រដ្ឋបាលខេត្ត​បាត់ដំបង​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០១៩


​រដ្ឋបាលខេត្ត​បាត់ដំបង បានរៀបចំ ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០១៩ ក្រោម​ប្រធានបទ ” សុខភាព​ដើម្បី​យុត្តិធម៌ យុត្តិធម៌​ដើម្បី​សុខភាព “ និង​អនុវត្តន៍​រៀបចំ​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន តាម​អំណាច​សាលក្រម​ស្ថាពរ របស់​សាលាដំបូង​ខេត្តបាត់ដំបង ។​

ពិធី​នេះ​បានរៀបចំ​ធ្វើ​នៅ​ព្រឹក ​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅមុខ​សាលាខេត្ត​បាត់ដំបង ប្រព្រឹត្តិ​ទៅ​ក្រោម​ធិបតី​ភាព ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន , ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​មានការ អញ្ជើញ​ចូលរួម​ពី មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ និស្សិត​សិស្សានុសិស្ស និង ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ខេត្តបាត់ដំបង​យ៉ាងច្រើន​កុះករ ។

​ខ្លឹមសារ នៃ​សារលិខិត សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុងឱកាស​ប្រារព្ធ​ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ ដែល​អាន​ដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ក្នុង​ខ្លឹមសារ សម្តេច បាន​សម្តែង​នូវ​ឆន្ទៈ ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល ក្នុងការ​បន្តសកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា​ការបំពេញ កាតព្វកិច្ច​ទាំងឡាយ​ប្រកបដោយ​ការទទួលខុសត្រូវ នូវ​រាល់​អនុសញ្ញា និង​ពិធីសារ​អន្តរជាតិ​នានា​ដែល​កម្ពុជា​ជា​សមាជិក ។​

ខ្លឹមសារ​សំខាន់ៗ អង្គភាព​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព គុណភាព និង ​ក្រមសីលធម៌​ឲ្យ​បានល្អ ដើ​ម្បើ​បន្ត​បង្ការ​ទប់ស្កាត់ និង ​បង្ក្រាប​ដោយ​គ្មាន​ការលើកលែង​នូវ​រាល់​បទល្មើស ដែលមាន​ការពាក់ព័ន្ធ​ និង​គ្រឿង​ញៀន ជុំរុញ និង​លើកទឹកចិត្ត ក្នុង​ការអប់រំ​ផ្សព្វផ្សាយ ដល់​គ្រប់​មជ្ឈដ្ឋាន ផ្សារភ្ជាប់​ជាមួយ​ពាក្យស្លោក​” ចូលរួម​បំបាត់​គ្រឿងញៀន ដើម្បី​អនាគត​កូនចៅ​របស់​យើង​” ។ អប់រំ​និង​ជំរុញ​អ្នកប្រើប្រាស់​គ្រឿងញៀន​ឲ្យ ស្ម័គ្រចិត្ត​ទៅ​ទទួលយក​សេវា​ព្យាបាល និង​ ស្តារនីតិសម្បទា​នៅតាម​គ្រិះ​ស្ថាន​សុខាភិបាល ហើយ​ចាំបាច់ ត្រូវ​សហការ​ជាមួយ​ព្រះរាជអាជ្ញា​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​ទទួល​ការព្យាបាល និង​ស្តារនីតិសម្បទា​នៅតាម​មណ្ឌល​បណ្តោះអាសន្ន​នានា​ទាំង​រដ្ឋ និង​ ឯកជន ។​

គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន ​គ្រប់​ថ្នាក់​ត្រូវ​បន្ត និង​ពង្រីក​យន្តការ​បាន​ដល់ មូលដ្ឋាន ឃុំ​សង្កាត់ និង​ម្ចាស់​ការដឹកនាំ សម្របសម្រួល និង​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ និង​ឲ្យ​បាន​ជាប់​ជាប្រចាំ នូវ​ បទបញ្ជា​លេខ ០១ ស្តីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គោលនយោបាយ ” ភូមិ​ឃុំ មាន​សុវត្ថិភាព​” ក៏ដូចជា​ផែនការ និង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ផ្សេងៗ​ទៀត​ដែល​ដាក់ចេញ​កន្លងមក ។​

សូមបញ្ជាក់ថា៖ វត្ថុតាង​គ្រឿងញៀន ដែល​ត្រូវ​ដុតបំផ្លាញ​ចោល​តាម​អំណាច​សាលក្រម​ស្ថាពរ របស់​សាលាដំបូង​ខេត្តបាត់ដំបង​ចាប់ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០១៩ មាន​:
១_ ប្រភេទ មេ​តំ​ហ្វេ​តា​ម៉ី​ន ICE: ទម្ងន់​សរុប ៣៨០.១៣ (​បី​រយ​ប៉ែតសិប​កណ្តក់សញ្ញា​ដប់​បី ) ក្រាម ។​
២_ ប្រភេទ មេ​តំ​ហ្វេ​តា​ម៉ី​ន WY: ចំនួន​សរុប ៥១៩.៥ (​ប្រាំ​រយ​ដប់​ប្រាំបួន​គ្រាប់​កន្លះ ) ក្រាម ។​

អត្ថបទ៖ លោក សាន់ ឈង