ការរៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​ក្នុង​ក្រុង​បាត់ដំបង​

បច្ចុប្បន្ន​ក្នុង​ក្រុង​បាត់ដំបង​មាន​ផ្សារ​ជាច្រើន សំរាប់​ប្រជាពលរដ្ឋ ក្នុង​ការលក់​និង​ទិញ​ទំនិញ​ផ្សេងៗ​តាម​តម្រូវការ​។ ចំពោះ​ការលក់ដូរ​នៅក្នុង​ផ្សារ​អាជីវករ​ខ្លះ​ក៏​ជួបប្រទះ​នៅ​បញ្ហា​មួយចំនួន​ផងដែរ​។​

ស្ត្រី​ជា​អាជីវករ​មួយរូប ​នៅ​ផ្សារណាត់​បាន​មានប្រសាសន៍ថាៈ អ្នកស្រី​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ ព្រោះ​ពេល កំពុង​លក់ដូរ ជួនកាល​មានការ​ឆក់​លុយកាក់ ហើយ​សំបូរ​មនុស្ស​បែក​ថ្នាំ​ដើរ​អុកឡុក ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​នោះឡើយ​។​

ចំណែកឯ ប្រជាពលរដ្ឋ​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប​ នៅ​ផ្សារណាត់​ដែរនោះ​លោក​បាន​លើកឡើងថា លោក​ឃើញ​មាន​សំរាម​ច្រើន​គំនរ ដោយ​មិនឃើញ​មាន​អ្នក​មក​បោសសំអាត​សំរាម​ចេញពី​ផ្សារ​នោះទេ ដែល​បង្ករ​ឱ្យមាន​ក្លិន​ស្អុយរលួយ​ពេញមុខ​ផ្សារ ហើយ​ណាមួយ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង​ផងដែរ​។​

​ចំណែកឯ​ ​អាជីវករ​មួយរូប​ទៀត​ នៅ​ផ្សា​របឹង​ឈូក បាន​លើក ឡើង​បន្ថែមថា នៅ​ផ្សា​របឹង​ឈូក​នេះ​មិនទាន់មាន​សណ្ដាប់​ធ្នាក់​ល្អ​ក្នុង​ការលក់ដូរ​នៅឡើយ អ្នកលក់ដូរ​ពិបាក​លក់ ផ្លូវ​ចង្អៀត អ្នកទិញ​ក៏​ពិបាក​ដើរ​ទិញ ហើយ​មាន​ជះក្លិន​ស្អុយរលួយ​សំរាម​ដោយ​មិនមាន​អ្នក​មក​ប្រមូល​យកទៅ​ចោល អ្នកស្រី​ចង់ឱ្យមាន​ការរៀបចំ​សណ្ដាប់ ធ្នាប់​និង​អនាម័យ​ក្នុង​ផ្សារ​ឱ្យបាន​ល្អប្រសើរ​ជាង​នេះ​ដើម្បី​មាន​ភាពងាយស្រួល​ដល់​អ្ន​ក​លក់​និង​អ្នកទិញ​ផងដែរ​។​

​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ លោកវរៈសេនីយទោ សួន ឆៀ​ត អធិការរង​ក្រុង​បាត់ដំបង​បាន​មានប្រសាសន៍ថា ចំពោះ​បទល្មើស​ឆក់​មិនមាន​ទេ​នៅក្នុង​ក្រុង​បាត់ដំបង លោក​បង្ក្រាបបាន​ទាន់ពេលវេលា ហើយ​ប៉ូលីស​ក៏​មិនមាន​ការចុះ​យក​ថ្លៃឈ្នួល​តាម​តូប​នោះឡើយ​។​

​បើតាម ​លោក សុង ស៊ើ​ង ​ប្រធានការិយាល័យ​សាធារណការ អនាម័យ​បរិស្ថាន សណ្ដាប់ធ្នាប់​ក្រុង បាន​មានប្រសាសន៍ថា អជ្ញាធរ​ក្រុង​គ្រោង​នឹងមាន​ការប្រជុំ​រៀបចំ​កំណត់​ទីតាំង​ចត​រថយន្ត​និង​ការលក់ដូរ​ឱ្យមាន​របៀប​រយ​នៅពេល​ខាងមុខ ផ្សារណាត់​និង​មានការ​រៀបចំ​ដំបូង​គេ ហើយ​និង​មានការ​រៀបចំ​ទៅតាម​ផ្សារ​ផ្សេងៗ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។​

សូមបញ្ជាក់ថា​ផ្សារ​នៅក្នុង​ក្រុង​បាត់ដំបង​មានដូចជា ផ្សារណាត់ ផ្សា​របឹង​ឈូក ផ្សារ​ទំនើប​បុរី​ថ្មី ផ្សារលើ ផ្សារ​ថ្មី ផ្សារ​រោង​ល្ខា​ន និង​ផ្សារ​ទំនើប​ភួ​ពុ​យ​ជាដើម​។​

​អត្ថបទ៖ កញ្ញា រិន ម៉ារីយ៉ាន