ការរៀបចំ​សណ្តាប់ធ្នាប់ ជុំវិញ​ផ្សា​ក្នុង​ក្រុង​បាត់ដំបង​

ការយក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម​ត្រូវបាន​ប្រជា​ពល​ជាច្រើន​មានការ​មិន​ពេញចិត្ត ហើយ​ចង់ឱ្យមាន​ការរៀបចំ​ឱ្យបាន​ត្រឹមត្រូវ​ពី​អាជ្ញាធរ ក្នុង​គោលបំណង​ដើម្បី​បាន​នូវ​សុវត្ថិភាព និង សោភ័ណភាព​សម្រាប់​ក្រុង​បាត់ដំបង​ផ្ទា​ស់​តែម្តង ។​

លោក សារៈ ជា​និស្សិត​កំពុង​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ខេត្តបាត់ដំបង បាន​និយាយថា អាជ្ញាធរ​ពុំទាន់​បានរៀបចំ​ឱ្យមាន​របៀបរៀបរយ​គ្រប់កន្លែង​នៅឡើយ​ទេ ។ ចំណុច​ដែល​លោក​បានធ្វើការ​សង្កត់ធ្ងន់ គឺ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ជិត​ផ្សា​របឹង​ឈូក និង តាម​បណ្តោយ​ផ្លូវ​លេខ​៣ ដែលមាន​ភាព​រញ៉េរញ៉ៃ ។​ លោក​បានធ្វើការ​សំណូមពរ​ដល់ អាជ្ញាធរ និង ប្រជាពលរដ្ឋ​ទាំងអស់​សូម ធ្វើយ៉ាងណា​សហការគ្នា​ក្នុងការ​រៀបចំ​ឱ្យមាន​របៀបរៀបរយ កុំ​រងចាំ​ទាល់តែ​មានប្រតិកម្ម​ទើប​មានការ​កែប្រែ ។​

លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​មានប្រសាសន៍ថា សម្រាប់​ការរៀបចំ​ផ្សា​នៅក្នុង​ក្រុង​បាត់ដំបង​គឺ​តែមាន​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ជារឿយៗ តែ​ការចូលរួម​របស់​ពួកគាត់​នៅមានកម្រិត​នៅឡើយ​។

គួរបញ្ជាក់​ផងដែរ​ថា​ក្នុងពេល​ឆាប់ៗ​នេះ ប្រហែលជា​សប្តាហ៍​ក្រោយ​នឹងមាន​ក្រុម​ចល័ត​ចុះ​ត្រួតពិនិត្យ ដូចនេះ​ចំពោះ​យាន្ត​យន្ត​ដែល​ចត​គ្មាន​សណ្តាប់ធ្នាប់ នឹងត្រូវ​ស្ទួ​ច​ទៅ​ទុក​នៅ​កន្លែង​សុវត្ថិភាព ហើយនឹង​មានការ​អប់រំ​ដល់​ម្ចាស់​យាន្ត​យន្ត​ផងដែរ​។​

គួរ​រម្លឹក​ផងដែរ​ថា ការយក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម​បានធ្វើឱ្យ​សោភ័ណភាព​ក្រុង​គ្មាន​សណ្តាប់ធ្នាប់ និង ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ ។ ការទទូច​របស់​ប្រជាពលរដ្ឋ គឺ​ធ្វើយ៉ាងណា​ចង់ឱ្យ​អជ្ញាធរ​ជួយ​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ ។​ដោយឡែក កិច្ចការ​នេះ ដើម្បី​ឱ្យមាន​ភាពប្រសើរ​ឡើង​ទៅបាន​លុះត្រាតែ មាន​ការចូល​ទាំងអស់គ្នា រវាង​អាជ្ញាធរ និង ប្រជាពលរដ្ឋ​, ហើយ​ត្រូវផ្តោត​សំខាន់​ពិសេស​គឺ​ការអប់រំ ៕

អត្ថបទ​៖ ម៉ន ឆ​វ័​ន្ត​