រដ្ឋបាល​ខេត្ត​បាត់ដំបង និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជា​មួួយ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​ជំរុញ​ឲ្យមាន​ដំណើរសេដ្ឋកិ​ច្ច​ក្នុង​តំបន់​ឡើងវិញ បន្ទាប់​ពី​បិទ​មួយរយៈ​ដោយសារ​ជំងឺ​កូវី​ដ​១៩ ។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ តប​តាម​ការអញ្ជើញ​របស់ ខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ឧត្តម សេនីយ៍​ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគ​ទី​៥ ទទួលបន្ទុក​ការងារ​ព្រំដែន បាន​ដឹកនាំ​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជា​មួួយ​គណៈប្រតិភូ​ខេត្ត​ស្រះកែវ ដែល​ដឹកនាំ​ដោយ ឯកឧត្តម កៀ​ត ពិ​ស័ក្ដិ​ចាន់ថ្រា អភិបាលខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពិភាក្សា​ការជំរុញ​ឲ្យមាន​ដំណើ​រ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឡើងវិញ នៅតាម​ច្រកទ្វារព្រំដែន​កម្ពុជា ថៃ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃ ។​

​កិច្ចប្រជុំ​ពិភាក្សា​នេះដែរ​ប្រព្រឹត្តទៅ​នៅ​ចំណុច​ព្រំប្រទល់​លើ​ស្ពាន​ច្រកទ្វារ​ព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ច្រក​អន្តរជាតិ​ខៅ​ឌិន ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃ ។​

​គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះដែរ គឺ​ផ្ដោត​សំខាន់​ទៅលើ​ការបន្ធូរបន្ថយ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ស្ថាន​ការ​ក្នុង​គ្រាអាសន្ន​នៅក្នុង​ប្រទេស​ថៃ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូល​ទៅ​ធ្វើការ និង​ប្រកប​អាជីវកម្ម​វិញ​បាន ក្រោយពេល​ដែល​មាន​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ក្នុង​កំឡុងពេល​នៃ​វិបត្តិកូ​វីដ​-១៩​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ជាពិសេស​ដើម្បី​សម្រួល​ដល់​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​នៃ​ប្រទេស​ទាំង​ពីរ ក្រោយ​ទទួល​រងគ្រោះ​នូវ​វិបត្តិកូ​វីដ​-១៩​នេះ​ឡើង ហើយ​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ចំនួន​០៣ សំខាន់​៖
១-​ឱ្យ​ពលករ​កម្ពុជា​ចូល​មក​ធ្វើ​ការប្រមូល​ផលិតផល​កសិកម្ម នៅ​ប្រទេស​ថៃ​
២-​ឱ្យ​អាជីវករ​កម្ពុជា​ចូលមក​ប្រទេស​ថៃ ដើម្បី​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ផ្សារ​រោង​ក្លឿ (​ខាង​ខេត្ត​បន្ទាយមានជ័យ​)
៣-​បើក​ដំណើរការ​ស្ពាន​មិត្តភាព ណង​អៀន​-​ស្ទឹង​បត់ (​ខាង​ខេត្ត​បន្ទាយមានជ័យ )​។​


​។​
​ក្រោយពី​ធ្វើ​ការពិភាក្សា​រួចមក ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​សម្រេច​លទ្ធផល​ដូចជា :
​ទី​១ ខេត្ត​បាត់ដំបង ស្នើ​ឲ្យ​ភាគី​ខេត្ត​ស្រះកែវ អនុវត្ត​វិធានការ​សុខាភិបាល ចត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​ប្រទេស​ថៃ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​មុន​នឹង​ចូល​ទៅ​ធ្វើការ​ធម្មតា ដែល​ក្នុងនោះ​ភាគី​ខាង​ខេត្ត​ស្រះកែវ បាន​ធ្វើ​ការឯកភាព​គ្នា ហើយ​ថៅកែ​ដែល​យក​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើការ គឺជា​អ្នក​ធានា​សុខភាព និង​រ៉ាប់រង​ថ្លៃ​ចំណាយ​ទាំងអស់​ក្នុង​កំឡុង​ពេល​ធ្វើ​ចត្តា​ឡី​ស័ក ។​
​ទី​២ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការស្នើ​សុំ​ដល់​ភាគី​ខេត្ត​ស្រះកែវ ស្នើ​ឱ្យ​បន្ថែម​ពេលវេលា​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​ពី​ម៉ោង​៦ ព្រឹក​ដល់​ម៉ោង ៦ ល្ងាច ទៅ​ជា​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង​១០​យប់​វិញ ភាគី​ខេត្ត​ស្រះកែវ ទទួល​យក​សំណើរ និង​យក​ទៅ​ពិភាក្សា​បន្ថែម​)
​ទី​៣​គឺ ក្នុងករណី​ពលករ​កម្ពុជា​មាន​ជំងឺ ឬ វិជ្ជ​មានកូ​វីដ​-១៩ ស្នើ​ឲ្យ​ភាគី​ខេត្ត ទទួល​រាប់​រ៉ង​ព្យាបាល (​ដោយ​ភាគី​ខេត្ត​ស្រះកែវ មិន​ទាន់​ឆ្លើយតប និង​យក​ទៅ​ពិភាក្សា​បន្ថែម )

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ ភាគី​ខេត្ត​ស្រះកែវ បាន​រៀបចំ​ព្រាង​កំណត់ហេតុ​រួម​មួយ ដោយ​មាន​ការចុះហត្ថលេខា​បី​ភាគី មាន​ខេត្ត​ស្រះកែវ ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ដោយឡែក​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ស្នើ​សុំ​យក​ពង្រាង​កំណត់ហេតុ​រួម​នេះ មក​ពិនិត្យ​ជាមុនសិន និង​ចំណុច​ដែល​ខេត្ត​មិន​អាច​សម្រេច​បាន​ខេត្ត​នឹង​ស្នើ​សុំ​គោល​កាណ៍​ទៅ​ក្រសួង​មហាផ្ទៃ​ជាមុនសិន ៕

#​រដ្ឋបាល​ខេត្ត​បាត់ដំបង​