ការផ្សះផ្សា​អំពើហិង្សា​លើ​ស្ត្រី ធៀប​នឹង​ជម្រើស​ផ្នែក​ច្បាប់​ ​

ជម្រើស​នៃ​ការដោះស្រាយ​ករណី​ហិង្សា​លើ​ស្ត្រី​ គឺ​ភាគច្រើន​មិន​ត្រឹមតែ​ស្ត្រី​ខ្លួនឯង​ផ្ទាល់​ ឬ​អាជ្ញាធរ​នោះទេ តែងតែ​ជ្រើស​យក​ការផ្សះផ្សារ​ជាមុន ព្រោះនេះ​ជំ​ហ៊ា​ប​ដំបូង​នៃ​ការដោះស្រាយ​ដែល​ល្អ​បំផុត​សំរាប់​ស្ត្រី​រងគ្រោះ ។ ជម្រើស​ផ្នែក​ច្បាប់​គឺ​ជម្រើស​មួយ​ល្អ​ក្នុង​ការផ្តល់​យុត្តិធម៌​ជូន​ស្ត្រី​រងគ្រោះ ។​

កញ្ញា​ស្រី​ធា បាន​លើកឡើងថា​៖ ជម្រើស​ទាំងពីរ​សុទ្ធតែ​ល្អ​សំរាប់​ស្ត្រី​រងគ្រោះ តែ​ជាដំបូង​គឺ​សង្កេតឃើញ​ស្ត្រី​ភាគច្រើន​ គឺ​ជ្រើស​យក​ការផ្សះផ្សារ​ជាមុន ក្នុងន័យ​ករណីរ​ស្រាលៗ តែបើ​បង្ក​របួសស្នាម​ដាច់ខាត​ត្រូវតែ​អនុវត្ត​ច្បាប់​តែម្តង ។​

ចំណែក​ លោក យ៉ែម ចំណាន មន្ត្រីនគរបាល​ស្រុក​បាណន់​ថា​៖ ការដោះស្រាយ​កន្លងមក​គឺមាន​ផល​លំបាក​នៅពេលដែល​ចាប់​ជនបង្ក​មក​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ព្រោះ​ពេលធ្វើ​បែបនេះ​ស្ត្រី​រងគ្រោះ​តែងតែ​មកសុំ​អោយ​ដោះលែង​ទៅវិញ ដូច្នេះ​អ្វីដែល​អាជ្ញាធរ​អាចធ្វើ​បាន​គឺ​ត្រូវតែ​ធ្វើការ​ផ្សះផ្សារ​ជាមុនសិន ។​

ចំពោះ​បញ្ហា​នេះ​ផងដែរ លោក ហេង សាយ​ហុង អ្នកសម្របសម្រួល អង្គការ​លី​ការដូ​ ប្រចាំខេត្ត​បាត់ដំបង​បង្ហាញថា​៖ ស្ត្រី​និង​កុមារ​ចាំបាច់​ត្រូវ​ស្វែងយល់​ប្រព័ន្ធ​ច្បាប់​អោយបាន​ច្រើន ដើម្បី​ទាមទារ​រក​យុត្តិធម៌​លើ​ករណី​អ្វីមួយ​ពិសេស​គឺ​ករណី​ហិង្សា​តែម្តង ចំពោះ​ការសម្របសម្រួល​ក៏​ត្រូវតែ​ស្វែងយល់​ពី​ច្បាប់​ដែរ ហើយ​អាជ្ញាធរ​ត្រូវតែ​ធ្វើការ​ពន្យល់​ប្រាប់​ពលរដ្ឋ​អោយបាន​ដឹង​ពី​កម្រិត​នៃ​ការសម្របសម្រួល និង​ផ្លូវច្បាប់​ដែល​អាចជួយ​គាត់​បាន និង​ដើម្បីអោយ​កាត់​សម្រេចចិត្ត​ជ្រើស​យក​ជម្រើស​មួយណា ។​

លោក​បាន​បន្តថា​៖ សំរាប់​អង្គការ​លី​ការដូ​បានធ្វើការ​ផ្សព្វផ្សាយ​និង​ពន្យល់​ទៅកាន់​ពលរដ្ឋ​ពិសេស​ស្ត្រី​និង​កុមារី​ដែល​រង​ដោយ​ហិង្សា ពី​កម្រិត​នៃ​ផ្នែក​ច្បាប់​ដែល​អាចជួយ​គាត់​បាន និង​ការសម្របសម្រួល​នៅតាម​មូលដ្ឋាន​អាចជួយ​គាត់​បាន​កម្រិតណា និង​ស្វែងរក​ការផ្តល់សេវា​ផ្សេងៗ​ពី​អង្គការ​ដៃគូ​បន្ថែមទៀត​។​

• ស្ត្រី​គួរតែ​ដឹង​ពី​ជម្រើស​យុត្តិធម៌​ផ្លូវការ ​និង​ជម្រើស​ដទៃទៀត មុននឹង​ធ្វើការ​សម្រេច​ចិត្ត​។​
មាត្រា​១៧ នៃ​ច្បាប់​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ ចែងថា អាជ្ញាធរ​ដែល​ទទួលខុស​ត្រូវ​មិន​អាចធ្វើ​អន្ដរាគមន៍​ដើម្បី​សម្របសម្រួល​ករណី​អំពើហិង្សា​ធ្ងន់ធ្ងរ​លើ​ស្ត្រី​បានទេ​។​ផ្តល់ជូន​យុត្តិធម៌​ផ្លូវការ​ផ្នែក​ច្បាប់​ដើម្បី​ការពារ​ជនរងគ្រោះ​។

​អត្ថបទ៖ លោក ឈឿន ថៃកឿ