ជនសង្ស័យ ខ្លះមានមុខរបរជាងដែក ជាងឈើ ជាងម៉ូតូ ចំនួន៥នាក់ត្រូវបាន ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុង ពន្ធនាគារ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន

មន្រ្តីអាវុធហត្ថខេត្តបាត់ដំបងឱ្យដឹងថាជនសង្ស័យ៥នាក់ ដែលខ្លះមានមុខរបរជាងដែក ជាងឈើនិងជាង ម៉ូតូផងនោះ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារហើយ ក្រោយពីពួកគេធ្វើសកម្មភាពរកស៊ីជួញដូរ គ្រឿងញៀន ក្នុងក្រុងបាត់ដំបង ។
លោក អ.ទោ រិន សារ៉ើននាយការិយាល័យអប់រំនិងផ្សព្វផ្សាយ នៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងនារសៀល ថ្ងៃទី១០កក្កដាថាពួកគេទាំងប្រាំនាក់ ត្រូវបានតុលាការធ្វើការសាកសួរតាមនីតិវិធីច្បាប់ រួចសម្រេចបញ្ជូន ទៅឃុំខ្លួនក្នុងពន្ធនាគារនាល្ងាចថ្ងៃទី០៩ខែកក្កដាឆ្នាំ២០០២៤រួចហើយ ជាប់ពាក់ព័ន្ធបទល្មើសជួញដូរ គ្រឿងញៀន។
របាយការណ៍មន្រ្តីអាវុធហត្ថឱ្យដឹងថាជនសង្ស័យទាំងប្រាំនាក់នេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កាលពីម៉ោងជាង១២ ថ្ងៃទី០៦ខែកក្កដា។


ជនសង្ស័យប្រាំនាក់ដែលត្រូវបានឃាត់ខ្លួននេះមាន១-ឈ្មោះ ហូ ឌឿត ហៅក្រៅ ដូង ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ជាងឈើ ។២-ឈ្មោះ ហេង ដាលីន ភេទស្រី អាយុ ៣៥ ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ។


៣-ឈ្មោះ ហុក វណ្ណៈ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជាងដែក រស់នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។៤-ឈ្មោះ សុខ រស្មី ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាងម៉ូតូរស់នៅភូមិផ្កាស្លា សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៥-ឈ្មោះ អ៊ុន អយ ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរ ជាងឈើរស់នៅភូមិអង់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
របាយការណ៍បញ្ជាក់ថាក្រោយការបង្រ្កាបកម្លាំងជំនាញបានដកហូត ១-គ្រឿងញៀនប្រភេទ (ម៉ាទឹកកក ICE) ចំនួន ០៣ កញ្ចប់ ទម្ងន់ ១៥០,២៥ ក្រាម ( ថ្លឹងទាំងថង់) ២-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០២ ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿងទូរស័ព្ទចំនួន ០៣ គ្រឿង និង ម៉ូតូចំនួន ០៤ គ្រឿង ។
មន្រ្តីកងរាជអាវុធហត្ថបានឱ្យដឹងថាជនសង្ស័យខាងលើនេះខ្លះជាមុខសញ្ញាចាស់ដែលធ្លាប់ជួញដូរគ្រឿងញៀនច្រើនសារ នាពេលកន្លងមក ៕