កោះឌូបៃ ខេត្តបាត់ដំបងកំពុងអន្ទងចិត្តភ្ញៀវក្នុងស្រុកទៅលេងកំសាន្ត លំហែអារម្មណ៍ ជិះទូក ស្ទូចត្រីនិងថតរូបអនុស្សាវរីយជាដើម ពិសេសនៅថ្ងៃឈប់សម្រាក។
ភ្ញៀវគ្រាន់តែ លឺថាខេត្តបាត់ដំបងមានកោះឌូបៃដែរ ប្រាកដជាស្រមៃដល់ប្រទេសអារ៉ាប់រួមដែរល្បីល្បាញនៅក្នុងពិភពលោក ប៉ុន្តែតាមពិតកោះឌូបៃខេត្តបាត់ដំបង គ្រាន់តែជាកន្លែងថតរូបអនុស្សាវរីយ៍មួយ ក្នុងចំណោមកន្លែងកំសាន្តជាច្រើនទៀត ដែលស្ថិតនៅរមណីយដ្ឋានសួនស្នេហ៍លំហែបេះដូង។
កោះឌូបៃបាត់ដំបងចាត់ទុកថាជាទីតាំងកំសាន្តថ្មីមួយទៀតក្នុងចំណោមទីកម្សាន្តជាច្រើននៅជិតៗក្រងបាត់ដំបង ដែលកំពុងទាក់ទាញចិត្តភ្ញៀវទេសចរណ៍ទៅលេងកំសាន្តបន្ទាប់ពីធ្វើការងារហត់ឬហត់ពីការសិក្សា មកស្រូបខ្យល់អាកាសបរិសុទ្ធ អង្គុយកញ្ចុះ ញុំាអារហារជួបជុំមិត្តភ័ក្ដិ ជួបជុំបងប្អូននិងក្រុមគ្រួសារ ក្រោមបរិយាកាសស្រស់ស្រាយ។
ទីតាំងកោះឌូបៃនេះ បើជិះពីក្រុងបាត់ដំបង ប្រហែល២០គីឡូម៉ែត្រនឹងទៅដល់គោលដៅដែល មានទីតាំងនៅជាប់វាលស្រែល្វឹងល្វើយស្ថិតក្នុង ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានចម្ងាយប្រាសាទ បាសែត ប្រហែល២រឺ៣គីឡូម៉ែត្រប៉ុណ្ណោះ។
ភ្ញៀវទេសចរណ៍ក្នុងស្រុកដែរមកលេងកំសាន្តនៅទីនេះ ចូលចិត្តស្ទូចត្រីកំសាន្ត ជិះទូកឆ្វែលជុំវិញ កោះឌូប៉ៃ ថតរូបលេងកំសាន្តអារម្មណ៍ល្អ ជាមួយទេសភាពស្អាតប្លែកភ្នែក បូករួមជាមួយនឹង ទេសភាព វាលស្រែព័ទ្ធជុំវិញ។
បើតាមបុគ្គលិកនៅទីនេះបានឱ្យដឹងថាទីតាំងនេះអាចកម្មង់ម្ហូបពិសារ ប៉ុន្តែមិនទទួលកម្មង់គ្រឿងស្រវឹងទេព្រោះម្ចាស់ទីតាំងជាជនជាតិអិស្លាម បងប្អូនអាចទទួលទានទឹកក្រូចនិងទឹកសុទ្ធបាន។មួយវិញទៀតបងប្អូនអាចជិះទូកលេងកម្សាន្ត ដែរមានតម្លៃត្រឹមតែ ២០០០រៀលត្រឹមមួយនាក់មានហ្រី្វអាវពង បើបងប្អូនចង់ស្ទូចត្រីបាន ប៉ុន្តែពេលស្ទូចបានត្រី ម្ចាស់ទីតាំងគិតមួយគីឡូ៦០០០រឺ៧០០០រៀល បើចង់ចម្អិននៅទីតាំងនេះក៏បានរឺយកទៅផ្ទះក៏បាន នេះបើតាមបុគ្គលិកបញ្ជាក់ប្រាប់។
សូមបញ្ជាក់ថា ក្រៅពីរមណីយដ្ឋានសួនស្នេហ៍បេះដូងនេះ មានទីតាំងកំសាន្តជាច្រើនផ្សេងទៀតនៅក្បែរៗក្រុងបាត់ដំបង ដូចជា ប្រាសាទបាសែត ប្រាសាទឯកភ្នំ ប្រាសាទបាណន់ ចំការផ្កា បឹងរលួស វាលស្រែស្រូវកាហ្វេ ព្រលានយន្តហោះវាលបែងចាន ជាដើម ៕
អត្ថបទ សុខ មន្នីនាថ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង