ជប៉ុននឹងជម្រុញអ្នកវិនិយោគជនជាតិជប៉ុន ផ្តោតលើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត នៅខេត្តបាត់ដំបង

Phy Sok, [05.07.21 18:17]

ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអះអាងថា នឹងផ្សព្វផ្សាយបន្ថែម ដល់អ្នកវិនិយោគក្នុងប្រទេសជប៉ុន អោយមកធ្វើការវិនិយោគក្នុងទឹកដីខេត្តបាត់ដំបង លើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ឆ្លើយតបតាមសំណូមពរ ។

ការអះអាងនេះធ្វើឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំខេត្តបាត់ដំបង និង ឯកឧត្តមអគ្គរាជទូតផ្ទាល់ កាលពីដើមកក្កដា ដោយលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង បាន ស្នើដល់ជប៉ុនបន្តជួយអភិវឌ្ឍវិស័យកសិកម្មនៅខេត្តបាត់ដំបង តាមរយៈការបង្កើតរោងចក្រកែច្នៃកសិផល ឲ្យទុកបរិភោគបានយូរ ខណៈនៅក្នុងខេត្តមានដូចជាផ្លែស្វាយ មៀន ម្នាស់ និងក្រូចពោធិ៍សាត់ជាដើម រួមទាំងកៀគរអ្នកវិនិយោគជប៉ុន មកធ្វើការវិនិយោគលើវិស័យនានា នៅក្នុងខេត្តបាត់ដំបង ។

ទន្ទឹមនោះផងដែរ ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលជប៉ុន កំពុងគិតពិចារណា ក្នុងការផ្ដល់នូវហិរញ្ញប្បទានចំនួនជាង២០០លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អភិវឌ្ឍប្រទេស និងប្រើប្រាស់ក្នុងកាងារផ្សេងៗ នៅក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ១៩នេះ ។

ក្នុងជំនួបជាមួយលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈ នោះដែរ ឯកឧត្តម មិកាមិ មានប្រសាសន៍ថា ក្នុងនាមប្រទេសជប៉ុន ពិតជាមានការសប្បាយរីករាយ ដែលបានចូលរួមអភិវឌ្ឍវិស័យមួយចំនួននៅកម្ពុជា មានវិស័យ គមនាគមន៍ វិស័យអប់រំ វិស័យកសិកម្ម វិស័យធារាសាស្ត្រ និងសុខាភិបាលជាដើម ដែលមានទាំងជំនួយថវិកា សម្ភារ និងបច្ចេកទេសនៅគ្រប់រាជធានីខេត្ត ។

ឯកឧត្តមបន្តថា សម្រាប់ខេត្តបាត់ដំបងជប៉ុនក៏បានជួយអភិវឌ្ឍផងដែរ ក្នុងវិស័យទាំងអស់នោះ ហើយបច្ចុប្បន្ន តាមរយៈអង្គការចៃការ កំពុងធ្វើការស្ថាបនាផ្លូវជាតិលេខ៥ និងជួសជុលអគារសិក្សានៅសាលាគរុកោសល្យភូមិភាគ៥… ហើយជប៉ុនក៏គ្រោងជួយអភិវឌ្ឍផងដែរ នៅក្រុងបាត់ដំបង ឲ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) រួមទាំងផ្សព្វផ្សាយពីបាត់ដំបង ឲ្យពលរដ្ឋជប៉ុនបានស្គាល់ ដូចនៅខេត្តសៀមរាប ដែលមានប្រសាទអង្គវត្ត ជាបេតិកភ័ណពិភពលោក ។

អត្ថបទ លោកភី សុខ