លោក​ឧកញ្ញា សន ថន ត្រូវ​ACU នាំ​មក​សាកសួរ​រឿង ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ ក្នុង​សំណុំរឿង​ដីធ្លី រាប់ពាន់​ហិច​តា នៅ​ស្រុក​គាស់ក្រឡ ដែល​រាំ​រ៉ៃ​យូរ​ឆ្នាំ​

​ឯកឧត្តម​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) បាន​ប្រាប់​អ្នកសារព័ត៌មាន​នា​ល្ងាច​ថ្ងៃ​ទី​២៧​មិថុា​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំ​ខ្លួន​លោក​ឧកញ្ញា សន ថន មក​សាកសួរ​រឿង ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ រឿង​ដីធ្លី ធំ នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង រាប់ពាន់​ហិច​តា​។​

​ការ​នាំខ្លួន​លោក​ឧកញ្ញា សន​ថន របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ មក​សាកសួរ​នេះ ស្របពេល​ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ត្រូវ​ឲ្យមក​បម្រើ​ការងារ​នៅ​សាលាខេ​ត្ត​បាត់ដំបង​។​

​នៅ​ថ្ងៃ​២៧​ខែ​មិថុនា​នេះ​ដែរ គណៈប្រតិភូ​ក្រសួងយុត្តិធម៌​ក៏​បាន​ចុះ​ពិនិត្យ​សិក្សា​ស្វែងយល់​អំពី​ករណី​ទំនាស់​ដីធ្លី​បងប្អូន​ប្រជាពលរដ្ឋ រវាង​ឧកញ៉ា សង ថន នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​ព្រម​គ្នា​ផង​ដែរ ។​

​គណៈប្រតិភូ​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​ដោយ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ អមដំណើរ​ដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក សឿ​ម ប៊ុន​រិទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី បាន​ចុះ​សិក្សា​ស្វែងយល់​ពី​បញ្ហា​ទំនាស​ដីធ្លី​រវាង លោក​ឧកញ្ញា​សន ថន និង​ពលរដ្ឋ​។​

​សូម​ជម្រាប​ជូន​ថា​ពលរដ្ឋ ចំនួន ៤ គ្រួសារ ដែល​រង​ការប្តឹង​ពី​ឧកញ៉ា សង ថន និង​ដីកា​កោះហៅ​របស់​តុលាការ ត្រូវបាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ ហ៊ុន សែន ទទួលយក​ស្នើសុំ​ជួយ​ការពារ​ក្តី​ចំពោះ​មុខច្បា​ប់​៕ ដោយ : ភី សុខ​