អាជ្ញាធរ​មីន ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​មីន នៅ​អតីត​ស្រុក​សមរភូមិ​ក្តៅ នៅ​ខេត្ត​បាត់ដំបង​

​អាជ្ញាធរ​មីន​កម្ពុជា​បាន​ជម្រុញ​ដល់​អាជ្ញាធរ​ទូទាំង​ខេត្ត​បាត់ដំបង បង្កើត​នូវ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​មីន ជាពិសេស​ស្រុក ឬ​តំបន់​ណា​ដែល​មាន​ចំការ​មីន​នៅ​ឡើយ ត្រូវ​តែង​បង្កើន​ការអប់រំ​ឱ្យបាន​ខ្លាំងខ្លា​បន្ថែមទៀត ។ ជាពិសេស​នៅពេល​មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក​មក​ថ្មី​ត្រូវ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពួក​ឱ្យ​យល់ដឹង​អំពី​បញ្ហា​មីន និង​ពន្យល់​ពួក​ឱ្យបាន​ទាន់ពេលវេលា កុំ​ឱ្យ​ពួក​ចូល​ទៅ​កាន់​តំបន់​ចំការមីន​ខ្លាច​មាន​គ្រោះថ្នាក់​ផង​ដែរ​។​

​នេះ​ជា​ប្រសាសន៍​របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ដែល​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២៤​ខែមិថុនា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​តាម​បណ្តា​សាលារៀន​ត្រូវ​បញ្ឈប់​យក​សំបក​មីន និង​គ្រាប់​មីន​ធំៗ ដើម្បី​យក​ទៅ​ធ្វើ​ជា​ជួង​វ៉ៃ​ក្នុង​សាលា​ផង ជាពិសេស​មាតាបិតា​ត្រូវ​ចូលរួម​អប់រំ​កុមារ​តូចៗ​កុំ​ឱ្យ​លេង​គ្រាប់មីន ដើម្បី​ជៀសផុត​ពី​គ្រោះ​ផ្សេងៗ​ពី​គ្រាប់មីន​ផងដែរ​។​

​នៅក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក សឿ​ម ប៊ុន​រិទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង លោក អភិបាលស្រុក មេឃុំ អង្គភាព​ដោះមីន​នានា​ក្នុង​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ទៀត​៕
​ដោយ​៖ ភី សុខ​