ក្រសួងកសិកម្មប្រកាសកំណត់ទីតាំងដែលមានមាន់ងាប់ជាង១០០០ក្បាលនៅឃុំព្រែកនរិន្ទ មានផ្ទុះជម្ងឺផ្តាសាយបក្សី

យោងតាមខ្លឹមសារនៃសេចក្តីប្រកាសរបស់ក្រសួងកសិកម្មបានតម្រូវឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វចាត់វិធានការបសុព្យាបាលនៅតំបន់ផ្ទុះជំងឺផ្តសាយបក្សីបំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺតាមវិធានបច្ចេកទេសបសុពេទ្យ និងផ្អាកជាបណ្តោះអាសន្នលើការទិញ ការលក់ ឬការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចេញ ចូល ឬឆ្កងកាត់ពីរង្វង់ ៣គីឡូម៉ែត្រជុំវិញកន្លែងផ្ទុះជំងឺ។

ក្នុងការប្រកាសតំបន់ជំងឺផ្តាសាយបក្សី កាលពីរសៀលថ្ងៃទី១២ខែមករាអាជ្ញារធរខេត្តនិងមន្រ្តីជំនាញបានបំផ្លាញចោលនូវសត្វទាកាប៉ា និងសត្វក្ងានជិត ២០០ក្បាលបន្ថែមទៀតក្រោយផ្ទុះករណីជំងឺផ្តាសាយបក្សីបណ្តាលឲ្យងាប់សត្វមាន់ចំនួន ១៣០០ក្បាលនៅក្នុងទីតាំងចិញ្ចឹមក្នុងភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបងដែលមានម្ចាស់ឈ្មោះ ហូ ណាម ដែលជាមន្រ្តីសុខាភិបាលផងដែរនោះ។

លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបងនៅក្នុងការចុះប្រកាសកំណត់តំបន់ជំងឺផ្តាសាយបានបញ្ជាក់ឲ្យដឹងថា÷ យើងបានសម្រេចបំផ្លាញកប់ចោលនូវសត្វទាកាប៉ាចំនួន ១៧៨ ក្បាល និងសត្វក្ងានចំនួន ១២ក្បាលបន្ថែមទៀតដើម្បីការពារការរីករាលដាលនូវជំងឺខាងលើនេះទៅដល់បណ្តាកន្លែងចិញ្ចឹម ឬកសិដ្ឋានដែលនៅតំបន់ក្បែរគ្នាផ្សេងទៀត។

លោក ឈឹម វជិរ៉ាប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបងអោយដឹងថាការបើកទិញ លក់ ឬការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចេញ ចូលនេះឡើងវិញបានដរាបណាមានការប្រកាសរំសាយតំបន់ជំងឺជាថ្មីក្រោយពេលស្ងប់ស្ងាត់លែងកើតមាននូវករណីជំងឺផ្តាសាយបក្សី AH5N1ក្នុងតំបន់ដែលបានកណត់ខាងលើ៕@physok