ស្នងការខេត្តបាត់ដំបងជម្រុញអោយមន្រ្តីក្រោមឱវាទក្តាប់ និង ចាត់វិធានការបង្រ្កាបបទ ល្មើស គ្រប់ប្រភេទអោយទាន់ពេលនិងមិនលើកលែង

លោកឧត្តមសេនីយទោ សាត គឹមសាន ស្នងការនគបាលខេត្តបាត់ដំបង ព្រមានចាត់វិធានការ រាល់បទល្មើសនានាក្នុងខេត្តអោយបានទាន់ពេលនិងមិនលើកលែងនោះទេ។

លោកបានដាក់បទបញ្ជាអោយមន្រ្តីជំនាញក្រោមឱវាទក្តាប់ឱ្យជាប់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ័្ឌគ្រប់ប្រភេទ ,មុខសញ្ញាគ្រឿងញៀន ,ក្រុមក្មេងបង្កអនាធិបតេយ្យក្នុងមូលដ្ឋាន ,បទល្មើសល្បែងស៊ីសង ។លោកបញ្ជាក់ថា ក្រៅពីក្តាប់បានហើយ ត្រូវចាត់វិធានការបង្រ្កាបទាន់ពេលវេលា ចំពោះ អំពើល្មើសច្បាប់គ្រប់ប្រភេទ ។

លោកស្នងការខេត្តក៏សង្កត់ធ្ងន់លើបន្ថែមលើការពង្រឹងច្បាប់ចរាចរណ៍ផងដែរ គឺមន្រ្តីជំនាញការងារចរាចរណ៍ផ្លូវគោកត្រូវតែបន្តសកម្មភាពរិតបន្តឹងដោយមិនអាចបន្ធូរបន្ថយបានឡើយព្រោះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ហាក់មិនមានសញ្ញាធូរស្រាយសោះឡើយពីមួយថ្ងៃទៅមួយថ្ងៃ ។

ការដាក់បទបញ្ជាក្តៅនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែមករា និងលើកទិសដៅបន្តការងារ ខែកុម្ភៈ ឆ្នាំ២០២១នៅស្នងការនគបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២១ ។

គួរកត់សម្គាល់ថា បញ្ហាបទល្មើសចោរកម្ម គ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និង ល្បែងស៊ីសងជាដើមនៅតែបន្តកើតឡើងនៅក្នុងខេត្តបាត់ដំបង ដែលជាក្តីព្រួយបារម្ភមួយ បើទោះបីជាសមត្ថកិច្ច បានធ្វើការទប់ស្កាត់និងបង្រ្កាបជាបន្តបន្ទាប់យ៉ាងសកម្មក៏ដោយ៕
អត្ថបទ លោក ភី សុខ