កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​បាត់ដំបង​ប្រចាំ​ខែមករា​ឆ្នាំ 2020

ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព​រដ្ឋបាលខេត្ត​បាត់ដំបង ប្រចាំ​ខែមករា​ឆ្នាំ 2020 នា​រសៀល​ថ្ងៃទី 6 ខែកុម្ភៈ​នេះ បាន​ផ្ដោត​ពិនិត្យ​លើ​សកម្មភាព នៃ​ការអនុវត្ត​ការងារ របស់​អង្គភាព​មន្ទីរជំនាញ គ្រប់​វិស័យ​របស់​ខេត្ត រយៈកាល​កន្លងមកនេះ គឺ​ក្នុង​គោល ប្រមូលយក​គ្រប់​បញ្ហា​ប្រឈម ដែល​កើតមានឡើង តាម​អង្គភាព​មន្ទីរ ដែល​បាន​ជួបប្រទះ​ក្នុងការ​អនុវត្ត​ការងារ រួមគ្នា​ដោះស្រាយ​។ ជា​លទ្ធផល​ឃើញថា រយៈពេល 1 ខែ​កន្លងមកនេះ សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់ សាធារណៈ​សង្គម ក៏ដូចជា​ការអភិវឌ្ឍ​ន៍​ក្នុង​ខេត្ត ស្រុក​ក្រុង និង​តំបន់​ព្រំដែន​មាន​ភាពល្អប្រសើរ​។

ទន្ទឹមនឹងនេះ​បញ្ហា​ប្រឈម ទាក់ទង​នឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​សង្គម​ក៏​ឃើញ​មាន ដូចជា​វិស័យ​សំណង់ មាន​មន្ត្រី​បម្រើ​ការងារ​តិច មិនអាច​គ្របដណ្ដប់បាន​ទូទាំង​ខេត្ត​។ វិស័យ​សាធារណការ បញ្ហា​ប្រឈម​មាន ប្រជាពលរដ្ឋ​សាងសង់​រំលោភ​លើដី​ចំណីផ្លូវ ប្រជាពលរដ្ឋ​មិនទាន់បាន​ចូលរួម​ជាមួយ​អាជ្ញាធរ ឲ្យ​បាន​សស្រាក់សស្រាំ​នៅឡើយ​។

សាលាក្រុង​នៅមាន​បញ្ហា ការរៀបចំ​សណ្ដាប់ធ្នាប់ សាធារណៈ ពិសេស​ការលក់ដូរ​រ​បស់​ប្រជាពលរដ្ឋ​តាម​ចិញ្ចើមផ្លូវ នឹង​បញ្ហា​សំរាម​ដោយ​ប្រជាពលរដ្ឋ​មិនទាន់បាន​ចូលរួម​ឲ្យ​បាន​ផុសផុល​នៅឡើយ​។ លើ​វិស័យ​ទេសចរណ៍​ក៏​នៅមាន​បញ្ហា​ប្រឈម គឺ​ការគ្រប់គ្រង​ភោជនីយដ្ឋាន រ​ង្ក​សាល​កំសាន្ត ទាំង​បញ្ហា​បំពុល​សំឡេង​នាពេល​យប់​ជាដើម​។

ឯកឧត្តម ​ងួន ​រតនៈ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ក្នុង​គោលដៅ​កែលម្អ បាន​ជំរុញ​ដល់​គ្រប់​អង្គភាព មន្ទីរជំនាញ ក្រុង​ស្រុក ត្រូវ​បន្ត​យកចិត្តទុកដាក់ កែលំអរ​ឡើងវិញ​រាល់​បញ្ហា​ប្រឈម ដោយ​ផ្ដោតលើ​ការផ្សព្វផ្សាយ​អប់រំ យ៉ាង​ទូលំទូលាយ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ មុននឹង​យើង​ប្រើ​វិធានការ​ច្បាប់​។

ឯកឧត្តម​បាន​បន្តទៀតថា បញ្ហា​ប្រឈម​ដែល​យើង​រួមគ្នា​ដោះស្រាយ​បន្ត​នោះ​គឺ សកម្មភាព​បំផុស​ការ​ញុះញង់ បង្ក​អស្ថេរភាព ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម អំពើ​លួច​ឆក់​ប្លន់ បញ្ហា​គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ឲ្យ​បាន​យ៉ាងសកម្ម ដោយ​ធានាបាន​នូវ​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ​៕៧​កុម្ភៈ​៕​