ចៅសង្កាត់​ស្វាយប៉ោ​៖ ៣ ចំនុច​គ្រឿងញៀន​តែងតែ កើតឡើង ក្នុង​សង្កាត់​

ទីតាំង​បី​កន្លែង​តែងតែ កើត​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿ​ញៀន ក្នុង​សង្កាត់​ស្វាយប៉ោ មានដូចជា​ចំនុច រ៉ា​ជង្រុក , កន្លែង​បើក​លេង​អ៊ិន​ធើ​ណេ​ត , និង កន្លែង​ក្លឹប​កំសាន្ត ។ នេះ​បើតាម​ការលើកឡើង របស់​ចៅសង្កាត់​ស្វាយប៉ោ នា​ថ្ងៃទី ១២ សីហា ឆ្នាំ ២០១៩ ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក បាត់ដំបង ។

លោក អ៊ុក គីម ចៅសង្កាត់​ស្វាយប៉ោ បាន​បង្ហាញថា ក្នុង​សង្កាត់ ចំនុច​ដែល តែង​កើត​ករណី ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន រយៈកាល​កន្លងទៅ គឺ​ស្ថិតនៅ រ៉ា​ជង្រុក ។ លោ​កថា​ដោយសារ ចំនុច​នោះ សំបូរ​ពលរដ្ឋ​រស់នៅ តំបន់​សំណង់ មិនទាន់​រៀបរយ ។ ចំណែក កន្លែង​លេង​អ៊ិន​ធើ​ណេ​ត និង​ក្លឹប​កំសាន្ត តែង មានការ​លួច​ប្រើប្រាស់ គ្រឿងញៀន ផងដែរ ។ ចំពោះ​បញ្ហា​នេះ លោក​ថា សង្កាត់ មាន​សហការ​ជាមួយ​ប៉ុស្តិ៍ និង​មាន​ប្រជា​ការពារ តាមដាន ហើយ​បច្ចុប្បន្ននេះ លោក​កំពុងធ្វើការ​ស្រង់​ទិ​ន្និ​ន័យ តំបន់​ទាំងអស់នោះ ដើម្បី​ទប់ស្កាត់​ករណី​គ្រឿងញៀន ។

​ចំណែក លោក អនុសេនីយឯក ជួន ចំណាប់ នាយផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ក្រុង​បាត់ដំបង ប្រាប់ថា បញ្ហា​នេះ សម្ថ​កិច្ច​បានធ្វើ​ការបង្ក្រាប ជា​ញឹក​ញ៉ាប់ នៅ​តំបន់​ទាំងនោះ ។ ក្នុងនោះដែរ លោក សូមឱ្យ យុវជន កុំ​មានការ​សាកល្បង​ប្រើប្រាស់​គ្រឿងញៀន ព្រោះ​វា​នាំឱ្យមាន​ផលប៉ះពាល់ ខ្លួនឯង ,​គ្រួសារ និង​សង្គមជាតិ ។​

ដូច្នោះ មនុស្ស​គ្រប់រូប ដើម្បី ការពារ​ខ្លួន ចៀសឱ្យផុត​ពី​ការប្រើប្រាស់​គ្រឿងញៀន​៖
​កុំ​ជឿ​តាម​ការពន្យល់​ណែនាំ​ពី​នរណាម្នាក់​អំពី​ផលប្រយោជន៍​របស់​គ្រឿងញៀន​,
​កុំ​គិតថា​ប្រើ​គ្រឿងញៀន​ជា​ថ្នាំ​បំប៉នកម្លាំង​ដើម្បី​រកលុយ ,​កុំ​សាកល្បង​ប្រើ​គ្រឿងញៀន ឱ្យសោះ សូម្បី​តែម្តង , កុំ​សេពគប់​អ្នក​ដែល​ប្រើ​គ្រឿងញៀន , កុំ​ជួញដូរ​គ្រឿងញៀន​, ត្រូវបដិសេធ​ចំពោះ​ការអូសទាញ ឱ្យប្រើ​ប្រាស់​គ្រឿងញៀន​។​

«​ការប្រើប្រាស់​គ្រឿងញៀន គឺ​បំផ្លាញ​អនាគត​របស់ខ្លួន និង​អ្នកជា​ទីស្រឡាញ់​» 

​អត្ត​បទ​៖ ញ៉ែម ចាន់​