រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើដល់អង្គការ FAO ពិនិត្យលទ្ធភាព ជួយឧបត្ថម្ភថ្នាំ ការពារជំងឺដុំពក លើស្បែកគោក្របី

Mot Voyho, [13.08.21 16:10]

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើសុំឲ្យអង្គការ ស្បៀងនិងកសិកម្ម នៃសហប្រជាជាតិ FAO ប្រចាំកម្ពុជា ពិនិត្យលទ្ធភាព ជួយឧបត្ថម្ភ ថ្នាំការពារជំងឺ ដុំពកលើស្បែក គោ ក្របី ដែលជំងឺនេះ កំពុងរីករាលដាល នៅកម្ពុជា នាពេលបច្ចុប្បន្ន។ ការស្នើបែបនេះ ធ្វើឡើងអំឡុងពេល ដែលឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Alexandre Huynh នាយកអង្គការ ស្បៀងនិងកសិកម្ម នៃសហប្រជាជាតិ FAO ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបញ្ចប់ បេសកកម្មការងារ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល 5 ឆ្នាំ នាថ្ងៃទី 12 ខែសីហាកន្លងទៅនេះ។

ក្នុងជំនួបចុងក្រោយ នេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក Alexandre Huynh និងសាហការី ក្នុងស្មារតីទទួលខុសត្រូវ និងសហការបានយ៉ាងល្អ ជាមួយថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពក្រោមឱវាទ ក្នុងការអនុវត្តគម្រោងនានា ក្នុងគោលបំណង ជួយអភិវឌ្ឍន៍វិស័យកសិកម្ម កម្ពុជាឲ្យមានការរីកចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងទៀត អាណត្តិរបស់ លោក លើទឹកដីសន្តិភាពមួយនេះ គម្រោងគាំទ្រ ដល់ការអភិវឌ្ឍន៍ អនុវិស័យមួយចំនួន ដែលទទួលបានការឧបត្ថម្ភ និងគាំទ្រដោយអង្គការ FAO កំពុងផ្ដល់ផ្លែផ្កាគួរកត់សម្គាល់។

មិនតែប៉ុណ្ណោះ គម្រោងទាំងនេះ បានជួយជំរុញកែលម្អ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយបច្ចេកទេស កសិកម្មទំនើប ដល់កសិករ ដែលនេះគឺជា ទន់ ឬជាគ្រឹះដ៏រឹងមាំ ក្នុងការពង្រឹងនិងពង្រីក សមត្ថភាពផលិតនានា បានទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងបរិបទ ទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាបន្ន និង នវានុវត្តន៍ ពិសេសសម្របតាម គោលនយោបាយ និងផែនការអភិវឌ្ឈន៍ វិស័យកសិកម្ម ថ្នាំ 2019 2023។

លោក Alexandre Huynh បានជំរាបលា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង អង្គភាព និងមន្ត្រីជំនាញ គ្រប់អនុវិស័យទាំងអស់ ដែលបានផ្ដល់ការគាំទ្រ និងសហការ ដល់ធាតុចូល គ្រប់បែបយ៉ាង ដែលធ្វើឲ្យបេសកកម្ម របស់លោកនៅកម្ពុជា សម្រេចបានជោគជ័យ ពិសេសគម្រោងអភិវឌ្ឈន៍ វិស័យកសិកម្ម ខ្លះបានបញ្ចប់ និងខ្លះទៀតបាននិងកំពុង ដំណើរការពោរពេញទៅដោយ ក្តីសង្ឃឹមថា និងរួមចំណែកអភិវឌ្ឍន៍ វិស័យមួយ នេះ ឱ្យមានការរីកចម្រើន ស្របតាមគោលនយោបាយ ដែលរាជរដ្ឋាភិ ក៏ដូចជាក្រសួងបាន គ្រោងទុក ក្នុងន័យរួមចំណែក លើកកម្ពស់កម្រិត ជីវភាព បង្កើនប្រាក់ចំណូល បង្កើនឱកាសការងារ បង្កើនផលិតភាព ផលលិតកម្ម ធានា បានសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ទទួលយក បច្ចេកវិជ្ជាកសិកម្ម ថ្មីៗ ទៅអនុវត្ត ដើម្បីផ្លាស់ប្ដូរ ទម្លាប់ បង្កើនប្រសិទ្ធភាព ផលលិតកម្ម និងសេដ្ឋកិច្ច។ ទោះបីបេសកកម្ម លោកត្រូវបានបញ្ចប់ ប៉ុន្តែចំពោះសំណើចុងក្រោយ របស់ឯកឧត្តមរដ្ឋមន្ត្រី លោកសន្យាថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការស្វែងរកថ្នាំការពារ ជំងឺដុំពក ស្បែកគោ ក្របី ជួយដល់ប្រទេសកម្ពុជា៕ ប្រភព វិទ្យុជាតិ កម្ពុជា