ហេតុការណ៍​ផ្ទុះ​អាវុធ​បាន​កើតឡើង​នៅក្នុង​កន្លែង​លេង​ល្បែងស៊ីសង​ ទីក្រុង​បាងកក

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ផ្តល់​ដំណឹង​ថា កាលពី​វេលា​ម៉ោង​22:00​នាទី យប់​ថ្ងៃ​ទី​03 ខែ​សីហា ឆ្នាំ​2020 មាន​ហេតុការណ៍​ផ្ទុះ​អាវុធ​បាន​កើតឡើង​នៅក្នុង​កន្លែង​លេង​ល្បែងស៊ីសង​មួយ​នៅ​អាគារ​លេខ 501/237 ផ្រាក់​រ៉ាម​3 សយ​66 សង្កាត់​ឆង់​នុន​ស៊ី ខណ្ឌ​យ៉ាន​ណា​វ៉ា ទីក្រុង​បាងកក ។​
​ក្នុង​ហេតុការណ៍​នោះ បណ្តាលឱ្យមាន​អ្នករងរបួស​ចំនួន ២ នាក់ និង​ស្លាប់​ចំនួន 4​នាក់ ដែល​នៅក្នុង​ចំណោម​អ្នកស្លាប់​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ៅ ស្រី​ពៅ ភេទ​ស្រី អាយុ​29​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ស្ថានទូត​កំពុងធ្វើការ​ជាមួយ​:
1-​អាជ្ញាធរ​ថៃ ជាពិសេស​ជាមួយ​ប៉ូលីស​ដែល​បានបញ្ជាក់​ថា​គេ​ពុំ​ទាន់​អាច​ផ្ដល់​ព័ត៌មាន​បាន​ទេ រង់ចាំ​ម៉ោង​១ រសៀល​សិន​។ មន្ត្រី​ស្ថានទូត​កំពុង​បន្ត​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​តម្កល់សព ចូលរួម​សង្កេត​ការ​ក្នុងការ​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​នៅ​ពីក្រោយ​ការបាញ់សម្លាប់​។​
2-​បាន​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​នៅ​ខ្មែរ​រួចហើយ និង​សាច់ញាតិ​បានស្នើ​ស្ថានទូត​ជួយ​សម្របសម្រួល និង​ចេញ​ឯកសារ​នាំ​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ខ្មែរ​។​