ស្នងការនគរបាលខេត្តបានឱ្យដឹងថាពូជពោត ចំនួន៧៧១ការុង(១ការុង១០គីឡូ) សរុបជិត៨ តោនពូជ ដែលក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនដើមឈ្មោះ Sun smile import export Co.,LTD ត្រូវបានដុតបំផ្លាញចោល នាថ្ងៃទី០៤វិច្ឆិកាដើមសប្តាហ៍នេះនៅទីលានចាក់សំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ស្នងការខេត្តបញ្ជាក់លើផេករបស់ខ្លួនថាការដុតបំផ្លាញគ្រាប់ពូជពោតក្លែងក្លាយខាងលើនេះដោយបានការអនុញ្ញាតិពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់តាំងឱ្យកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានមានការចូល រួមពីមេធាវីតំណាងក្រុមហ៊ុនបានធ្វើការដុតបំផ្លាញ និងកប់ចោលនូវគ្រាប់ពូជពោតខាងលើនេះ។
លោក យី យក់សាន ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តបានឱ្យដឹងថា ករណីពូជក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញាខាងលើនេះគឺត្រូវបានដកហូតនាពេលកន្លងមកទៅតាមពាក្យ បណ្តឹងរបស់ក្រុមហ៊ុនដែលមានមេធាវីមកពីភ្នំពេញ ហើយកម្លាំងជំនាញសហការជាមួយ លោក ព្រះរាជ អាជ្ញា អនុវត្តនីតិវិធីតាមផ្លូវច្បាប់តាមពាក្យបណ្តឹងនេះ។
បើតាមលិខិតមួយច្បាប់របស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តស្នើ សុំលោក ព្រះរាជអាជ្ញាអមសាលាដំបូងដុតបំផ្លាញចោលគ្រាប់ពូជពោតក្លែងក្លាយខាងលើនេះ នឹងមានការឯកភាពពី តំណាងព្រះរាជអាជ្ញាគឺលោកទុត វីនីតកាលពីថ្ងៃទី១៦ខែតុលា២០២៤ បានបញ្ជាក់ថាគ្រាប់ពូជពោត ក្លែងក្លាយខាងលើនេះត្រូវបាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តឆែកឆេរទីតាំង ស្តុក និង ចែកចាយគ្រាប់ពូជពោត ចំនួន៤ ទីតាំងក្នុងភូមិសាស្រ្តខេត្តបាត់ដំបង កាលពីថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៤ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនខាងលើ ។ ការបង្រ្កាបករណីរំលោភកម្មសិទ្ធិបញ្ញានេះ ត្រូវបានរកឃើញ គ្រាប់ពូជពោតម៉ាក Sun smile២០២០ ចំនួន៧៧១ការុងត្រូវបានដកហូត យកមករក្សាទុកនៅ ស្នងការខេត្ត។
ជុំវិញទីតាំងដែលលក់ ស្តុកទុកគ្រាប់ពូជពោតក្លែងក្លាយ៤ទីតាំងដែល រំលោភកម្មសិទ្ធិបញ្ញា តាមពាក្យ បណ្តឹងរបស់ក្រុមហ៊ុន Sun smile import export Co.,LTD ខាងលើនេះមិនទាន់ដឹងថាមានការជាប់ ពាក់ព័ន្ធ នឹងផ្លូវច្បាប់រឺយ៉ាងណានោះទេ។
ជុំវិញទីតាំងចំនួន៤ដែលសមត្ថកិច្ចដកហូតគ្រាប់ពូជពោតក្លែងក្លាយខាងលើតើជាប់ពាក់ព័ន្ធផ្លូវច្បាប់យ៉ាងណានោះ យើងមិនទាន់អាចសុំទំនាក់ទំនងការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូង ខេត្តបាត់ដំបងបាន នៅឡើយទេ នាល្ងាចថ្ងៃទី៥វិច្ឆិកាដោយលោកថារវល់ជម្រះក្តី។
សូមបញ្ជាក់ថាបើតាមស្នងការខេត្តបាត់ដំបងបញ្ជាក់ថាការបង្រ្កាបករណីរំលោភកម្មសិទ្ធិបញ្ញាខាងលើនេះក្រោយពីតំណាងក្រុមហ៊ុនខាងលើបានរកឃើញ គ្រាប់ពូជពោតក្លែងក្លាយខាងលើនេះបានកំពុងធ្វើ ចរាចរណ៍ នៅលើទីផ្សារមួយចំនួន ជាពិសេសក្នុងភូមិសាស្រ្តស្រុកជាប់ព្រំដែនកម្ពុជាថៃ ៕ ភី សុខ