ឆ្លងចរន្តអគ្គីភ័យឆាបឆេះបន្ទប់ហាត់របាំវិទ្យាល័យនេតយ៉ង់បង្កការភ្ញាក់ផ្អើល

មានករណីឆេះបន្ទប់ហាត់របាំមួយរបស់វិទ្យាល័យនេតយ៉ង់ស្ថិតនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង បណ្ដាលឲ្យឆេះសម្ភារៈផ្នែករបាំទាំងស្រុង កាលពីម៉ោងជាង៦ល្ងាចថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ ។

លោក សេន ភារម្យ នាយការិយាល័យបង្កានិងពន្លត់អគ្គីភ័យនៃស្នងការនគបាលខេត្តបាត់ដំបង បានឱ្យដឹងថាខណៈដែលអណ្តាតភ្លើងកំពុងឆាបឆេះ លោកបានទទួលព័ត៌មាននិងបានបញ្ចេញ រថយន្តពន្លត់ អគ្គីភ័យចំនួន០២គ្រឿងទៅអន្តរាគមន៍ភ្លាមៗ ប៉ុន្តែមិនបានបាញ់ទឹកនោះទេ ដោយសារ ពេលទៅដល់ខាងអ្នកគ្រប់គ្រងសាលាបានប្រើប្រាស់ បំពង់ពន្លត់អគ្គីភ័យអាចគ្រប់គ្រងភ្លើងបាន ហើយមន្រ្តីបច្ចេកទេសបានទៅពិនិត្យនិងបំពង់បាញ់បន្ថែមដើម្បីកុំឱ្យរាលដាលដល់បន្ទប់ផ្សេង។

លោក អឿម ឃឿម នាយកសាលានេតយ៉ង់ បានបញ្ជាក់បន្ថែមថាបន្ទប់របាំបន្ទប់នៅជាន់លើ នៅពេលដែលឆ្លងរន្តអគ្គីសនី ឆេះភ្លាម ក្រុមគ្រូបង្រៀនដែលប្រចាំការបានទាញបំពង់ពន្លត់ អគ្គីភ័យដែលដាក់ប្រចាំនៅ សាលាបានធ្វើការបាញ់ពន្លត់ភ្លាមៗគ្រប់គ្រង់បានប្រហែល៦០ភាគរយ ក្រោយមកខាងមន្រ្តីបង្កានិង ពន្លត់អគ្គីភ័យមក ដល់បានចុះត្រួតពិនិត្យបានបាញ់បន្ថែម៤០ភាគរយទៀតគ្រប់គ្រងបានទាំងស្រុង ដើម្បីទប់ស្កាត់មិនឱ្យ ឆេះរាលដាលបន្ថែមទៀត ។លោកគ្រួបន្ថែមថាទំហំនៃការខូចខាតបន្ទប់ របាំនេះប៉ាន់ស្មាន អស់ទឹកប្រាក់ប្រហែល២ពាន់ដុល្លារ ស្មើ៨លានរៀល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា អគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយបង្កឱ្យ ខូចខាត រួមមាន ឆេះបន្ទប់១ទំហំ៤គុណ១៦ម៉ែត្រ ឆេះតុឈើ០៤ ឆេះកៅអីចំនួន០១ ឆេះកង្ហាពិដាន ចំនួន ០៣ និង សម្ភារសិក្សាផ្នែករបាំ ត្រូវភ្លើងឆេះអស់ទាំងស្រុង ៕ អត្ថបទ ភី សុខ