មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់មកកាន់វិទ្យុជាតិកម្ពុជាចំការចេកនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤បានអោយដឹងថា ៖ ស្ថានភាពទឹកនៃស្ទឹងសង្កែក្នុងពេលនេះមានសភាពល្អប្រសើរ ងាយស្រួលក្នុងការគ្រប់គ្រង លំហូរ និងល្បឿនទឹកសម្រាប់ការរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកនាពេលខាងមុខ ។
លោក ខៃ សុដា ប្រធានស្តីទីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានលើកឡើងថា ថ្មីៗនេះខេត្តបាត់ដំបង មិនសូវមានភ្លៀង ដែលបង្កអោយជន់លិចនោះទេ ហើយបើធៀបនឹងឆ្នាំមុន ឆ្នាំនេះកម្ពស់ទឹកមានសភាពធម្មតា ។
លោកបន្តថា ដោយមួយរយះនេះខេត្តបាត់ដំបងពុំសូវមានជំនន់ទឹកភ្លៀង និងទឹកស្ទឹងរក្សាកម្ពស់ បានត្រឹម ១០.80 ម៉ែត្រ ទៅ ១៤.១៤ម៉ែត្រ (មើលតាមរង្វាស់ម៉ែត្រនៅមុខសាលាខេត្ត) ដែលនេះជាទិន្នន័យមួយល្អប្រសើរ ។
លោកប្រធានស្តីទីមន្ទីរធនធានទឹក រូបនេះ រំពឹងថា ស្ថានភាពទឹកនឹងអាចរក្សាថេរបែបនេះ ដល់ពាក់កណ្តាលខែតុលា ដែលជាពេលត្រូវប្រារព្ធពិធីបុណ្យអុំទូក ព្រោះបើមានករណីមានភ្លៀងច្រើន កើនជំនន់ទឹក ពេញអាងស្តុកនាៗ នោះមិនអាចស្តុកទុកបានទេ ត្រូវបើកទ្វារទឹកបង្ហូរចូលដងស្ទឹង ដែលនឹងបង្កអោយពិបាកក្នុងការគ្រប់គ្រង ព្រោះទឹកជន់ ឡើងកម្ពស់ខ្ពស់ និងហូរលឿន ។
បើយោងតាមរបាយការណ៍មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ៖ ចំពោះស្ថានភាពទឹកទូទៅទូទាំងខេត្តបាត់ដំបង សម្រាប់ថ្ងៃទី២៦ កញ្ញា ២០២៤ ដូចជា
1-ទំនប់ពហុបំណងបាត់ដំបង(សេកសក) កម្ពស់ទឹក 7,83m
2-សំណង់កង្ហត កម្ពស់ទឹក 10,46m
3-ក្រុងបាត់ដំបង កម្ពស់ទឹក 5,59m
4-សំណង់សាលាតាអន កម្ពស់ទឹក 5,45m
5-បាក់ព្រាមានកម្ពស់ទឹក កម្ពស់ប្រ.9,45m
6-សំណង់តាហែនមាន កម្ពស់ទឹក 5,85m
7-អាងទឹកកំពីងពួយមាន កម្ពស់ទឹក 1,86m
8-អាងទឹកបាសាក់មានកម្ពស់ទឹក=4,50m
9-សំណង់ព្រែកជីកមានកម្ពស់ទឹក=2,40m
10-សំណង់រាមគន់មាន កម្ពស់ទឹក 3,17m
សុំបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតទីប ដែលរៀបចំឡើងរដ្ឋបាលខេត្តបាត់ដំបង នឹងប្រារព្ធនៅថ្ងៃទី ១៦ ១៧ ខែតុលាឆ្នាំ២០២៤ ចំថ្ងៃព្រះសង្ឃចេញខាងមុខនេះ ៕
អត្ថបទ៖ ឈឿន ថៃកឿ