ការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

មន្រ្តីមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថា តាមរបាយការណ៍មាន ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃគឹតត្រឹមថ្ងៃទី៤ខែមករា២០២១ មានចំនួន ១០៦នាក់ដែលរក ឃើញមាន ការឆ្លងជំងឺកូវីដ១៩ កំពុងត្រូវបានយកចិត្តទុកដាក់ព្យាបាលពីមន្រ្តីសុខាភិបាលថៃ នៃប្រទេសថៃផ្ទាល់​។

លោក វេជ្ជបណ្ឌិត អ៊ុក វិទ្យាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបន្ថែមថា ស្របពេល ដែល ប្រទេសថៃកំពុងផ្ទុះជំងឺកូវីដ១៩រីករាលដាលដូច្នេះ សូមអោយ ពលករ ខ្មែរដែលធ្វើការនៅប្រទេសថៃ សូមកុំជ្រួលច្របល់ វិលត្រឡប់មកស្រុកវិញ ពោលគឺធ្វើការនៅទីណា សូមនៅទីនោះសិន ព្រោះប្រទេស ថៃក៏មានកន្លែងធ្វើចត្តាឡីស័ក និង ពិនិត្យព្យាបាលជំងឺកូវីដ១៩គ្រប់គ្រាន់ ដោយមិនគិតលុយ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា បើសិនបានជាវិលត្រឡប់មកវិញតាមច្រករបៀងក្តី តាមច្រក ផ្លូវកាត់ក្តី សូមស្ម័គ្រចិត្តចូលខ្លួនមកធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុនចូលទៅកាន់សហគម និង បើចូលដល់សហគមន៍ហើយ សាម៉ីខ្លួន សាច់ញាតិ រឺ អ្នកជិតខាង សូមរាយការណ៍ ជាបន្ទាន់មកកាន់ អាជ្ញាធរមូលដ្ឋានអោយបានដឹង ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក១៤ថ្ងៃ រឺ ធ្វើចត្តាឡីស័ក នៅផ្ទះផ្ទាល់ដោយគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍នេះខណៈដែលចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទាមតិ តាមវិទ្យុជាតិចំការចេក នាថ្ងៃទី៥ខែមករាឆ្នាំ២០២០នេះ ។

លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះសភាពការគ្រប់គ្រងពលករត្រឡប់មកពីប្រទេសថៃ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ ព័ន្ធនិងមន្រ្តីសុខាភិបាល គ្រប់គ្រងបានល្អហើយ ពុំមានធ្លាយចូលសហគម ដោយពុំទាន់ ធ្វើចត្តាឡីស័កនោះទេ។
ទោះបីយ៉ាងណាលោក ចង់អោយពលរដ្ឋចូលរួមបន្ថែមទៀត គឺពលរដ្ឋ ទាំងអស់ត្រូវក្លាយ ជាភ្នាក់ងារផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋាននៅពេលពិនិត្យឃើញថាមានពលករ ទើបត្រឡប់ មកពីប្រទេសថៃចូលសហគម រឺ សង្ស័យ មានការកើតជំងឺកូវីដ១៩ នៅសហគមរបស់ខ្លួន ។

លោកវឿង ប៊ុនរ៉េត បញ្ជាក់ថា ពលករត្រឡប់មកពី ប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង គឺកម្រិតធម្មតាពុំមានគំហ៊ុកនោះទេ គឺចន្លោះពី ២០ ទៅ៥០នាក់ ពេលខ្លះ ១០០ ទៅ១០០នាក់ ជាង ក្នុងមួយថ្ងៃ។

តួលេខសរុបពលករដែលត្រឡប់មកពីប្រទេសថៃគិតត្រឹមព្រឹកថ្ងៃទី០៥មករានេះមានចំនួន ១៨១៥នាក់ ស្រី ៧៥៤នាក់ ក្នុងនោះបាន យកសំណាក ១៤៨៩នាក់ ស្រី ៦២២នាក់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង(ពេទ្យធំ ) ។
អត្ថបទ លោក ភី សុខ