អភិបាលស្រុកឯកភ្នំ ថាអាជ្ញាធរមិនមានផែនការណាមួយអោយប្រជាពលរដ្ឋរស់នៅលើខ្នងអាង ចាកចេញនោះទេ

លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំខេត្តបាត់ដំបង បានបញ្ជាក់ថា អាជ្ញាធរមិនទាន់មាន ផែនការណា អោយប្រជាពលរដ្ឋរស់នៅលើខ្នងអាងភាស និង រ៉បមាត់ស្ទឹងជាប់អាងនេះ ចាកចេញនៅឡើយទេ គឺប្រជា ពលរដ្ឋរស់នៅទីណា គឺរស់នៅទីនោះធម្មតាសិន ។


ចំណែកគ្រឿងចក្រដែល ក្រុមហ៊ុនឯកជន ចំនួនពីរ ដែលអាជ្ញាធរខេត្តអោយកាយយក អាចន៍ដីនៅ ចំណុចអាងភាសនោះ គឺកាយដីណាដែលមិនមានប្រជាពលរដ្ឋអាស្រ័យផលតែប៉ុណ្ណោះ ។ ចំណែកដីប្រជាពលរដ្ឋ អាស្រ័យផលជាក់ស្តែង២២គ្រួសារស្មើរនឹងជាង៣០ហិចតា គឺមិនបានកាយនោះទេ គឺរង់ចាំដោះស្រាយ ពេលក្រោយ ។

ការបញ្ជាក់របស់លោក អភិបាលស្រុកឯកភ្នំនេះ ក្រោយពី ប្រជាពលរដ្ឋមានដីស្រែនិង លំនៅដ្ឋាននៅ ចំណុចអាងភាស ប្រមាណជិត១០០នាក់ក្នុងចំណោម ជាង ២០០ គ្រួសារ បានលើកគ្នា មកតវ៉ា អោយគ្រឿង ចក្របញ្ឈប់ការកាយអាចន៍ដីក្នុងស្រែពួកគាត់ និង ទាមទា ឱ្យ អាជ្ញាធរកាត់ ឆ្វៀលដីអោយពួក គាត់បាន កាន់កាប់ស្របច្បាប់ នាព្រឹកថ្ងៃទី ១៥ខែសីហា ឆ្នាំ ២០២២ នេះ ។


ប្រជាពលរដ្ឋ លោកសោម សុភ័ណ្ឌ មានដី៤ហិចតា នៅចំណុចអាងភាសបាននិយាយថា ប្រជាពលរដ្ឋ ដែលឡើងមកតវ៉ានេះ គឺអ្នករស់នៅនិងអាស្រ័យផលនៅចំណុចអាងភាសនេះទាំងអស់ ទាំងអ្នក មានដីស្រែ និង លំនៅដ្ឋានលើខ្នងអាងភាស និង រ៉បមាត់ស្ទឹង ដែលមានផ្ទះដីជិត២០០០ហិចតា ។

លោកបញ្ជាក់ថា ពួកគាត់ទាមទា ឱ្យបញ្ឈប់ការកាយអាចន៍ដីស្រែរបស់ពួកគាត់ និង កាត់ ឆ្វៀលដី អោយពួកគាត់បានកាន់កាប់ស្របច្បាប់ ដើម្បីរស់នៅនិងអាស្រ័យផលចិញ្ចឹមជីវិត ។

លោក ជីវី ដែលមានដីជាង១០ហិចតា ដែលទិញពីអ្នកភូមិម្នាក់កន្លះហិចតាៗ តាំងពីឆ្នាំ១៩៩៣មក បាន និយាយថា គ្រឿងចក្រពីមុនកាយដីស្រែប្រជាពលរដ្ឋ ២៣គ្រួសារ ស្មើរ ជាង៣០ហិចតា តែ ដោយប្រជាពល រដ្ឋតវ៉ា គេងាកមកកាយលើដីស្រែរបស់គាត់ម្តងដែលមានព្រំប្រទល់ ជាប់គ្នា ប្រហែល ១០ថ្ងៃមកហើយ ។
ចំណែក ប្រជាពលរដ្ឋ អ្នកស្រី រឿន រ៉ើយ អាយុ ៦៤ ឆ្នាំ បាននិយាយថា គាត់មានដីភូមិប្រមាណកន្លះហិចតា នៅរ៉បមាត់ស្ទឹង នៅចំណុចអាងភាសនេះ ដែលអាជ្ញាធរចែកអោយតាំងពីឆ្នាំ ១៩៨០ផ្លាយ មកម្លេះ ដែលដី នេះគឺជាដី ភូមិចាស់ របស់ដូនតាគាត់រស់នៅតជំនាន់ មកហើយ ។ អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះ គាត់មាន មុខរបរ រកក្តាមខ្យង ដើម្បីចិញ្ចឹមកូន បីនាក់ ប្រចាំថ្ងៃ បើអាជ្ញាធរយកដីរបស់គាត់នោះ ប្រាកដ ជាគ្មានទី ជម្រកនោះទេ ។
ឆ្លើយតបបញ្ហានេះ លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំបានបញ្ជាក់ថា អាជ្ញាធរបានហៅ ប្រជាពលរដ្ឋ ផ្សព្វផ្សាយច្រើនសារមកហើយ ថាដីអាងភាសនេះជាដីរបស់រដ្ឋ ដែលមានប្លង់រឹងត្រឹមត្រូវ ដែលស្ថិតនៅក្នុងការ គ្រប់គ្រងរបស់ក្រសួងធនធានទឹក មិនមែនជាដីរបស់ប្រជាពលរដ្ឋនោះទេ ហើយអាជ្ញាធរក៏គ្មាន សិទ្ធកាត់ឆ្វៀល ជូនប្រជាពលរដ្ឋបានដែរ ហើយក៏គ្មានសំណងណាមួយទេព្រោះជាដីរបស់រដ្ឋ។
លោកអភិបាលស្រុកបញ្ជាក់ថាប្រជាពលរដ្ឋមិនអាចរារាំងមិនអោយគ្រឿងចក្រកាយដី ដើម្បីស្តារអាងភាស នេះបានទេ វាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋ សម្រាប់បម្រើសាធារណៈ។
លោកបញ្ជាក់ថាក្រសួងធនធានទឹក តាមរយៈអាជ្ញាធរខេត្តបានអនុញ្ញាតិ អោយ ក្រុមហ៊ុនចំនួនពីរ កាយអាចន៍ដី ចំនួន១០០ហិចតា នៅចំណុចអាងភាសជិត២ពាន់ហិចតានេះ ជាជំហ៊ានដំបូងសិន គឺកាយ ជម្រៅ៤ម៉ែត្រ ដើម្បីស្តុកទឹក សម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ ។លោកបន្ថែមថាតាមគម្រោង ក្រសួង ធនធានទឹកនឹងមានការ អភិវឌ្ឍន៍តំបន់នេះ ក្លាយជាអាងស្តុកទឹកមួយដ៏ធំ តែលោកមិនទា ន់ច្បាស់ថាមាន ការអភិវឌ្ឍន៍យ៉ាងណាទេ គម្រោងនេះនិងបង្ហាញនាពេលខាងមុខនេះ ។