ដីតំបន់ ៣ នៅក្នុងស្រុក៤ របស់ខេត្តបាត់ដំបង មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ប្រើប្រាស់និងអាស្រ័យផលនោះទេ

ឯកឧត្តមសុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យលេខ ៩០ អនក្រ បក ស្ដីពីការកាត់ឆ្វៀល ដីតំបន់ ៣ និងការកែសម្រួល ផ្ទៃដីតំបន់ ៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកមោងឬស្សី កាលពីព្រឹកថ្ងៃទី ២៥ ខែឧសភានេះថា នេះគ្រាន់តែជាការផ្សព្វផ្សាយបឋម ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីនៅតំបន់នោះ ក៏ដូចជាអាជ្ញាធរសមត្ថកិច្ច និងជំនាញពាក់ព័ន្ធទាំងអស់ ឱ្យជ្រាបថា កន្លងមកប្រជាពលរដ្ឋ ដែលអាស្រ័យផល លើដីតំបន់ ៣ ត្រូវបានហាមឃាត់។

តែក្នុងសេចក្តីប្រកាសនេះ គឺដើម្បីឱ្យបងប្អូនបានដឹងថា នៅក្នុងស្រុកមោងឬស្សី ត្រូវបាន កាត់ដីចេញ ពីរតំបន់ ៣ មកតំបន់២ ហើយការប្រកាសនេះ គ្មានអ្វីខុសពីបងប្អូន ទាំង ៥ ឃុំក្នុងស្រុកមោងឫស្សី បានស្នើសុំនោះទេ។ ចំពោះបងប្អូន ដែលអាស្រ័យផល យូរមកហើយក្នុងតំបន់ ៣ គឺមានប្រាំឃុំ គឺឃុំឬស្សីក្រាំង ឃុំជ្រៃ ឃុំតាលាស់ ឃុំកកោះ និងឃុំព្រៃតូច ដែលបានស្នើសុំកាត់ឆ្វៀល កែព្រំប្រទល់ ពីរតំបន់ ៣ មកតំបន់ ២។


ឯកឧត្តមបានបញ្ជាក់ទៀតថា ដីតំបន់ ៣ នេះ ប្រើប្រាស់ អាស្រ័យផល មិនបានទេកន្លងមក តែឥឡូវកែមក ជាតំបន់ ២ គឺមានទំហំ ១៣២៦ ហិកតាជាង ស្មើ និង ១៧១ គ្រួសារ នេះទីមួយ ឯទីពីរវិញ កែសម្រួលតំបន់ពីរ មកជាតំបន់មួយ ព្រោះតំបន់មួយជាតំបន់ ភូមិឋានរស់នៅរបស់បងប្អូន យូរឆ្នាំណាស់មកហើយ មានទាំងសាលារៀន វត្តអារាម ប៉ុន្តែមិនទាន់មានប្លង់ កម្មសិទ្ធិទេ ។អញ្ចឹងប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យតំបន់ហ្នឹង ឱ្យមកជាតំបន់មួយ ហើយធ្វើប្លង់កម្មសិទ្ធិជូនបងប្អូន។ ហើយយើងកែពី តំបន់ពីរមកតំបន់មួយ មានចំនួន ៩៨៧ហិកតាជាង ស្មើរហ្នឹង ១៥៧៥ ក្បាលដី មានប្រជាពលរដ្ឋចំនួន ១២០៩ គ្រួសារ។ ដូច្នេះនៅពេលខាងមុខនេះ មន្ត្រីជំនាញនិងចាប់ផ្ដើម ចុះបញ្ជីលក្ខណៈប្រព័ន្ធ ជាបន្តបន្ទាប់ទៀត។ ឯកឧត្តមក៏បានជម្រាបជូន ដែរថា នៅទូទាំងខេត្តបាត់ដំបងយើង ដែលមានពាក់ព័ន្ធ ៤ ស្រុកនេះ គឺយើងបានកាត់ឆ្វៀល ដីតំបន់ ៣ ទំហំ ១៣៥៣ហិកតាជាង ដែលស្ថិតក្នុងភូមិសាស្ត្រ ក្នុងឃុំកោះជីវាំង និងឃុំព្រៃចាស់ស្រុកឯកភ្នំ ដែលបានធ្វើ(អនុបយោគ) ជាដីឯកជនរបស់រដ្ឋ និងផ្ដល់ជា កម្មសិទ្ធិជូនប្រជាពលរដ្ឋ ២៩៩៥ គ្រួសារ ដែលតាមការសម្រេច សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន ឲ្យកែពីតំបន់ ៣ មកតំបន់១ បានន័យថា ផ្ដល់ជាកម្មសិទ្ធិ ជូនដល់ពួកគាត់តែម្ដង។


ឯកឧត្តមបានបន្តទៀតថា យើងកែពីតំបន់ ៣ មកតំបន់ ២ តំបន់ ៣ នេះកន្លងមក បងប្អូនបានអាស្រ័យផលហើយកន្លងមក ហើយយើងក៏បានហាមឃាត់តាមច្បាប់។ តែសម្ដេចតេជោ បានគិតថា បងប្អូនដែលអាស្រ័យផល យូរណាស់មកហើយ សូមឱ្យបងប្អូនអាស្រ័យផល ដោយស្របច្បាប់ អញ្ចឹងទើបយើង កែពីតំបន់ ៣ មកតំបន់ ២ នេះមាន ១០៤៣០ ហិកតាជាង ដែលមានក្នុងស្រុកថ្មគោល ឯកភ្នំ សង្កែ និងស្រុកមោងឬស្សី មានប្រជាពលរដ្ឋ ១៤០៨ គ្រួសារ នេះទូទាំងខេត្តបាត់ដំបង។ ហើយកែសម្រួលពីតំបន់២ មកតំបន់ ១ មាន ៦៤៩១ ហិកតាជាង ក្នុងភូមិសាស្ត្រស្រុក ថ្មគោល ឯកភ្នំ និងស្រុកសង្កែ។ ឯកឧត្តមបានរឿងឡើងទៀតថា កាត់ដីទំហំ ៤៥៥៩៣ ហិកតាជាង ក្នុងតំបន់ ២ សព្វថ្ងៃគឺមាន ៤៥០០ ហិកតាទៀត ឱ្យទៅជាតំបន់ ២ ទាំង៤ស្រុកហ្នឹង។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា សម្ដេចតេជោ អនុញ្ញាតឱ្យចេញប្លង់ សម្រាប់បងប្អូន តំបន់ ៣ ដែលបានកែមកជាតំបន់ ២ គឺចេញប័ណ្ណសម្គាល់ សិទ្ធិប្រើប្រាស់ និងអាស្រ័យផល ហើយបងប្អូននៅតំបន់ ២ សព្វថ្ងៃដែលកំពុង ប្រើប្រាស់អាស្រ័យផល ក៏បានប្លង់នោះដែរ។ ហើយប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលនេះ មិនអាចឱ្យបងប្អូន យកទៅលក់ បញ្ចាំ ឬជួលបានឡើយ តែអាចផ្ទេរ សិទ្ធិបាន ទៅដល់កូនចៅ នៅពេលយើងស្លាប់ ដោយទៅជួបនិងមន្ត្រី ជំនាញពាក់ព័ន្ធផ្ទាល់៕ អត្ថបទ ម៉ូតវ៉ោយហូរ