ការផ្ទុះជំងឺកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់ដំណើរការ បោសសម្អាតមីន នៅបាត់ដំបង

Phy Sok, [22.07.21 17:32]

  បាត់ដំបង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ទទួលបេសកកម្មពិសេស បានថ្លែងថា ដំណើរការបោសសម្អាតមីន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង កំពុបង្កការរំខានពីបញ្ហាជំងឺកូវីដ១៩ ព្រោះមានមន្ត្រីបុគ្គលិក ក្នុងអង្គភាពបោសសំអាតមីនមួយចំនួន មានវិជ្ជមានជំងឺកូវីដ១៩ ខណៈដំណើរការបោសសម្អាតមីន នៅតែបន្តទៅមុខជានិច្ច ទាល់តែសម្រេចគោលដៅកម្ពុជាគ្មានមីន ទោះបីជាមានបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ក្ដី ។

ក្នុងឱកាសចុះសួរសុខទុក្ខនាំសម្ភារមួយចំនួន ផ្ដល់ដល់មន្រ្តីស៊ីម៉ាក់ ក្នុងខេត្តបាត់ដំបងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា គឺជាម្ចាស់ជំនួយដ៏ធំក្នុងការងារបោសសំអាតមីន រួមទាំងមានកិច្ចសហការជាមួយបណ្ដាប្រទេសជាមិត្តផ្សេងៗចូលរួម ខណៈប្រតិបត្តិករជាច្រើនអង្គភាព បាននិងកំពុងអនុវត្តបោសសំអាតមីននៅទូទាំងប្រទេស ។

ឯកឧត្តមបន្តថា សម្រាប់ខេត្តបាត់ដំបងនេះ បន្ទាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ រយៈពេលជាងមួយឆ្នាំមកនេះ គឺពុំមានបញ្ហាអ្វីដល់ដំណើរការបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនោះទេ ប៉ុន្តែនារយៈពេលប៉ុន្មានថ្មីៗនេះវាបានធ្វើឲ្យប៉ះពាល់ ព្រោះមានបុគ្គលិកអង្គភាពបោសសំអាតមីនមួយចំនួន មានវិជ្ជមានកូវីដ១៩ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័ក ។

ក្នុងនាមតំណាងសម្ដេចតេជោ ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ប្រតិបត្តិករបោសសំអាតមីនទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសំអាតមីននៅកម្ពុជា ដែលបានរំដោះអាចឲ្យពលរដ្ឋធ្វើដំណាំកសិកម្ម កាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន ហើយសូមអំពាវនាវដល់បងប្អូនប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើការបង្កបង្កើនផលនៅតាមតំបន់ ដែលមន្រ្តីស៊ីម៉ាក់ដាក់ផ្លាកសញ្ញាហាមឃាត់ និងណែនាំឲ្យប្រុងប្រយ័ត្នចំពោះគ្រាប់មីន ៕