គ្រូបង្រៀនមួយចំនួនក្នុងខេត្តបាត់ដំបងត្រូវបានធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ក្រោយភ្ជំបិណ្ឌ

បាត់ដំបង៖ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់នៅទូទាំងខេត្តបាត់ដំបងតម្រូវឲ្យធ្វើតេស្តរហ័សមុនអនុញ្ញាតឲ្យចូលបង្រៀន ដោយក្នុងនោះលោកគ្រូ អ្នកគ្រូមួយចំនួនត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩។

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា តាមការណែនាំរបស់ក្រសួងសុខាភិបាល លោកគ្រូ អ្នកគ្រូដែលបង្រៀនតាមបណ្ដុំនៅក្នុងសាលារៀនដែលបានបើកដំណើរការកន្លងមក គឺត្រូវធ្វើតេស្តរហ័សនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ហើយក្នុងនោះលោកគ្រូ អ្នកគ្រូមួយចំនួនត្រូវបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ១៩ និងត្រូវបន្តរង់ចាំលទ្ធផលធ្វើតេស្តពីម៉ាស៊ីនPCR។

 រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចអនុញ្ញាតឲ្យបើកឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជា២ដំណាក់កាល គឺដំណាក់កាលទី១សម្រាប់តែអនុវិទ្យាល័យថ្នាក់ទី៩ និងវិទ្យាល័យថ្នាក់ទី១២ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ។

ចំពោះគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សាបឋមសិក្សា(ថ្នាក់ទី១ដល់ទី៦)អនុវិទ្យាល័យ(ថ្នាក់ទី៧ដល់ទី៨) និងវិទ្យាល័យ(ថ្នាក់ទី១០ដល់ទី១១)មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជននីមួយៗ ត្រូវស្នើសុំគោលការណ៍មករដ្ឋបាលខេត្ត ដើម្បីចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃអំពីកម្រិតហានិភ័យទៅតាមស្ថានភាពជាក់ស្ដែង មុននឹងសម្រេចអនុញ្ញាត។

រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលទទួលបានការអនុញ្ញាត ត្រូវបន្តអនុវត្តន៍គោលការណ៍ប្រតិបត្តិស្ដង់ដារ(SOP)សម្រាប់ដំណើរការសាលារៀនឡើងវិញ និងយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្របតាមបរិការណ៍ សកម្មភាពបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩។

គូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបងបាននិងកំពុងបើកដំណើរការសាលារៀនសាធារណៈសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ចំនួន៩៩ទីតាំង និង២៦ទីតាំងទៀតពុំទាន់អាចបើកដំណើរការបានដោយសារសាលាខ្លះជាប់យកធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ព្រមទាំងស្ថិតនៅក្នុងតំបន់ដែលមានកម្រិតហានិភ័យឆ្លងខ្ពស់៕ភី សុខ