អ្នកទទួល​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត នៅ​មជ្ឍមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ខេត្តបាត់ដំបង​មានការ​ថមថយ

គេ​សង្កេតឃើញថា មកដល់​ថ្ងៃនេះ ពលរដ្ឋ​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត ដែល​ពួកគាត់​ត្រូវ ឆ្កែ និង​ឆ្មា​ខាំ ហាក់​មិនសូវ មានការ​កក់ស្ទះ ដូច​កាលពី​អំឡុង​ខែកុម្ភៈ​នោះឡើយ ។ ការនាំគ្នា​សម្រុក មកចាក់​វ៉ាក់សាំង បែបនេះ បន្ទាប់ពី​មាន​ករណី ជនរងគ្រោះ​ដែល​គេ​អះអាង​ស្លាប់ ដោយសារ​ជំងឺ​នេះ តាមរយៈ​សង្គម​ហ្វេ​សប៊ូ​ក ។ ពលរដ្ឋ​អ្នក​ទៅ​ចាក់ វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត បាន​សង្កេតឃើញថា មួយរយៈ​ពេល​ចុង​ក្រោយនេះ គឺ​ហាក់​មាន​ភាព​ស្បើយ មិនសូវ​កក់ស្ទះ​ឡើយ ។

បើតាម​មន្ត្រី​នៅ​ម​ជ្ឍ​ម​ប​ណ្ឌ​ល​បង្ការ​ជំងឺ​ឆ្កែឆ្កួត ដែល​បានផ្តល់​សារ​អប់រំ ដល់​អ្នក​មក ចាក់​វ៉ាក់សាំង កំពុង​ច្រើន​កុះករ កាលពី​ចុងខែ​កុម្ភ បង្ហាញថា សូម​កុំអោយ​បងប្អូន​បារម្ភ​ខ្លាំងពេក ចំពោះ​ជំងឺ​នេះ ព្រោះ​ជំងឺ​នេះ​មិនមែន​ទើបតែ​កើតឡើង​បច្ចុប្បន្ននេះ​ទេ ។ លើសពីនេះ មន្ត្រី​រូបនោះ ក៏បាន​បញ្ជាក់ថា សត្វ​ដែលមាន មេរោគ​ឆ្កែឆ្កួត គឺ​មិនអាចរ​ស់បាន លើស ៧​ថ្ងៃ​នោះទេ ។​
​លោក អ៊ុក វិទ្យា អនុប្រធាន​មន្ទី​សុខាភិបាល​ខេត្តបាត់ដំបង បាន​ប្រាប់​ក្នុង​កម្មវិធី​សន្ទនា​មតិ​ថា រហូតមកដល់​ពេលនេះ អ្នក​មក​ទទួល​ចាក់​វ៉ាក់សាំង ដោយសារ​ឆ្កែ​ឆ្មា​ខាំ មានការ​ថមថយ មិន​កក់ស្ទះ​ទៀតឡើយ ។

លើសពីនេះ លោក​ថា មន្ទីរ​បាន​យកចិត្តទុកដាក់ ដោយ​បន្ថែម​មន្ត្រី ដល់​មជ្ឍមណ្ឌល បង្ការ​ជំងឺ​ឆ្កែឆ្កួត ដើម្បី​ភាពងាយស្រួល នៅពេល​ពលរដ្ឋ​មកចាក់​វ៉ាក់សាំង ។ ​ចំណែក លោក វិ​ន ឈៀប អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម ជម្រុញ​អោយ ពលរដ្ឋ​ចឹ​ញ្ចឹ​ម​សត្វ ឆ្កែ ឬ​ឆ្មា ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ លើ​សត្វ​របស់ខ្លួន ។ ចំណែក​សេវា​នេះ ពលរដ្ឋ​អាច​រក​ពេទ្យសត្វ​តាម​ភូមិ​ឃុំ ដើម្បី​បង្ការ​កុំអោយ​សត្វ​ចឹ​ញ្ចឹ​ម មាន​ជំងឺ​ឆ្កែឆ្កួត ។​

​សូមបញ្ជាក់ថា បើតាម​សារ​អប់រំ របស់​មន្ទីរ​សុខាភិបាល ទាក់ទង​ជំងឺ​ឆ្កែឆ្កួត ដើម្បី​ការពារ​កុំ អោយ​ឆ្កែ​ឆ្មា​ខាំ កុំ​ចាក់​ឬ​ធ្វើអោយ​វា​ខឹង , កុំ​ដើរ​ជាន់​កន្ទុយ ក្បាល​ខ្លួន ជើង​របស់​វា​, កុំ​ព្យាយាម​បំបែក​សត្វ​ខាំ​គ្នា​, កុំ​ព្យាយាម យក ចាន​អាហារ​វា​កំពុងស៊ី ,​កុំ​ចូល​ជិត​ឆ្កែ មិន​ស្គាល់ ដែល​គ្មាន​ម្ចាស់​ជាដើម ។

​ប៉ុន្តែ​ប្រសិនបើ​ត្រូវ​សត្វ​ខាំ បងប្អូន​ត្រូវ លាងមុខ​បួស​អោយបាន​ស្អាត ជាមួយ​ទឹក​និង​សាប៊ូ រយៈពេល​១៥​នាទី , មិនត្រូវ​លាបមុខ​របួស​ជាមួយ​ម្សៅ ម្ទេស រុក្ខជាតិ កុំ​បិត​របួស ជាមួយ​ក្រណាត់ ឬ បង់​រុំ កុំ​ដេរ​ភ្ជិត​មុខ របួស ។ មួយវិញទៀត​ត្រូវ ចំណាំ​សត្វ​ដែល​ខាំ ដើម្បី​ប្រញាប់​ទៅរក ម្ចាស់ បង្ខាំង​សត្វ​ទុក​រយៈពេល ១០​ថ្ងៃ និង​សួរ​ពី​ប្រវត្តិ​សត្វ ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត ។ ម្យ៉ាងទៀត​ត្រូវ​ប្រ​ញ៉ាប់ ទៅ​ជួប​គ្រូ​ទេព​ញយ ដើម្បី​ទទួល​វ៉ាក់សាំង​ការពារ​ជាបន្ទាន់ ។

​អត្ត​បទ​៖ ញ៉ែម ចាន់​