មេ​ជួញដូ​គ្រឿងញៀន ដ៏​ធំ​ក្នុង​ក្រុង​បាត់ដំបង ត្រូវបាន​សម្ថ​កិច្ច​បង្ក្រាបបាន កាល​ពី​ម្សិលមិញ​

 

  កម្លាំង​អធិការ​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន បុរស​ម្នាក់ ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន យ៉ាង​ធំ ក្នុង​ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​១០ ឧសភា ខណៈ​ពួកគេ​កំពុង​ដោះដូរ​ទំនិញ​នៅ​ក្នុង​បន្ទប់​ជួល​មួយកន្លែង នៅក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។​

​បើតាម​គេហទំព័រ​កោះសន្តិភាព លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ លី អ៊ី​សា ហៅ ពាង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ តែ​បាន​មក​ជូ​ល​បន្ទប់​ស្នាក់នៅ​បណ្តោះអាសន្ន ដើម្បី​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ លោក​អធិការ​ក្រុង​រូបនេះ​បាន​ប្រាប់ថា ជន​នេះ​ត្រូវ​កម្លាំង​ជំនាញ​គ្រឿងញៀន​របស់​លោក​ឆ្មក់​ចូល​ទៅ​បង្ក្រាប​បាន ពេល​កំពុង​ដោះដូរ​គ្រឿងញៀន​នៅក្នុង​បន្ទប់​ស្នាក់នៅ ។​

​បើ​តាម​របាយការណ៍​បានឱ្យដឹងថា គ្រឿងញៀន ដែល​សម្ថ​កិច្ច​រឹបអូស​បាន មាន​ថ្នាំញៀន​ប្រភេទ ICE មាន ជាង​១​គីឡូក្រាម ថ្នាំ​កេតា​មីនចំនួន​០១​កូន​ថង់​, សារធាតុ​រាវ​ចំនួន​០៣​កូន​ដប និង​វត្ថុ​តាំង​ផ្សេងៗ​ទៀត ។​

​សូមបញ្ជាក់​ថា​បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការសាកសួរ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ លើសពីនេះ​លោក​ស្នងការ​ខេត្ត​បាត់ដំបង ក៏​បាន​បញ្ជា​ឲ្យធ្វើ​ការស្រាវជ្រាវ​រក​បក្ស​ពួក ដែល​ជា​បណ្ដាញ​ជួញដូរ​ថ្នាំញៀន​នេះ ដើម្បី​មាន​វិធានការ​បន្ត​ផងដែរ​៕​