បាត់ដំបង៖ លោកអភិបាលក្រុងបាត់ដំបងបានឱ្យដឹងថារដ្ឋបាលក្រុងបានស្រង់ចំនួនជនអនាថា និងបញ្ហាសតិ(វិកលចរិក)ទូទាំងក្រុងបាត់ដំបងបានចំនួន១៣៨នាក់ ហើយក៏កំពុងស្វែងរកកន្លែងសំរាប់ដាក់ពួកគាត់ ខណៈកាលពីកន្លងទៅរដ្ឋបាលក្រុងបានចាប់បញ្ជួនជនអនាថា ចំនួន១៨នាក់ទៅផ្ញើរនៅមណ្ឌលកែប្រែក្ដីសង្ឃឹម ក្នុងស្រុកបវេលផងដែរ។
ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចំការចេកបាត់ដំបង នាថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២១លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងមានប្រសាសន៍ថា កាលពី ៣ខែកន្លងទៅក្រោមការដឹកនាំរបស់ លោក ងួន រតនៈ អតីតអភិបាលខេត្ដបាត់ដំបង ធ្លាប់បានឱ្យអាជ្ញាធរក្រុងរៀបចំប្រមូលជនអនាថា និងបញ្ហាសតិ(វិកលចរិក) ដែលជំហានដំបូងយកត្រឹមតែជនដែលមានគ្នាម្នាក់ឯង មនុស្សធំ ទាំងប្រុស ទាំងស្រីបានយកទៅផ្ញើរមណ្ឌលកែប្រែនៃក្ដីសង្ឃឹម ក្នុងស្រុកបវេលបានចំនួន ១៨នាក់ ស្រី៤នាក់ ។ លោកបានបន្ថែមថា ក្រោយពីបានផ្លាស់ប្ដូរលោក សុខ លូ អភិបាលខេត្ដបានចូលមកកាន់តំណែងថ្មីមកលោកបានបើកកិច្ចប្រជុំមួយដោយដាក់វិធានការឱ្យរដ្ឋបាលក្រុង អធិកានគរបាលក្រុង សហការគ្នាជាមួយប្រធានមន្ទីរសង្គមកិច្ច ដើម្បីរកវិធីសាស្រ្ដដោះស្រាយធ្វើយ៉ាងណាឱ្យយកជនអនាថា និងបញ្ហាសតិ(វិកលចរិក) រកកន្លែងមួយសំរាប់ពួកគាត់រស់នៅដើម្បី រៀបចំទីសាធារណៈឱ្យបានល្អប្រសើរ។
លោកអភិបាលក្រុងបន្តថា «ក្រោយពីមានបទបញ្ជាពីលោកអភិបាលខេត្ដអាជ្ញាធរក្រុង បានសហការជាមួយសង្កាត់ទាំងអស់ក្នុងក្រុងបាត់ដំបង បានស្រង់ចំនូនជនអនាថា និងមានបញ្ហាសតិ(វិកលចរិក) បានចំនួន ១៣៨នាក់ និងកំពុងរកកន្លែងដាក់ពួកគាត់ឱ្យមានកន្លែងសមរម្យ ព្រោះកន្លងមកធ្លាប់យកពួកគាត់ទៅដាក់នៅតាមវត្ដដែរតែពួកគាត់តែងតែបំផ្លាញរបស់ទ្រព្យផ្សេងៗ ដូចនេះអាជ្ញាធរក្រុងបានរាយការណ៍ទៅលោកអភិបាលខេត្ដហើយផងដែរ ថាត្រូវរៀបចំពួកគាត់ទៅដាក់កន្លែងណា»។
គួឱ្យដឹងផងដែរថា កាលពីកន្លងទៅអាជីវករលក់ដូរ នៅសួននាគបាញ់ទឹកបានលើកឡើងថា គ្រប់គ្នាពិតជាពិបាកក្នុងការមើលឃើញជនអនាថា និងមានបញ្ហាសតិ(វិកលចរិក) ដើរតាមសាធារណៈ មានទាំងដើរសុំលុយ ដើរអាក្រាតកាយ ស្រែកពេញនឹង ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ទីក្រុង និងអារម្មណ៍ភ្ញៀវទេសចរណ៍ទៀតផង។ អាជីវករក៏បានបន្ថែមថា លើសពីនេះជនអនាថា និងមានបញ្ហាសតិ(វិកលចរិក) តាមការសង្កេតឃើញថានៅក្នុងសួនច្បារសម្ដេចក្រឡាហោម ស ខេង គឺពួកគេមានការជួបជុំឡូឡា ផឹកស្រវឹង ឈរចាំសុំលុយនៅក្បែរកន្លែងទូដកលុយATM ហើយអាចមានបំផ្លាញ ទ្រព្យសម្បត្តិរដ្ឋ ដូចជា រូបសំណាក់ បង់ជាដើម។
គួសបញ្ជាក់ថា កាលពីកន្លងទៅលោក សុខ លូ អភិបាលខេត្ដបាត់ដំបងបានប្ដេជ្ញានឹងរៀបចំសណ្ដាប់ធ្នាប់ទីសាធារណៈឱ្យបានល្អប្រសើរដោយនាំយក ជនវិកលចរិក និងជនអនាថា យកទៅព្យាបាលនៅតាមមណ្ឌលស្ដានីតិសម្បទារដ្ឋ និងអង្គការដៃគូនានាក្នុងខេត្ដបាត់ដំបង៕