ឯកឧត្តមសុខលូ បានជួបពិភាក្សាការងារ ជាមួយ ប្រតិភូទីភ្នាក់ងារ បារាំងសម្រាប់ ការអភិវឌ្ឍន៍ ប្រចាំប្រទេសកម្ពុជា និងប្រតិភូ នៃសហភាពអឺរ៉ុប


ឯកឧត្តមសុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជួបពិភាក្សាការងារ ជាមួយប្រតិភូ នៃទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍន៍ ប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី BOURHIS Ophelie នាយិកាប្រចាំប្រទេសកម្ពុជា ប្រតិភូនៃ សហភាពអឺរ៉ុប ដឹកនាំដោយលោក Bryan FORNARI ប្រធាន កិច្ចសហប្រតិបត្តិការ នៃសហភាពអឺរ៉ុប និងមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធ កម្ពុជាមួយចំនួនទៀតផងដែរ។

ឯកឧត្តមសុខលូ បានថ្លែងអំណរគុណ ដល់គណៈប្រតិភូ នៃទីភ្នាក់ងារ បារាំងសម្រាប់ ការអភិវឌ្ឍន៍ ប្រចាំប្រទេសកម្ពុជា ក៏ដូចជាប្រតិភូនៃ សហភាពអឺរ៉ុប និងឯកឧត្តម ចាន់យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម ដែលបានចំណាយពេលវេលា ក្នុងការចូលរួម សំដែងការគួរសម ក៏ដូចជាការពិភាក្សាលើ គម្រោងអភិវឌ្ឍន៍វិស័យ នានាក្នុងខេត្តបាត់ដំបង។ ឯកឧត្តមបានបញ្ជាក់ទៀតថា ខេត្តបាត់ដំបងជាខេត្តមួយ ដែលមានសក្កានុពល លើវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលមានប្រព័ន្ធធារាស្រ្ត ខ្វាត់ខ្វែង ដែលជាអំណោយផល ដល់ការបង្កបង្កើនផល ដំណាំកសិកម្ម ក្នុងខេត្ត ទទួលបានលទ្ធផលល្អ ហើយពិសេសជាងនេះទៀត ការសាងសង់ទំនប់ ស្ទាក់ទឹកសាលាតាអន សម្រេចបាន ជិតទាំងស្រុងនាពេលខាងមុខ ដែលអាចធ្វើការទប់ទឹក ស្ទឹងសង្កែបាន ទៅតាមកម្រិត កម្ពស់ដែលយើងចង់បាន ដែលជួយបង្កើន សោ ភ័ណ្ឌភាពស្ទឹងសង្កែ ក៏ដូចជា សោភ័ណភាព ក្រុងបាត់ដំបង ឲ្យកាន់តែស្រស់បំព្រង ថែមមួយកម្រិតទៀត និងតំបន់ទេសចរណ៍ មានអាគារបូរាណ ពោរពេញទៅដោយ ក្បូក្បាច់រចនា គួរគយគន់ ក្នុងការគ្រប់គ្រង ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

លោកស្រី BOURHIS Ophelie នាយិកាប្រចាំប្រទេស កម្ពុជាបានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលបានខិតខំប្រឹងប្រែង អភិរក្ស បឹង ទន្លេសាប ដែលជាបឹងដ៏ធំមួយ សំបូរទៅដោយ មច្ឆាជាតិ ជាច្រើន និងបានចូលរួមក្នុងការ អភិវឌ្ឍ វិស័យកសិកម្ម ក្នុងខេត្ត ឱ្យមានការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ។ លោកស្រីបានបញ្ជាក់ទៀតថា ចំពោះគម្រោង ដែលទីភ្នាក់ងារបារាំង សម្រាប់ការភិវឌ្ឍ កំពុងដំណើរការនាពេលនេះ គឺផ្ដោតទៅលើវិស័យ កសិកម្ម ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រព័ន្ធ ក្នុងខេត្តបាត់ដំបង។ លោកស្រីបានឲ្យដឹងទៀតថា ប្រសិនបើមានការ គាំទ្ររដ្ឋបាលខេត្ត ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ នឹងធ្វើការសិក្សា អំពីវិធីសាស្រ្ត ក្នុងការរំដោះទឹកជំនន់ ក្នុងក្រុងបាត់ដំបង ដែលតែងតែកើតមានឡើង ជារៀងរាល់ឆ្នាំ ដែលទឹកស្ទឹងសង្កែ ឡើងដល់កម្រិតខ្ពស់ ដើម្បីកាត់បន្ថយ បញ្ហាទឹកលិច ក្នុងក្រុងបាត់ដំបង៕ ប្រភព រដ្ឋបាលខេត្ត បាត់ដំបង