អស់​បារ​ម្មណ៍​រឿង​អ៉ីន​ធឺ​ណេត​ដើរ​យឺត​ទៀតហើយ កម្ពុជា​នឹង​មាន​ប្រព័ន្ធ​5G ប្រើ​ឆាប់ៗ​

ឯកឧត្តម មាស ប៉ូ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ថ្លែងថា ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចំនួន​៥ នៅក្នុង​ប្រទេស​កម្ពុជា សាកល្បង​ប្រព័ន្ធ 5G​។​

​ប្រព័ន្ធ​5G នេះ នឹង​ជួយ ដោះស្រាយ​ទុក្ខលំបាក របស់​អ្នកប្រើប្រាស់​ដែល​តែងតែ​រអ៊ូរ​ពី​បញ្ហា​អ៉ីន​ធឺ​ណេត​ដើ​រយឺត​។​

​ការ​ថ្លែង​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ទី​ស្ដី ការ​គណៈរដ្ឋមន្ដ្រី នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ។​

​ឯកឧត្តម បានបញ្ជាក់​ថា​ការដាក់ចេញ​ប្រព័ន្ធ​ថ្មី​នេះ​គឺ​ស្រប​តាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​ការប្រើ ប្រាស់​សេវា​ទូរស័ព្ទ ឲ្យទៅដល់​តំបន់​ដាច់ស្រយាល​។​

​ក្រុមហ៊ុន​ដែល​ក្រសួង​ប្រៃណីយ៍​និង​ទូរគមនាគមន៍​ចេញ​លិខិតអនុញ្ញាត​ឲ្យ​សាក​ល្ប​ង ចំនួន​៥​ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Metfone ក្រុមហ៊ុន Smart ក្រុមហ៊ុន Seatel និង​ក្រុមហ៊ុន Kingtel​។​

​ឯកឧត្តម មាស ប៉ូ បញ្ជាក់ថា​ក្រុមហ៊ុន​ទាំង​ប្រាំ​នេះ​នឹង​សាកល្បង​ពី​ពេលនេះ​ទៅ តែ​ចំពោះ​ថ្ងៃ​កំណត់​ពេល ធ្វើ​អាជីវកម្ម ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន​ទាំង​៥ មិនទាន់​បាន​កំណត់​ថ្ងៃ​នៅឡើយ​ទេ ត្រូវ រង់ចាំ​ការអនុម័ត​ក្នុង​ការប្រើប្រាស់ ហ្វ្រេ​កង់​ពី​សហភាព​ទូ​រគ​មន៍​អន្ដរជាតិ ដែល​ហៅ​កាត់​ថា IPU ៕

​ភី សុខ​