សមត្ថកិច្ចស្រុកសំពៅលូនចាប់បញ្ជូនមេខ្សល់នាំពលករឆ្លងដែនខុសច្បាប់ម្នាក់ទៅតុលាការ ខណៈម្នាក់រត់គេចខ្លួន

កម្លាំងអធិការស្រុកសំពៅលូនសហការជាមួយកម្លាំងតាមព្រំដែនជួរមុខ ធ្វើការបង្រ្កាបការនាំមនុស្សឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃមួយករណី ដោយឃាត់ខ្លួនបានមេខ្សល់ម្នាក់ ចំណែកម្នាក់រត់គេចខ្លួន ខណៈកំពុងនាំពលករខ្មែរពីរនាក់ឆ្លងដែនទៅរកការងារធ្វើខុសច្បាប់នៅប្រទេសថៃ ។

លោកអធិការបានអោយដឹងថា ការបង្រ្កាបនេះបានធ្វើឡើង នៅថ្ងៃវេលាម៉ោង៥ និង១៥ នាទីព្រឹកថ្ងៃទី១៤ខែតុលា លោកបាន ដឹកនាំ កម្លាំងអធិការស្រុកសហការជាមួយ កម្លាំងជួរមុខ ដែលប្រចាំការនៅមាត់អូរ ព្រំដែន បានធ្វើការ បង្រ្កាបមេខ្សល់ម្នាក់ ដែលកំពុងនាំពលករ ជនជាតិខ្មែរឆ្លងដែនខុសច្បាប់ ទៅរកការងារ ធ្វើនៅប្រទេសថៃ នៅចំណុចដីថៃ ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រ ក្រុមទី០៧ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់ ០១នាក់ឈ្មោះ អូន ចេវ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅស្នាក់ ភូមិគីឡូ១៣ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែកមេខ្សល់ម្នាក់ទៀត ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុប្រហែល 55 ឆ្នាំ មានទីលំនៅ ស្នាក់ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (បានរត់គេចខ្លួន)និង ឃាត់ខ្លួនពលករខ្មែរចំនួន០២នាក់ទៀត មានឈ្មោះ ១-ឈ្មោះ សំ ចាន់រ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិអន្លង់ចារឃុំព្រះស្ដេច ស្រុកពាមជរខេត្តព្រៃវែង ។


២-ឈ្មោះ ភឿក ពិសិដ្ឋ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិជ្រួល ឃុំកន្សោមអក កំពង់ត្របែក ខេត្តព្រៃវែង ។

លោកបញ្ជាក់ថាមេខ្យល់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនបានរៀបចំបញ្ជូនមកការិយាល័យជំនាញចាត់ការបញ្ជូនបន្តទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់ ។ ចំណែក ពលករខ្មែរពីរនាក់នោះ ត្រូវបានធ្វើការអប់រំណែនាំ និង អនុញ្ញាតិ អោយត្រឡប់ទៅលំនៅដ្ឋានវិញ ៕ អត្ថបទភី សុខ