រដ្ឋមន្ត្រី​ក្រសួង​អប់រំ ចុះ​ពិនិត្យ​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡា​ញ និង ពិនិត្យ​អាគារ​សិក្សា​ថ្មី​នៅ​ខេត្ត​បាត់ដំបង​

ឯកឧត្តម​បណ្ឌឹត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា អមដំណើរ​ដោយ​ឯកឧត្តម​ងួន​រតនៈ អភិបាល​នៃ​អគណៈអភិបាល​ខេត្ត​បា​ត់​ដំបង បាន​ចុះ​ពិនិត្យ​ការរៀន និង​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការសិក្សា​ពី​ចម្ងាយ នៅ​វិទ្យាល័​យនេត​យ៉ង់ នា​ព្រឹក​ថ្ងៃទី​០៤​ខែ​មិថុនា​នេះ​។​

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ហង់ ជួន​ណារ៉ុន បានធ្វើការ​ថ្លែង​អរគុណ​ដល់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ ទាំងអស់​ដែល​ខិតខំ​បង្រៀន ទាំង​ការបង្រៀន​ដោយផ្ទាល់ មុន​នឹង​ផ្ទុះ​នូវ​ជម្ងឺ​កូវី​ដ​-១៩ និង​ការសិក្សា​ពី​ចម្ងាយ​ក្ដី ដើម្បី​ចូលរួម​កែខៃ​គុណភាព​អប់រំ​បាន​ល្អ លើស​មួយកម្រិត និង​ជា​ពិសេស​បើ​គ្មាន​ការទំនាក់ទំនង​រវាង​គ្រូ និង​សិស្ស​ទេនោះ ប្រសិទ្ធភាព​នៃ​ការបង្រៀន​ក៏​មិន​មាន​ជា​លក្ខណៈ​ពេញលេញ​នោះដែរ​។​

​ឯកឧត្តម បាន​បន្តទៀតថា នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​ការរៀបចំ អោយ​សិស្ស​មក​សិក្សា​ផ្ទាល់​ធម្មតា​នៅ​តាម​សាលារៀន​វិញ តែ​ត្រូវ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក្នុងការ​ធ្វើ​អនាម័យ និង រក្សា​គំ​ន្លាត​ត្រឹមត្រូវ ជៀសវៀង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ។ ការរៀបចំ​អោយ​សិក្សា​ក្នុង​ថ្នាក់​ធម្មតា​វិញ គឺ​អាច​ចូលរួម​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ​របស់​លោកគ្រូ​អ្នកគ្រូ ក៏​ដូចជា​សិក្សានុសិស្ស ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន និង​ឯកឧត្តម ងួន រតនៈ​បាន​ជូន ពាន​ជ័យលាភី​ជូន​ដល់​លោកគ្រូ អ្នកគ្រូ និង​សាលារៀន ដែល​ជាប់​ចំណាត់ថ្នាក់​ល្អ និង សាលា​គំរូ នៅ​ខេត្ត​បាត់ដំបង និង បាន​បន្ត​ចុះ​ពិនិត្យ ការដ្ឋាន​សាងសង់ កែលំអរ និង​ជួសជុល អាគារ​សាលាបឋមសិក្សា សម្ដេច​ជាស៊ីម និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ថ្មី វិទ្យាស្ថាន​គរុកោសល្យ​ភូមិភាគ​បាត់ដំបង ផងដែរ ៕

​អត្ថបទ ៖ ភី សុខ​
​រូបភាព​រដ្ឋបាលខេត្ត​