កម្ពុជា​ចាប់ផ្តើម​អោយ​ជនបរទេស​ធ្វើដំណើរ​ចូលមក​កម្ពុជា តម្កល់​ប្រាក់​៣០០០​ដុល្លារ​លើ​ប្រព័ន្ធ​ធនាគារ ចំណាយ​សម្រាប់​ធ្វើ​តេស្ត​និង​ចត្តា​ឡី​ស័ក​

​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល ឯកឧត្តម​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែងថា ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​នេះ​តទៅ គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ចាប់ផ្តើម​អនុវត្ត​នូវ​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល ស្តីពី​ការ​តំកល់​ថវិកា នៅ​ពេល​អ្នក​ដំណើរ​ជា​ជនបរទេស​ចូលមក​កម្ពុជា ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ ដែល​មាន​បញ្ជរ​នៅតាម​ទីតាំង ដែល​អ្នកដំណើរ​មកដល់​នេះ​បើ​តាម​សារព័ត៌មាន​Fresh News ចេញផ្សាយ​ថ្ងៃ​នេះ​។​

​ក្នុង​នោះ​ក្រសួង​បាន​រៀបចំ​ដាក់​ប្រព័ន្ធ​ធនាគារ​ឯកជន នៅ​ព្រលានយន្តហោះ សម្រាប់​ជនបរទេស ដែល​តម្រូវ​ឲ្យ​តម្កល់លុយ​ទុក​ចំនួន​៣​ពាន់​ដុល្លារ សម្រាប់​ចំណាយ​ផ្សេងៗ​ដូចជា ទៅលើ​ការធ្វើ​តេស្ត និង​ចត្តា​ឡី​ស័ក ពេល​ធ្វើដំណើរ​ចូលមក​កម្ពុជា​។​

​ការ​ថ្លែង​បែប​នេះ​របស់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុង​កិច្ចប្រជុំ​ស្តីពី​វិធានការ​ការពារ ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ដែល​ប្រព្រឹត្ដទៅ​នៅ​ទីស្ដីការក្រសួ​ង​សុខាភិបាល នា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ រួមជាមួយ​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​ចំនួន​១០​ប្រទេស និង​តំណាង​ស្ថាន​បេសកកម្ម​ការទូត​បរទេស​ចំនួន​២១​ប្រទេស ព្រមទាំង​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ផងដែរ​។​

​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បាន​លើកឡើង​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា ដោយ​បាន​គូស​រំលេច​ថា រហូតមកដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​ករណី​វិជ្ជ​មានកូ​វីដ​១៩ (Confirmed Cases) ចំនួន​១២៨​ករណី ជាសះស្បើយ​ចំនួន​១២៥ និង​មិន​មាន​ករណី​ស្លាប់​ទេ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​នៅក្នុង​អង្គប្រជុំ ពី​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត ដោយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អ្នកដំណើរ​ជា​ជនបរទេស ដែល​ចូលមក​កម្ពុជា​តម្រូវឲ្យមាន​៖

១៖ វិញ្ញាបនបត្រ​សុខភាព បញ្ជាក់​ថា​គ្មាន​មេ​រោគកូ​វីដ​១៩ ក្នុង​រយៈពេល ៧២​ម៉ោង​

២៖ ឯកសារ​ធានារ៉ាប់រង​សុខភាព ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងតិច​៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​អំឡុងពេល​ស្នាក់នៅ​កម្ពុជា (​តម្រូវការ​នេះ​មិន​សម្រាប់​មន្ត្រី នៃ​ស្ថាន​តំណាង​បរទេស និង​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B របស់​កម្ពុជា​ឡើយ​)

៣៖ អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិខ្មែរ និង​ជនបរទេស ដែល​ធ្វើដំណើរ​ចូលមក​ដល់​កម្ពុជា ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​រង់ចាំ ដើម្បី​ធ្វើ​តេស្ត​បញ្ជាក់​រក​មេ​រោគកូ​វីដ​១៩ និង​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​

៤៖ ក្នុងករណី​មាន​អ្នកដំណើរ​ណា​ម្នាក់ ឬ​ច្រើន ដែល​មានកូ​វីដ​១៩ វិជ្ជមាន រាល់​អ្នកដំណើរ​រួមជាមួយ​ផ្សេង​ទៀត​ទាំងអស់ តម្រូវឱ្យ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ នៅ​ទីតាំង ដែល​កំណត់​ដោយ​គណៈកម្មកា​រ អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩

៥៖ ក្នុងករណី​អ្នកដំណើរ ទាំងអស់​មាន​លទ្ធផល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា កូវី​ដ​១៩​អវិជ្ជមាន នោះ​ពួកគាត់​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ក្រោម​ការត្រួតពិនិត្យ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល ដោយ​តម្រូវឱ្យ​ធ្វើ​តេស្ត​បញ្ជាក់​ម្តងទៀត​នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ចត្តា​ឡី​ស័ក​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏​បាន​សម្តែង​នូវ​សេចក្តីសង្ឃឹម​យ៉ាង​មុតមាំ ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​បស់​បណ្តា ស្ថាន​បេសកកម្ម​ការទូត​បរទេស​ប្រចាំ​កម្ពុជា ក្នុង​ការចូលរួម​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​វិធានការ​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សំដៅ​ធានា​បាន​ការការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩៕