សម្តេច​ហ៊ុន​សែន រំលឹក​ពលរដ្ឋ​ត្រូវ​បន្ត​ត្រូវ​ប្រុងប្រយ័ត្ន ក្នុង​ការថែរក្សា​សុខភាព ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូវី​ដ​១៩

សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា «​ខ្ញុំ​សូម​ដាស់តឿន​និង​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ គឺ​ត្រូវ​នាំគ្នា​យកចិត្តទុកដាក់​ពី​ការថែទាំ​សុខភាព ចៀសវាង​ការឆ្លង​រោគកូ​វីដ​១៩​។​ទោះបី​អត្រា​ឆ្លង​នៃ​ជំងឺ​កូវី​ដ​១៩ ត្រូវ​បាន​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក្តី ហើយ​អត្រា​នៃ​ការព្យាបាល​អ្នកជំងឺ​នេះ​បាន​ជាសះស្បើយ​នៅសល់តែ​២​នាក់​ទៀត​ប៉ុណ្ណោះ​ក្តី ក៏​យើង​មិន​ត្រូវ​ធ្វេសប្រហែស ហើយ​គិត​ស្រាល​ថា​ជំងឺ​នេះ​មិន​អី​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​គិត​ថា​កម្ពុជា​ជា​ប្រទេសក្តៅ​មិន​ងាយ​ឆ្លង គឺ​មិន​ដូច្នេះ​ទេ​។ ព្រោះ​ជំងឺ​នេះ​ជា​ជំងឺ​កាច​សាហាវ​ហើយ​ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​លឿន​ខ្លាំងណាស់​»​។​

​ប្រមុខ​រដ្ឋាភិបាល​បាន​សរសេរ​បន្ថែម​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ខ្លួនប​ន្ត​ទៀតថា មកទល់​ពេល​នេះ​ទាំង​កម្ពុជា និង​ពិភពលោក​គឺ​កំពុង​រួមដៃគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ហើយ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ក៏​មិន​ទាន់​រក​ឃើញ​នៅឡើយ​ដែរ​។ ដូច្នេះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅតែ​បន្ត​យាយី​អាយុជីវិត​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ដែល​ប្រទេស​មួយចំនួន​ធំ​កំពុង​បិទ​ប្រទេស​គេ​នៅឡើយ​។​

​ទោះបី​នៅក្នុង​រាជធានី​ភ្នំពេ​ញក្តី ឬ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ឬ​ជនបទ​ក្តី សូម​បងប្អូន​បន្ត​ពាក់​ម៉ាស ឬ​ក្រមា​ការពារ និង​ដុសលាង​សម្អាត​ដៃ​ដោយ​ទឹក​អាល់កុល ឬ​ទឹកជឹល​សម្អាត​កម្ចាត់មេ​រោគនឹ​ង​បាក់តេរី​ផ្សេងៗ​អោយបាន​ជា​ប្រចាំ ចៀសវាង​ការ​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់​ដែល​នាំមក​នូវ​ការសោកស្តាយ​អស់​មួយជីវិត​។​

​សូម​រាយការណ៍​មក​ក្រសួង​សុខាភិបាល​ជាបន្ទាន់​ក្នុង​ករណី​មាន​ការសង្ស័យ​ណាមួយ​តាមរយៈ​លេខ ១១៥ ៕
@physok