មន្ទីរទេសចរណ៍ចុះត្រួតពិនិត្យតាមមណ្ឌលកំសាន្ត ភោជនីយដ្ឋាន

មន្ទីរទេសចរណ៍ចុះត្រួតពិនិត្យតាមមណ្ឌលកំសាន្ត ភោជនីយដ្ឋាន អាហារដ្ឋានទូទាំងខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយអប់រំ ពីវិធានសុវត្ថិភាពផ្សេងៗ កុំអោយរីករាលដាលកូវីដ១៩ចូលសហគម

លោក នួន ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៍ សហការជាមួយនគរបាលទេសចរណ៍ដឹកនាំដោយ លោក នូ សេង ប្រធានការិយាល័យនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រដ្ឋបាលសង្កាត់ និងមន្រ្តីបុស្តិ៍ បានចុះត្រួតពិនិត្យតាមមណ្ឌលកម្សាន្តមនុស្សពេញវ័យ ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ទូទាំងក្រុងបាត់ដំបងនាយប់ថ្ងៃទី២២ ខែកុម្ភៈ ។
លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រោយពីមានផ្ទុះជំងឺកូវីដចូលសហគមន៍ ប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាតាមហាងនានា មានសភាពស្ងប់ស្ងាត់ ដោយសារប្រជាពលរដ្ឋ និងភ្ញៀវទេសចរមិនសូវចេញទៅក្រៅ ដោយសារមានការព្រួយបារម្មណ៍ពីជំងឺកូវីដ១៩ដល់សហគមន៍។

លោកហម អរុណ បញ្ជាក់ថា អាជីវកម្មមួយចំនួនបានផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានល្អ ។ ក្រុមការងារចុះពិនិត្យក៏បានផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ ០០៣ សជណ.មទខបប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្តីពីការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្មមណ្ឌលកម្សាន្តមនុស្សពេញវ័យក្នុងខេត្តបាត់ដំបង និងបានរំលឹកបន្ថែមអោយម្ចាស់អាជីវកម្មទាំងអស់ពង្រឹងបន្ថែមនូវការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការណ៍«៣ ការពារ ៣ កុំ»ដែលរួមមាន៖
➢ អនុវត្ត ៣ ការពារ
– ពាក់ម៉ាស់
– លាងដៃឲ្យបានញឹកញាប់
– គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែង។
➢ អនុវត្ត ៣ កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ
– កុំទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគា្ន កុំឱបគ្នាជាដើម ពេលជួបគ្នាអ្នកមានផ្ដាសាយ ឬសង្ស័យមានជំងឺកូវី១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងគ្រូពេទ្យ ឬហៅទៅលេខ១១៥។

លោកហម អរុណ បន្ថែមថា ក្រុមមន្រ្តីជំនាញក៏បាន ធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម ត្រូវអនុវត្តន៍តាម ការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍អោយបានខ្ជាប់ខ្ជួនរហូតដល់មានការជូនដំណឹងសារជាថ្មី៕ អត្ថបទ លោក ភី សុខ