ជនជាតិដើម​ភាគតិច​ព័រ ភ្នំ​រៃ ទទួល​អំណោយ អបអរ​ថ្ងៃ​សិទ្ធ​នារី​អន្តរជាតិ ៨​មីនា​

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​ក្រីក្រ ស្ត្រី​មេម៉ាយ និង​ចាស់ជរា​គ្មាន​ទីពឹង ដែលជា​ជនជាតិដើម​ភាគតិច​ព័រ រស់នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ប្រមាណ ​១០០​គ្រួសារ បានទទួល​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ និង ថវិការ មួយចំនួន​ពី​ថ្នាក់ដឹកនាំ​នារី​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២០ ។​

លោក ជំទាវ ញឹក សា​គុណ សមាជិក​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង និង ជា​ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល​ស្ត្រី​និង​កុមារ​ខេត្ត ដែល​បាន​ដឹកនាំ​ប្រតិភូ​ជា​ស្ត្រី​ក្នុង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ចុះសួរសុខទុក្ខ​ជនជាតិដើម​ភាគតិច ព័រ ខាងលើនេះ​បាន​មានប្រសាសន៍ថា អំណោយ​នាពេលនេះ ថ្វីត្បិតតែ​តិចតួច វា​អាច រួមចំណែក​កាត់បន្ថយ​ការលំបាក​របស់​បងប្អូន​បាន​មួយ​រយៈពេល ។​

​លោកជំទាវ​បាន​ថ្លែងថា​ការជួប​សំណេះសំណាល និង ផ្តល់​អំណោយ​នាពេលនេះ គឺ​ដើម្បី​អបអរសាទរ ​ទិវា​នារី​អន្តរជាតិ ៨​មីនា នៅក្រោម​ប្រធានបទ មាន​សន្តិភាព មាន​សមភាព​យេនឌ័រ ដែល​ទិវា​នេះ រំលឹក​ដល់ ការតស៊ូ ពុះពារ របស់ នារី ដើម្បី​ទទួលបាន​សិទ្ធ​សេរីភាព ស្មើគ្នា​ជាមួយ​បុរស ។​

​លោកជំទាវ​តំណាង​នារី​ខេត្ត បាន​បន្តថា បើ​បងប្អូន​ស្ត្រី​និង​កុមារ ជា​ជនជាតិដើម​ភាគតិច​ត្រូវបាន​រង​នៅ​ការរំលោភបំពាន​ផ្សេងៗ អាច​រក​អន្តរាគមន៍ ជាបន្ទាន់​មកកាន់​អាជ្ញាធរ មូលដ្ឋាន មន្ទីរ​កិច្ចការនារី​ខេត្ត រឺ ទាក់ទង​មកកាន់​លោកជំទាវ​ផ្ទាល់​ក៏បាន ដើម្បី​ធ្វើ​ការជួយ​ដោះស្រាយបាន​ទាន់ពេលវេលា ។​

​សូមបញ្ជាក់ថា ជនជាតិដើម​ភាគតិច​ព័រ​ភ្នំ​រៃ មាន ​២០០​គ្រួសារ ស្មើរ​និង​មនុស្ស​រាយ ៥៤៦ នាក់ ដែល​កំពុង​ប្រកប​របរ​ចិញ្ចឹមជីវិត ដោយ​ផ្អែកលើ​ការធ្វើ​ចំការ​វិលជុំ និង រក​អនុផល​ព្រៃឈើ ដើម្បី​ចិញ្ចឹមជីវិត​។​

​ការចែក​អំណោយ​នាពេលនេះ​ក៏មាន​ការចូលរួមចំណែក​ពី​អង្គការ​មេធាវី​ឥត​ព្រំដែន និង សប្បុរសជន ផងដែរ ៕

​អត្ថបទ ៖ ភី សុខ​