម។


លោកបញ្ជាក់ថាខណៈដែលកំពុងរាយមងកណ្តាលស្រះ ស្រាប់តែជំងឺស្កន់ជាន់រើឡើង ប្រកាច់ធ្លាក់ ពីលើ កង់ឡាន ខណៈពេលនោះ កូនស្រីនៅលើគោកឃើញឱពុកដូច្នេះ បានត្រឹមរត់ឆ្លេឆ្លា ជុំវិញស្រះ មិនដឹងជួយ ឪពុកយ៉ាងម៉េច! ហើយក្រោយមកនាងបានរត់ទៅប្រាប់អ្នកភូមិក្បែរនោះមកជួយ នៅពេលដែលអ្នកភូមិនិង សមត្ថកិច្ចមូលដ្ឋានមកដល់ដើម្បីជួយសង្គ្រោះ តែជនរងគ្រោះ បានស្លាប់ បាត់បង់ ជីវិតទៅហើយ ។
លោកបញ្ជាក់ថា ក្រោយពីកម្លាំងលោកពិនិត្យសាកសពរួច បានបញ្ជូនទៅក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ភី សុខ