អាជ្ញាធរក្រុងបាត់ដំបងអនុញ្ញាតិដល់អាជីវករផ្សារបឹងឈូកចូលយកឥវ៉ាន់សេសសល់ក្នុងតូបក្រោយភ្លើងឆេះនៅព្រឹកថ្ងៃពុធនេះ

បាត់ដំបង ៖ លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថាអាជីវករផ្សារបឹងឈូក ដែលតូប មិនឆេះអាចអញ្ជើញ មកចុះឈ្មោះបំពេញនិតិវិធីចូលយកឥវ៉ាន់របស់ខ្លួន ទៅតាមលំដាប់លេខរៀង នាម៉ោង០៩និង៣០នាទី ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះបានហើយ។

សូមបញ្ជក់ថាអាជ្ញាធរធ្វើការអនុញ្ញាតិឱ្យអាជីវករចូលយកឥវ៉ាន់របស់ខ្លួននាព្រឹកនេះ បន្ទាប់ពីក្រុមអាជីវករ ប្រមាណជិត ១០០នាក់បានប្រមូលផ្តុំគ្នានាព្រឹកថ្ងៃទី០៥ខែវិច្ឆិកាម្សិលមិញនៅមុខផ្សារបឹងឈូក ដើម្បីស្នើ សុំអាជ្ញាធរ ចូលពិនិត្យតូបលក់ដូររបស់ពួកគាត់ ព្រោះតូបខ្លះយកឥវ៉ាន់មិនទាន់អស់ ចង់ពិនិត្យស្ថានភាពតូប និងចង់រកដំណោះស្រាយ ក្រោយពីអគ្គីភ័យឆាបឆេះផ្សាខូចខាតដែលបណ្តាលទំនិញនិងសម្ភារៈអស់ជាច្រើន។

លោក លាង វាសនា បានបញ្ជាក់ថាមកទល់ល្ងាចថ្ងៃទី០៥វិច្ឆិកា អាជ្ញាធរនិងមន្រ្តីជំនាញមិនទាន់វាយតម្លៃពីទំហំ ខូចខាតនៃសំណង់ផ្សារដែលរងការឆេះរយៈពេលប្រហែល៥ម៉ោង ដោយរង់ចាំគណៈកម្មការថ្នាក់ជាតិ-ថ្នាក់ខេត្ត និងធ្វើការប្រជុំ ពិនិត្យជាក់ស្តែង និងធ្វើការវាយតម្លៃរួចរាល់សិន ។ចំពោះឧបទ្ទវហេតុនៃការឆេះភ្លើងអគ្គិភ័យនេះ ក្រុមការងារកំពុងស្រាវជ្រាវលំអិតអំពីមូលហេតុដែលបណ្តាលអោយកើតឧបទ្ទវហេតុឆេះផ្សារបឹងឈូកនៅជាន់ទី1 នេះនៅឡើយ។

ទោះបីយ៉ាងណាលោកអភិបាលក្រុងបានបង្ហាញលទ្ធផលកាលពីថ្ងៃទី០៥ខែវិច្ឆិកាបញ្ជាក់ថាក្នុងការចុះពិនិត្យ និងវាយតម្លៃជាបឋម ឃើញថា ចំនួនតូបនៅជាន់ទី1 នៃផ្សារបឹងឈូក មានចំនួន148តូប ដែលភាគច្រើនជាតូបលក់ក្រណាត់, លក់ក្រណាត់ប៉ាក់ ឌិន , លក់វាំងនន, លក់កម្រាលពូក ហើយបានឆេះខូចខាតអស់ទាំងស្រុងចំនួន139តូប និងនៅសល់3តូប ប៉ុន្តែមិនទាន់អាចបើកតូប9 តូបបាន ដោយសារស្ថានភាពនៅជាន់ទី1 នៅមានសភាពគ្រោះថ្នាក់ ប្រេះស្រាំ សរសៃដែក និងបេតុងដែលនូវរងកំដៅខ្លាំង ងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ ដោយឡែកតូបលក់ដូរផ្នែកជាន់ផ្ទាល់ដី មានចំនួន284តូប មិនមានផលប៉ះពាល់ដោយសារអគ្គិភ័យឡើយ ។

អាជ្ញាធរឱ្យដឹងថាសំណង់អគារផ្សារបឹងឈូកនេះ បានដំណើរការសាងសង់នៅក្នុងឆ្នាំ1992 និងសម្ពោធដាក់អោយដំណើរការប្រើប្រាស់នៅក្នុងឆ្នាំ1996 មានទំហំ63ម៉ែត្រ × 27ម៉ែត្រជាន់ផ្ទាល់ដី និងជាន់ទី1 មានផ្ទៃក្រឡាអគារទាំងមូលចំនួន3402ម៉ែត្រការ៉េ និងមានអាយុកាលសំណង់អគាររយៈពេល32ឆ្នាំមកហើយ ។

សូមបញ្ជាក់ថាអគ្គីភ័យបានឆាបឆេះជាន់ទី១នៃផ្សារបឹងឈូកកណ្តាលក្រុងបាត់ដំបង នាម៉ោងប្រហែល ១០និង៣០នាទីយប់ថ្ងៃទី០៣ខែវិច្ឆិកា ដោយអណ្តាតភ្លើងឆាបឆេះខ្លាំងប្រហែល៥ម៉ោង ទើបគ្រប់គ្រងបាន។ ខណៈពេលដែលអគ្គីភ័យកំពង់ឆាបឆេះមានកម្លាំងនគបាល អាវុធហត្ថ យោធា ប្រជាការពារ និងសន្តិសុខ អាជ្ញាធរសរុបជិត៨០០នាក់ បានចុះមកជួយអន្តរាគមន៍ពន្លត់ ជួយជញ្ជូនសម្ភារៈ ទំនិញ របស់អាជីវករ និងការពារសន្តិសុខជាដើម។ ព្រមទាំងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១៣គ្រឿង ប្រើប្រាស់ទឹក៥០ឡាន ទើបអាចពន្លត់បានទាំងស្រុងនៅម៉ោងជាង៣ទាបភ្លឺឈានចូលថ្ងៃទី០៤វិច្ឆិកា។ នឹងក្រោយពីឆាបឆេះ កងកម្លាំងនៅបន្ត យាមកាមជុំវិញផ្សាបឹងឈូក មិនអនុញ្ញាតិឱ្យអាជីវករ ប្រជាពលរដ្ឋចូលទៅក្នុងផ្សានោះទេ ដោយខ្លាច ក្រែងរងគ្រោះថ្នាក់ជាយថាហេតុ និងខ្លាចជនខិលខូច បន្លំយកទំនិញរបស់បងប្អូនអាជីវករ។

លោកអភិបាលក្រុងបានធានាថាសូមបងប្អូនកុំបារម្ភរឿងទំនិញរបស់ខ្លួនក្នុងតូបដែលមិនទាន់ឆេះនិងដែលមិនទាន់ជញ្ជូនអស់ គឺមិនបាត់បង់នោះទេ ដោយមានសមត្ថកិច្ចឈ យាមពីខាងក្រៅផ្សារទាំងយប់ ទាំងថ្ងៃ ពោលសូម្បីតែសមត្ថកិច្ចក៍មិនអនុញ្ញាតិឱ្យចូលដែរបើគ្មានការអនុញ្ញាតិ៕

អត្ថបទ ៖ លោក ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង