ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ណែនាំ​ឱ្យ​ដាក់​ពលរដ្ឋ​មកពី​ថៃ នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​

​ស្របពេល​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​សម្រុក​ត្រឡប់​ចូល​ប្រទេស​កំណើត វិញ​កកកុញ បន្ទាប់ពី​អាជ្ញាធរ​ថៃ​ជូនដំណឹង បិទ​ច្រក​ព្រំ​ដែលជា​បន្តបន្ទាប់​នោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​ឱ្យ​ចុះ​ចាត់វិធានការ ដោយ​ដាក់​ពលរដ្ឋ​ខ្មែរ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ការ​ការចម្លង​មេរោគ​កូ​វីដ​១៩ (COVID-19)​។​

​ក្នុង​សារ​សម្លេង​ណែនាំ​ទៅកាន់​ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​ខេត្ត ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ​នៅ​យប់​ថ្ងៃនេះ សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​យ៉ាង​ដូច្នេះ «​ឥឡូវ​ខ្ញុំ​ស្នើ​អ៊ីចេះ​ខេត្ត​សា​ម៉ី​នីមួយៗ​ណែ​នាំទៅ​មូលដ្ឋាន​ភូមិ​ឃុំ​ហ្នឹង ស្រុក​ហ្នឹង ឱ្យ​ផ្តល់ព័ត៌មាន​។ បានន័យថា ប្រជាជន​ទើប​មកពី​ថៃ​ផ្តល់ព័ត៌មាន​មក ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ ហើយ​បើ​សង្ស័យ​យ៉ាងម៉េច​ទុកឱ្យ​គាត់​នៅ​ដោយឡែក​សិន កុំឱ្យ​ប៉ះពាល់​ជាមួយ​អ្នកដទៃ​នៅក្នុង​ផ្ទះ​គាត់​ណុង»​។​

​សម្តេច​បន្តថា​«​សូម្បីតែ​គ្រួសារ​ក៏​កុំឱ្យ​ប៉ះ​ដែរ​។ ល្អ​មែនទែន​គាត់​មក​អ៊ីចឹង​មែន ឱ្យ​គាត់​នៅក្នុង​ផ្ទះ​គាត់​ណុង​១៤​ថ្ងៃ ហើយ​បើ​មានអី​សង្ស័យ​យក​កំហាក យក​អី​មក​ធ្វើតេស្ត​ធ្វើ​អី​»​។​

​សម្តេច​ណែនាំ​បន្តថា «​ណែនាំ​ពួកគាត់​នៅក្នុង​ផ្ទះ​មែន តែ​នៅ​ដោយឡែក​ពី​គេ​ក្នុង​រយៈពេល​១៤​ថ្ងៃ ដើម្បី​ការពារ​ជំងឺ​រាតត្បាត​នេះ​។ បើ​មាន​សញ្ញា​អី​យកមក​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​»​។​

​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ផងដែរ ដល់​អ្នក​ត្រឡប់​មកពី​ប្រទេស​ថៃ ត្រូវដាក់​ខ្លួនឯង​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ ដោយ​មិន​ត្រូវមាន​ទំនាក់​ទំនងជា​មួយក្រុម​គ្រួសារ​នោះទេ​។​

លោកស្រី ឱ វណ្ណឌី​ន ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូ​ូ​ល​ដ្ឋា​ន​ចូលរួម​ទប់ស្កាត់​ការចម្លង​មេរោគ​នេះ តាមរយៈ​ស្រង់​ស្ថិតិ​របស់​ប្រជាពលរដ្ឋ​វិលត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ណែនាំ​ឱ្យ​ពួកគាត់​អនុវត្តន៍​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ដែល​បានដាក់​ចេញ​នោះ​។​

​សូមបញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​នៅ ប្រទេស​កម្ពុជា កើនឡើង​៨៤​នាក់​ហើយ អ្នក​ឆ្លង​ចុងក្រោយ​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​៣១​ករណី លើ​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​២៩​នាក់​និង​ខ្មែរ ២​នាក់ ជា​អ្នក​មេ​គ្គុ​ទេស ទេសចរ​អោយ​ក្រុម​ជនជាតិ​បារាំង​ទាំងនេះ​៕

​អត្ថបទ : ភី សុខ​