គណៈសង្ឃ​នាយក​កម្ពុជា ប្រតិកម្ម​និង​សំណេរ​មួយ​តាម​បណ្តាញ​សង្គម ដែល​ចោទ​ជា​សំនួរ « ចាត់ការ​ចាប់​ផ្សឹក​លោកសង្ឃ​ក្រោម​អាយុ​៥៦​ឆ្នាំ​អោយ​អស់ » ដើម្បី​ជួយ​ដល់​ការងារ​សំណង់​ដែល​កំពុង​ខ្វះខាត​កម្លាំង​

គណៈ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​សេចក្តី​ថ្លែង​ការ ជុំវិញ​ការលើកឡើង​ក្នុង​បណ្តាញ​សង្គម របស់​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ​សវណ្ណ ខាន់ អព​ប និង Khmer Mjas srok ដែល​គ្រប់គ្រង​ដោយ​លោក​ខាន់ សុវណ្ណ ត្រង់​សំណេរ កម្ពុជា​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់ និង ត្រូវការ​កម្មករ​ជំនាញ និង គ្មាន​ជំនាញ​ជាច្រើន​ម៉ឺន​នាក់​ដើម្បី​បង្គ្រប់​ទីផ្សា «​ចាត់ការ​ផ្សឹក​លោកសង្ឃ​ដែល​ពេញកំលាំង​ពលកម្ម​ក្រោម​អាយុ​៥៦​ឆ្នាំ​អោយ​អស់ » តើ​អាច​ទៅរួច​ដែរឬទេ​?

​គណៈសង្ឃ​នាយក​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​គំនិត្ត​យោបល​នេះ ហើយ​ពុំ​អាច​ទទួលយក​បាន​ជាដាច់ខាត ។​គណៈសង្ឃ​នាយក​យល់ឃើញ​ថា​យោបល​នេះ​បង្កប់​នូវ​ភាព អសីលធម៌ គំនិត្ត​លាមក និង ភាព​យង់ឃ្នង​សាហាវ​ព្រៃផ្សៃ​បំផុត និង ជា​ការប្រមាថ​មើលងាយ​លើ​ព្រះសង្ឃ​ពុទ្ធសាសនា​គ្រប់​លំដាប់ថ្នាក់​ទូទាំងប្រទេស ។ គំនិត្ត​នេះ ចង់​បង្វែ​គំនិត្ត​មហាជន​អោយ​ដើ​រជាន់ដា​នប្រវត្តិសាស្ត្រ​ល្វីង​ជូរ​ចត់​(​បី​ឆ្នាំ​ប្រាំបី​ខែ​ម្ភៃ​ថ្ងៃ​)​ជា​របប​ខ្មៅ​ងងិត​ទមិឡ​ឥត​សាសនា​ដែល​ពិភពលោក​និង​មនុស្សជាតិ​ស្អប់ខ្ពើម​បំផុត ។​

​សេចក្តីថ្លែងការណ៍​ចាត់ទុក​សំណរ​នេះ​ផងដែរ​ថា​បាន​រំលោភ​ក្រម​ព្រហ្មទ័ណ្ឌ​កម្ពុជា​ត្រង់​មាត្រា​៥១៦ ពី​បទ​ប្រមាថកាតទៀន​ចំពោះ​ព្រះសង្ឃ​និង​ជា​ការប៉ះពាល់​ស្មារតី​មាត្រា​៤៣ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ថា​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ដែល​រដ្ឋ​មាន​កាតព្វកិច្ច​ការពារ​មិន​អោយ​បុគ្គល​ណា​រំលោភ​បំពាន​បានឡើយ (…..)​។​ល​។​

​សេចក្តីថ្លែងការណ៍​នេះ​មាន​ការគាំទ្រ​ច្រើន​ផងដែរ​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម អា​ខោ​ន​ហ្វេ​សប៊ុក​មួយឈ្មោះ ផន ថុល​សុវណ្ណ​វិបុល បានរ​គាំទ្រ​សេចក្តី​ថ្លែង​ការ​របស់​គណៈ​សង្ឃនាយក និង​សរសេរ​ថា គួរ​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់​!!

​លោក ខាន់ សុវណ្ណ អ្នក​គ្រប់​គ្រង់​អា​ខោ​ន​ហ្វេ​សប៊ុក​ខាងលើ បាន​ពន្យល់​តាម​បណ្តាញ​សង្គម​ឆ្លើយតប​នឹង​ការ​ប្រតិកម្ម​ពី​មជ្ឈដ្ឋាន​នានា​ថា លោក​ពុំ​មាន​ចេតនា​ចង់​ស្នើ​អោយ​ថ្នាក់ដឹកនាំ​ប្រទេស ចាប់​ផ្សឹក​ព្រះសង្ឃ​ក្រោម​អាយុ​៥៦ ហើយ​បង្ខំ​អោយ​ធ្វើ​កម្មករសំណង់​នោះទេ វា​គ្រាន់តែ​ជា​សំនួរ​ក្នុង​ជម្រើស​ទាំងពីរ​តើ​អាច​យក​មួយ​ណា​ដែរ ដោយ​សំនួរ​ទីមួយ «​ចាត់ការ​ចាប់​ផ្សឹក​លោកសង្ឃ​ដែល​ពេញកំលាំង​ពលកម្ម​ក្រោម​អាយុ​៥៦​ឆ្នាំ »? និង​សំនួរ​ទី​ពីរ «​ចាត់ការ​តម្លើង​ប្រាក់​ឈ្នួល​របស់​កម្មករ​សំណង់​អោយបាន​ស្មើ​តម្លៃ​ពលកម្ម​របស់​ប្រទេស​ថៃ​»​។ តើ​អាច​ទៅរួច​ដែរ​ទេ​?

​លោក ខាន់ សុវណ្ណ បាន​បន្ថែមថា «​មាន​មាត្រា​ណា​ដែល​ហាម​មិនអោយ​ពលរដ្ឋ​ឆ្ងល់​ដែរ​ទេ សូម​ជួយ​បង្ហាញ​មក​។​បើ​មាន​មែន​យើង​នឹង​លប់ ចោល​ភ្លាម​និង​សុំ​ទោស​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ភ្លាម​។​យើង​នឹង​បញ្ចប់​ជីវិត​នយោបាយរ​បស់ អព​ប ត្រឹម​អត្ថបទ​សំនួរ​មួយ​ហ្នឹង​តែម្តង​»​។​យើង​ឆ្ងល់ យើង​ចង់​ដឹង យើង​សួរ​ថា​តើ​ជម្រើស​ទាំង​២​នេះ​វា​អាច​ទៅរួច​ដែរ​ទេ​?

​ទោះបី​យ៉ាងណា​គណៈ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​សេចក្តី​ថ្លែង​ការចុះ​ថ្ងៃទី​២០​ខែ​ឧសភា បាន​សម្តែង​ការព្រួយបារម្ភ​ណ៍និង​ការសោកស្តាយ​ជាទី​បំផុត​ហើយ​ថ្កោលទោស​ចំពោះ​សំណេរ និង ការលើកឡើង​របស់​លោក ខាន់​សុវណ្ណ ដោយ​ចាត់ទុកថា​ជា​ការ​ខ្វះ​វិចារណញ្ញាណ ខ្វះ​សុភ​វិនិច្ឆ័យ ប្រកប​ដោយ​អគតិ និង ទុទិដ្ឋិនិយម ដើរ​ថយក្រោយ គំនិត្ត​ផ្ទុយ​ពី​វឌ្ឍនភាព​សង្គម សាសនា និង វប្បធម៌​៕

​អត្ថបទ​៖ ភី សុខ​