ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​អំឡុង​ពេល​កូវី​ដ​-១៩ នឹងត្រូវ​បញ្ចប់​នៅ​ដំណាច់​ខែ​ឧសភា ចំពោះ​តំបន់​ជនបទ និង​មុន​ដំណាច់​ខែ​មិថុនា 2020 ចំពោះ​ទីប្រជុំជន​

 

​ក្នុងនាម​រាជរដ្ឋាភិបាល សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​នា​ថ្ងៃទី​២៥​ខែ​ឧសភា​នេះ ទៅកាន់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ក្រុង​ទាំងអស់ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចាត់តាំង​តាមដាន គាំទ្រ និង​ជំរុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​ដឹកនាំ​ដោយ​ក្រសួង​ផែនការ ឱ្យ​មាន​ភាពច្បាស់លាស់ បំបាត់​ភាពមិនប្រក្រតី ។​

 

ក្នុង​លិខិត​បញ្ជាក់​ថា ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្ររ​ត្រូវ​សម្រេច​ឱ្យបាន​ចប់​សព្វគ្រប់​នៅ​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០២០ ចំពោះ​តំបន់​ជនបទ និង​តំបន់​ទីប្រជុំជន​ឱ្យបាន​មុន​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០២០​។​

សម្តេច​ស ខេង បញ្ជាក់​ថា​រាជរដ្ឋាភិបាល បាន​សម្រេច​ជា​គោលការណ៍​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ដែល​មាន​បណ្ណ​សមធម៌​រួចហើយ និង​គ្រួសារ​ក្រីក្រ​ខ្លះ​ដែល​អវត្តមាន​តាម​ជុំ​នៃ​ការប្រមូល​ទិន្នន័យ និង​គ្រួសារ​ខ្លះទៀត​ដែល​ទើប​ទទួល រង​ផលប៉ះពាល់​បាត់បង់​ចំណូល​ធ្លាក់ខ្លួន​ក្រីក្រ​ដោយសារ​ជំងឺ​កូវី​ដ​-១៩​។​

​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​សេនាធិការ បាន​ដាក់​ចេញ​សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដែល​ក្នុង​ចំណោម​ភារកិច្ច​ទាំងនោះ មាន​ភារកិច្ច​ដ៏​សំខាន់​មួយ គឺ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ និង​ក្រុម​ជន​ដែល​ត្រូវ ការ​ការ​គាំពារ​ជា​ចាំបាច់​ផ្សេងទៀត នៅក្នុង​អំឡុង​ពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដឹកនាំ​ដោយ​ក្រសួង​ផែនការ​។​

​លើ​មូលដ្ឋាន​នេះ ក្រសួង​ផែនការ បាន​រៀបចំ​ក្របខ័ណ្ឌ និង​យន្តការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ដើម្បី​បំពេញបន្ថែម​ទិន្នន័យ ដូចជា​គ្រួសារ​ក្រីក្រ​ដែល​មិនទាន់​បាន​ធ្វើ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ គ្រួសារ​ខ្លះទៀត​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ដែល​ធ្លាក់​ចូល​ក្នុង​ភាពក្រីក្រ និង​ការកែសម្រួល​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ដែល​មាន​ស្រាប់ និង​ដកចេញ​គ្រួសារ​ដែល​មាន​ជីវភាព​លេចធ្លោ គ្រួសារ​ដែល​មាន​សមាជិក​ស្លាប់​អស់​។​ល​។​

​ដើម្បី​ធានា​សម្រេច​ឱ្យ​បាន​លទ្ធផល​ដូច​បាន​គ្រោងទុក​តាម​កា​ល​បរិច្ឆេទ​ដែល​បានកំណត់​ខាងលើ ជាពិសេស​ជៀសវាង​បាន​នូវ​ភាព​អសកម្ម ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាំង​ថ្នាក់លើ​ដំណើរការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ សម្តេច​ក្រឡាហោម ស ខេង បាន​សូម​ឲ្យ​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រក្សា​បាន​ភាពច្បាស់​លាស់ និង​បំបាត់​ភាពមិនប្រក្រតី ពី​ប្រជាជន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន នៅពេល​ដែល​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ បាន​សម្រេច​ជ្រើសរើស​បញ្ចូល​ក្នុង​ទិន្នន័យ​គ្រួសារ​ក្រីក្រ និង​ទទួលបាន​នូវ​បណ្ណ​សមធម៌​សម្រាប់ ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់ ដែល​នឹង​ត្រូវ​អនុវត្ត​នាពេល​ខាងមុខ​ឆាប់ៗ​នេះ​។​

​ដំណើរការ​រលូន និង​លទ្ធផល​នៃ​ការឧបត្ថម្ភ​សាច់ប្រាក់​មាន​តម្លាភាព គឺជា​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការផ្តល់​សេវា​សង្គម​មាន ប្រសិទ្ធភាព ក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូវី​ដ​-១៩ សំដៅ​ចូលរួម​សម្រាល​ការលំបាក​របស់​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងសង្គម​៕
​អត្ថបទ ៖ ភី សុខ​